ខ្មែរចេះរួបរួម ចេះសាមគ្គីក្នុងគ្រាមួយដែលប្រទេសជាតិមាតុភូមិមានទុក្ខភ័យដោយសត្រូវបរទេសឈ្លានពានកាន់កាប់។ បណ្ឌិត ហ្គាហ្វា ពាងម៉េត កាលលោកនៅមានជីវិត លោកបានសរសេរអត្ថបទរំឭកអំពីគំនិតដែលលោកនិងសហការីផ្គុំគ្នាគិតរកដំណោះស្រាយតាមទ្រឹស្ដីព្រះពុទ្ធក្នុងកាលៈទេសៈលំបាក។
យោងលើក្របខ័ណ្ឌ “ពណ៌នា-វិភាគ-ព្យាករណ៍” ខ្ញុំបានអនុវត្តរូបមន្តដែលព្រះពុទ្ធបានប្រៀនប្រដៅមនុស្សជាតិរាប់ពាន់ឆ្នាំមកហើយថា “គិត + កម្ម = ផល” នាឆ្នាំ១៩៨១-១៩៨២ នៅក្នុងការស្វែងរកដំណោះស្រាយដ៏សែនលំបាកមួយដែលប្រឈមនឹងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រជរបខ)។
នៅខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពវៀតណាមកុម្មុយនីស្តបានឈ្លានពានប្រទេសកម្ពុជា និងវាយប្រហារទៅលើកងទ័ពខ្មែរក្រហម ប៉ុល ពត។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមឈ្លានពានបានចូលកាន់កាប់រដ្ឋធានីភ្នំពេញទាំងស្រុង។ នៅឯជាយដែនខ្មែរ-ថៃ លោកឧត្តមសេនីយ៍ ដៀន ដែល អតីតមេបញ្ជាការកងទ័ពថ្មើរជើងនៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ បានប្រមូលផ្ដុំកងកម្លាំងតស៊ូខ្មែរមិនមែនកុម្មុយនីស្តចំនួន ១៣ក្រុមដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំងនឹងវៀតណាមកុម្មុយនីស្តកាន់កាប់ទឹកដីខ្មែរ។
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧៩ “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ឬ កជរបខ ត្រូវបានប្រកាសឡើង។ កងកម្លាំងអ្នកតស៊ូខ្មែរបានជ្រើសរើសលោក ដៀន ដែល ជានាយសេនាធិការ កជរបខ។ ខ្ញុំបានចេញពីសហរដ្ឋអាមេរិកតាមរយៈទីក្រុងប៉ារីស ទៅដល់ទីក្រុងបាងកក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៨០។ ប៉ុន្មានថ្ងៃក្រោយមកទៀត លោកនាយសេនាធិការ ដៀន ដែល និងលោក ហ៊ីង គុនថុន សមាជិកគណៈកម្មការប្រតិបត្តិដែលមានភារកិច្ចដឹកនាំចលនាតស៊ូ បាននាំខ្ញុំទៅកាន់សេនាធិការដ្ឋាន កជរបខ នៅបន្ទាយអំពិលស្ថិតក្នុងទឹកដីខ្មែរ។
គោលបំណងធំៗ ៣ របស់ កជរបខ មាន៖
- ទី១ ប្រឆាំងនឹងការកាន់កាប់ប្រទេសកម្ពុជាដោយកងទ័ពវៀតណាមកុម្មុយនីស្ត។
- ទី២ ប្រឆាំងនឹងការវិលត្រឡប់មកកាន់អំណាចវិញនៃក្រុមខ្មែរក្រហម ប៉ុល ពត។
- ទី៣ កសាងប្រទេសកម្ពុជាឡើងវិញ។
