35 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទម្លាយ​ពី​ទីតាំង​ជួញដូរ​មនុស្ស​និង​ចាប់​ជំរិត​ឆបោក​តាម​អនឡាញ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រភព​គួរ​ឱ្យ​ទុកចិត្ត​បាន​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាយ​ពី​ទីតាំង​កណ្តាល​ក្រុង​ភ្នំពេញ​ដែល​ស្ថិត​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ថា​កំពុង​តែ​ក្លាយ​ជា​ទីតាំង​ជួញដូរ​មនុស្ស​ខុស​ច្បាប់ ដើម្បី​ប្រព្រឹត្ត​អំពើ​ចាប់​ជំរិត​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា។

មន្ត្រី​ជាន់ខ្ពស់​ខាង​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​៣ កក្កដា នេះ​ថា ទីតាំង​មួយ​កន្លែង​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ស្ថិត​នៅ​ផ្លូវ​៤៩CC ភូមិ​ដំណាក់ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កំពុង​ក្លាយ​ជា​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​ដ៏​ធំ​បំផុត​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ដែល​មាន​ការ​ការពារ​ពី​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​យ៉ាង​តឹងរ៉ឹង​សព្វថ្ងៃ​នេះ។

មន្ត្រី​ខាងលើ​អះអាង​ថា ទីតាំង​ខាងលើ​នេះ​តែង​ជួញដូរ​មនុស្ស​ខុស​ច្បាប់​ជា​ញឹកញាប់ ដូចជា​ជនជាតិ​ខ្មែរ ថៃ វៀតណាម និង​ចិន ក្នុង​នោះ​ជនជាតិ​ចិន​ក្នុង ១​នាក់​តម្លៃ ៥​ពាន់​ដុល្លារ ជនជាតិ​វៀតណាម​ក្នុង ១​នាក់​តម្លៃ ៣​ពាន់​ដុល្លារ ជនជាតិ​ថៃ​ក្នុង ១​នាក់​តម្លៃ ៣​ពាន់​ដុល្លារ និង​ជនជាតិ​ខ្មែរ​ក្នុង ១​នាក់​តម្លៃ​ចន្លោះ ១​ពាន់​ទៅ ២​ពាន់​ដុល្លារ ដែល​មាន​មេខ្យល់​នាំ​យក​មក​លក់​នៅ​ទីតាំង​ខាងលើ​នេះ​ជា​ហូរហែ។

ប្រភព​ដដែល​បញ្ជាក់​ថា ទីតាំង​ខាងលើ​នេះ​ដំណើរការ​ជាង ១​ឆ្នាំ​ហើយ ដែល​មាន​បុគ្គលិក​ធ្វើការ​ប្រហែល​ជា ៦០០​នាក់ ហើយ​បុគ្គលិក​ទាំងនោះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​មក​ខាងក្រៅ​ទេ ប៉ុន្តែ​រាល់​ការ​ចេញ​ចូល​របស់​អ្នក​គ្រប់គ្រង​នៅ​ទីតាំង​នេះ គឺ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាទីបំផុត។ ជាង​នេះ​ទៀត បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ទីនោះ តែង​ទទួល​រង​នូវ​ទារុណកម្ម​ធ្ងន់ធ្ងរ ប្រសិនបើ​ពួកគេ​មិន​អាច​ប្រើ​វិធី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​គ្រប់​តាម​ផែនការ​កំណត់​ទេ​នោះ។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស​ថា កម្ពុជា វៀតណាម តំបន់​ម៉ាកាវ និង​ប្រទេស​ផ្សេង​ទៀត​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​កម្រិត​ពីរ (Tier 2) មក​កម្រិត​បី (Tier 3) ដែល​ជា​ចំណាត់ថ្នាក់​ទាប​បំផុត​មួយ និង​មាន​ន័យ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​កែលំអ​នូវ​ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នេះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង​មួយ​ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​សម្អាត​ប្រាក់​តាម​សហគ្រាស និង​ក្លឹប​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ អំពើ​ជួញដូរ​មនុស្ស​នៅ​តែ​បន្ត​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដដែល។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង បាន​លើកឡើង​ក្នុង​ពិធី​អបអរ​ទិវា​ជាតិ ១២​ធ្នូ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​បាន​បង្កើត​វិធី​ជួញដូរ​មនុស្ស​តាម​របៀប​ថ្មីៗ​ដែល​ប្រឆាំង​នឹង​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ប្រើប្រាស់​អាជីវកម្ម​បន្លំ​ភ្នែក​ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ការ​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ធំៗ ដូចជា​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២ សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បាន​ចេញ​ផ្សាយ​អំពី​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ថា អំពើ​ជួញដូរ​មនុស្ស​ទាំងនោះ​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​ថ្នាក់​ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា ដូចជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង និង​បុគ្គល​មាន​តួនាទី​ខ្ពស់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

ជាង​នេះ​ទៀត សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន ដោយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយ​ប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​នៅ​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កក្កដា នេះ​ថា ដើម្បី​ឱ្យ​កម្ពុជា​ចេញ​ផុត​ពី​បញ្ជី​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស រដ្ឋាភិបាល​ត្រូវតែ​អនុវត្ត​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រកប​ដោយ​តម្លាភាព ចៀសវាង​នូវ​ការ​អនុវត្ត​តែ​ទៅ​លើ​ឈ្មួញ​តូចតាច​ដែល​ជា​ជនរងគ្រោះ ខណៈ​ឧក្រិដ្ឋជន​ដែល​ជា​ម្ចាស់​នៃ​បទល្មើស​នេះ​នៅតែ​រួច​ផុត​ពី​ទោសទណ្ឌ ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សេរី​ក្រៅ​ច្បាប់​ដដែល។

លោក សេក សុជាតិ លើកឡើង​ថា ការ​សង្ស័យ​អំពី​ការ​ឃុបឃិត​រវាង​ឈ្មួញ​ធំៗ​ដែល​គ្រប់គ្រង​លើ​បណ្ដាញ​នៃ​ការ​ជួញដូរ​មនុស្ស​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​នៅឡើយ​ទេ ខណៈ​ជនល្មើស​ទាំងនោះ​បាន​ប្រើ​មន្ត្រី​ដែល​ឃុបឃិត​ជាមួយ​ខ្លួន​ធ្វើ​ជា​ខ្នង​បង្អែក​សម្រាប់​ការពារ​ខ្លួន​ពួកគេ​ពី​ផ្លូវ​ច្បាប់​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស