រដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ របស់អ្នកស្រី គីម ហ៊ាង ភរិយារបស់អ្នកឧកញ៉ា លី យ៉ុងផាត់ បង្កើតរោងចក្រផលិតស្ករស ជីអេតាណុល និងអាកុល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនមិនទាន់ដោះស្រាយចប់នៅឡើយ។
លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាចផង ជាប្រធានក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា និងជាប្រធានក្រុមហ៊ុនជាច្រើនទៀតដែលជាប់ពាក់ព័ន្ធនឹងការបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំនៅខេត្តកោះកុង និងខេត្តកំពង់ស្ពឺ។
ក្នុងសេចក្ដីប្រកាសមួយដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ លោក មាន សុភា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ (Kampong Speu Sugar) របស់អ្នកស្រី គីម ហ៊ាង បង្កើតរោងចក្រផលិតស្ករស ជីអេតាណុល និងអាកុល ដែលមានទីតាំងស្ថិតភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
បើតាមឯកសាររបស់ក្រសួងពាណិជ្ជកម្ម អ្នកស្រី គីម ហ៊ាង ជាអ្នកដឹកនាំក្រុមហ៊ុនស្ករសកំពង់ស្ពឺជាមួយលោក សេង ណាក់ ដែលរៀបការជាមួយកូនស្រីរបស់លោក លី យ៉ុងផាត់ និងអ្នកស្រី គីម ហ៊ាង ឈ្មោះ លី អាផន។
ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) និងក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ (Kampong Speu Sugar) ជារបស់ឧកញ៉ា លី យ៉ុងផាត់ បានបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំបន្ទាប់ពីរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុននេះក្រោមគម្រោងអភិវឌ្ឍន៍។
បើតាមប្រជាពលរដ្ឋតវ៉ាធ្លាប់អះអាងថា ពួកគេមិនទាន់ទទួលបានសំណងពីការបណ្តេញចេញដោយបង្ខំនៅឡើយទេ។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ ANZ អូស្ត្រាលីបានយល់ព្រមផ្តល់កញ្ចប់ហិរញ្ញវត្ថុដល់គ្រួសារនៅខេត្តកំពង់ស្ពឺ ដែលត្រូវគេបណ្តេញចេញពីលំនៅឋានទាំងបង្ខំដោយក្រុមហ៊ុនស្ករស (Phnom Penh Sugar) របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ ក្រុមហ៊ុននេះត្រូវបានផ្ដល់ប្រាក់កម្ចី ៤០លានដុល្លារពីធនាគារកាលពីឆ្នាំ២០១១។
កិច្ចព្រមព្រៀងនេះកើតឡើងរយៈពេល ៥ឆ្នាំ ក្រោយពីអង្គការសមធម៌កម្ពុជា (EC) និងអង្គការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្នអន្តរជាតិ (Inclusive Development International) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានដាក់បណ្តឹងមួយក្នុងនាមជាតំណាងរបស់គ្រួសារដែលទទួលរងផលប៉ះពាល់ចំនួនយ៉ាងតិច ១២០០គ្រួសារ ទៅកាន់ស្ថាប័នទំនាក់ទំនងជាតិប្រទេសអូស្ត្រាលី សម្រាប់គោលការណ៍ណែនាំសម្រាប់សហគ្រាសពហុជាតិនៃអង្គការ អូអ៊ីស៊ីឌី (OECD)។
ធនាគារ ANZ ក៏ព្រមព្រៀងក្នុងការត្រួតពិនិត្យឡើងវិញ និងពង្រឹងគោលនយោបាយសិទ្ធិមនុស្សរបស់ខ្លួន រួមទាំងដំណើរការពិនិត្យផ្នែកសង្គម និងបរិស្ថានរបស់អតិថិជនខ្លួន និងយន្តការដោះស្រាយបណ្តឹងផងដែរ។
ភរិយាឧកញ៉ា លី យ៉ុងផាត់ គឺអ្នកស្រី គីម ហ៊ាង ក៏ទទួលបានដីបឹងតាមោកចំនួន ៣០ហិកតារក្នុងចំណោមភរិយា និងឧកញ៉ាផ្សេងៗទៀតដែលបានដីបឹងធម្មជាតិចុងក្រោយនៅជាយរាជធានីភ្នំពេញនេះផងដែរ៕