បញ្ហាធំបំផុតក្នុង “រណសិរ្សជាតិរដោះប្រជាពលរដ្ឋខ្មែរ” រជរបខ ដែលបានប្រកាសនៅក្រោយកំណើត កជរបខ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៩ ដោយមានលោក សឺន សាន ជាប្រធាន គឺការខ្វះអាវុធ និងសម្ភារៈសឹកដើម្បីធ្វើសកម្មភាពតស៊ូ។
នៅខែមីនា ឆ្នាំ១៩៨១ រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិការ ឬហ៊្វុនស៊ិនប៉ិច បង្កើតឡើងដោយសម្តេច នរោត្តម សីហនុ ក៏មានបញ្ហាធំខ្វះអាវុធ និងសម្ភារៈដូច រជរបខ/កជរបខ ដែរ។
ខណៈប្រទេសលោកសេរីនានាមានការអល់អែកក្នុងការផ្តល់អាវុធ និងសម្ភារៈសឹកដល់ចលនាតស៊ូមិនមែនកុម្មុយនីស្តទាំងពីរនោះ (ពោលគឺ រជរបខ និង ហ៊្វុនស៊ិនប៉ិច) ប្រទេសចិនកុម្មុយនីស្តដែលធ្លាប់ជាបង្អែករបស់ពួកខ្មែរក្រហម ប៉ុល ពត បានប្រកាសថាចិនត្រៀមខ្លួនផ្តល់យុទ្ធោបករណ៍ដល់ចលនាតស៊ូខ្មែរទាំងបី ប្រសិនបើចលនាតស៊ូមិនមែនកុម្មុយនីស្ត រជរបខ និង ហ៊្វុនស៊ិនប៉ិច ហើយនិងភាគីកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម រួបរួមគ្នាជាធ្លុងមួយនៅក្នុងការតស៊ូប្រឆាំងនឹងកងទ័ពវៀតណាម ដែលកំពុងត្រួតត្រាប្រទេសកម្ពុជា។
ជំហររបស់ចិនបង្កើតជាបញ្ហាដ៏ធំមួយ ដោយហេតុថា វាផ្ទុយនឹងគោលការណ៍របស់ រជរបខ/កជរបខ ដែលប្រឆាំងនឹងការវិលត្រឡប់របស់ពួកខ្មែរក្រហមមកកាន់អំណាចនៅក្នុងប្រទេសកម្ពុជាវិញ។ តែបើគ្មានជំនួយអាវុធ និងសម្ភារៈសឹក រជរបខ/កជរបខ ក៏ដូចជា ហ៊្វុនស៊ិនប៉ិច ដែរ គឺមិនអាចធ្វើសកម្មភាពតស៊ូនៅលើសមរភូមិជាដុំកំភួនបានឡើយ។
មានរដ្ឋាភិបាលមិនមែនកុម្មុយនីស្តខ្លះបានឲ្យដឹងថា ទោះបីនយោបាយពួកគេមិនអនុញ្ញាតឲ្យផ្តល់ជំនួយដោយផ្ទាល់ដល់ចលនាតស៊ូក្តី ពួកគេអាចផ្តល់ជំនួយដល់រដ្ឋាភិបាល។ ដូច្នេះ ដើម្បីឲ្យពួកគេអាចជួយចលនាខ្មែរតស៊ូមិនមែនកុម្មុយនីស្តបាន ចលនាខ្មែរមិនមែនកុម្មុយនីស្តត្រូវមានលទ្ធភាពបន្តកាន់កាប់កៅអីរបស់ “កម្ពុជាប្រជាធិបតេយ្យ” ដែលអង្គការសហប្រជាជាតិទទួលស្គាល់។ ស្របនឹងពេលនោះដែរ ព្យុះនយោបាយប្លែកៗបានបក់បោកតាមរយៈសកម្មភាពបិទបើកព្រំប្រទល់ខ្មែរ-ថៃ។ វាហាក់ដូចជាសម្ពាធអាថ៌កំបាំងមួយគ្របសង្កត់ទៅលើ រជរបខ/កជរបខ ឲ្យសម្របសម្រួលជាមួយគោលជំហររបស់ប្រទេសចិន។ ដូច្នេះ របាំ “រាំវង់នយោបាយ” មួយបានបើកវង់រាំដោយមានអ្នករាំគៀងគ្នាវិលវល់ចុះឡើងនៅជុំវិញវេទិកា ឬទីធ្លារាំ។
នៅឆ្នាំ១៩៨១ លោក សឺន សាន ប្រធាន រជរបខ បានថ្លែងប្រាប់ប្រជាពលរដ្ឋថា រណសិរ្សជាតិ បានធ្វើដំណើរមកដល់ “ផ្លូវបំបែក” មួយ ហើយត្រូវជ្រើសរើសយកផ្លូវមួយដើម្បីបន្តដំណើរ។ លោកសុំឲ្យពលរដ្ឋផ្តល់ទំនុកចិត្តដល់លោក ឲ្យទុកចិត្តលោកដើម្បីសម្រេចចិត្តថា តើត្រូវជ្រើសរើសផ្លូវមួយណា។ ខណៈពលរដ្ឋយល់ព្រមផ្តល់អំណាចជូនលោកក្នុងការសម្រេចចិត្តនានា សមាជិកសំខាន់ៗនៃគណៈកម្មការប្រតិបត្តិដែលជាអង្គភាពមានសមត្ថកិច្ចដឹកនាំរណសិរ្សជាតិ និងមេបញ្ជាការយោធាតូចធំមួយចំនួន បានបង្ហាញនូវការព្រួយបារម្ភមួយចំនួន។ ពួកគេខ្លាចខ្មែរក្រហមវិលមកកាន់អំណាចវិញតាមរយៈជំនួយប្រទេសចិនដល់ចលនាតស៊ូត្រីភាគី។
នៅក្នុងគ្រានោះ ខ្ញុំបានសង្កេតឃើញថា នាវាបានចេញពីកំពង់ផែទៅហើយ។ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៨១ នៅប្រទេសសិង្ហបុរី សម្តេច នរោត្តម សីហនុ ខាងហ៊្វុនស៊ិនប៉ិច លោក សឺន សាន ខាង រជរបខ លោក ខៀវ សំផន តំណាងកម្ពុជាប្រជាធិបតេយ្យ បានចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួម” មួយសម្ដែង “បំណងប្រាថ្នា” desire បង្កើត “រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ” និងរៀបចំគណៈកម្មការចំពោះកិច្ចមួយដើម្បីសិក្សាគោលការណ៍ និងទម្រង់ទ្រង់ទ្រាយនៃរដ្ឋាភិបាលចម្រុះនោះ។
លោក សឺន សាន បានប្រកាសនៅក្នុងសន្និសីទកាសែតថា លោកបានជ្រើសរើសលោក នាង ជិន ហន អគ្គលេខាធិការ រជរបខ លោក ហ៊ីង គុនថុន សមាជិកស្ថាបនិកនៃគណៈកម្មការប្រតិបត្តិ និងរូបខ្ញុំសមាជិកថ្មីនៃគណៈកម្មការប្រតិបត្តិ ជាតំណាងរណសិរ្សជាតិនៅក្នុងគណៈកម្មការចំពោះកិច្ច។
កិច្ចការពួកយើងនៅក្នុងគណៈកម្មការចំពោះកិច្ច ជាកិច្ចការមានដំណើរយឺត និងប្រកបទៅដោយភាពលំបាកនៅក្នុងមនសិការរបស់យើងម្នាក់ៗដែលមិនមែនជាជនកុម្មុយនីស្ត។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៨២ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មេដឹកនាំទាំង ៣រូបបានចុះហត្ថលេខាលើ “ឯកសារប្រកាសបង្កើតរដ្ឋាភិបាលចម្រុះ” ដែលមានសម្តេច នរោត្តម សីហនុ ជាប្រធានកម្ពុជាប្រជាធិបតេយ្យ លោក សឺន សាន ជានាយករដ្ឋមន្ត្រី និងលោក ខៀវ សំផន ជាអនុប្រធានកម្ពុជាប្រជាធិបតេយ្យ និងជារដ្ឋមន្ត្រីការបរទេស។
ខ្ញុំសូមបើកវង់ក្រចកជម្រាបថា នៅសណ្ឋាគារ ហ៊ីលតុន មានព្រឹត្តិការណ៍សំខាន់មួយកើតឡើងដែលអាចកំណត់ជោគវាសនានៃចលនាតស៊ូខ្មែរមិនមែនកុម្មុយនីស្ត៖ នៅក្នុងកិច្ចសន្ទនាមួយរវាងលោក សឺន សាន និងសម្តេច នរោត្តម សីហនុ នៅឈុតសណ្ឋាគាររបស់សម្តេច សម្តេចមានបន្ទូលប្រាប់លោក សឺន សាន ថា ព្រះអង្គសព្វព្រះទ័យជាអនេកនឹងក្រដាសសម្ភារៈការិយាល័យ រជរបខ (stationery paper) ព្រមទាំងអក្សរដាក់ឈ្មោះទាំងភាសាខ្មែរ និងបរទេសថា “រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ” និង “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ហើយនិងទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គមានបន្ទូលថា ព្រះអង្គឥតទតឃើញមានបញ្ហាអ្វីទេ ប្រសិនបើកងទ័ពខ្មែរមិនមែនកុម្មុយនីស្តទាំងពីរចូលគ្នាជាកងទ័ពតែមួយ។
សម្តេចលោកមានបន្ទូលថា កងទ័ពរួមនេះអាចដាក់នៅក្រោមឈ្មោះ “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ”។ លោកបានលើកទឹកចិត្តលោក សឺន សាន ឲ្យគ្រប់គ្រងដឹកនាំរណសិរ្ស និងកងទ័ពទាំងពីរទៅ។
ទាំងអស់នេះ គឺខ្ញុំបានឮផ្ទាល់ត្រចៀក ព្រោះខ្ញុំក៏មានវត្តមាននៅជាមួយជំនួយការ ៣នាក់របស់សម្តេចដែលកំពុងឈរស្តាប់កិច្ចសន្ទនានោះ។ គេបានសម្រួលឲ្យខ្ញុំបានស្តាប់ឮជាមួយគេ។ ក្នុងកិច្ចសន្ទនានោះ លោក សឺន សាន មិនបានឆ្លើយតបអ្វីឡើយ។
ខណៈឥស្សរជនសំខាន់ៗនៅក្នុងជួរ រជរបខ/កជរបខ មើលឃើញថា រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ មិនអាចគេចផុតពីការចូលរួមក្នុងរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យជាមួយខ្មែរក្រហមបានឡើយនោះ ហើយទោះបីមានព្យុះនយោបាយបក់បោកគំរាមកំហែងដល់វត្តមានរណសិរ្សជាតិ ខ្ញុំនិងឥស្សរជន កជរបខ និងក្របខ័ណ្ឌផ្នែកស៊ីវិល និងយោធាមួយចំនួនបានផ្គុំគំនិតគ្នាបង្កើតជាយុទ្ធសាស្ត្រមួយដែលមានទិសដៅពីរ៖
- ទិសដៅទីមួយ គឺគាំទ្ររណសិរ្សឲ្យនៅក្នុងរដ្ឋាភិបាលចម្រុះ ទុក រជរបខ/កជរបខ ជាដៃគូជាមួយរដ្ឋាភិបាលចម្រុះ។
- ទិសដៅទីពីរ គឺជាជាងដាក់ខ្លួនទាំងស្រុងទៅក្នុងកន្ត្រកចិនកុម្មុយនីស្ត យើងធ្វើសកម្មភាពទាក់ទងរដ្ឋាភិបាលប្រទេសអាស៊ានដែលមានមនោសញ្ចេតនាមកលើអ្នកតស៊ូមិនមែនកុម្មុយនីស្ត ដើម្បីស្វែងរកជំនួយនានា។
យើងបានតម្រង់ កជរបខ ឲ្យពង្រឹងការសម្របសម្រួល និងសហប្រតិបត្តិការជាមួយកងទ័ពជាតិនិយម សីហនុ កទជនស ANS (Armée Nationale Sihanoukienne) ដែលជាកម្លាំងយោធារបស់ហ៊្វុនស៊ិនប៉ិច ហើយនិងជំរុញគំនិតមួយហៅថា ចលនាតស៊ូខ្មែរមិនមែនកុម្មុយនីស្ត (Non-Communist Resistance (NCR))។ នៅក្នុងគំនិតនេះ ចលនាអ្នកតស៊ូទាំងពីរសម្របសម្រួល និងសហការទាំងនៅលើឆាកនយោបាយ និងទាំងនៅលើសមរភូមិ។
គំនិតនេះទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាលជាមិត្តជាច្រើន។ គួរកត់សំគាល់ដែរថា មានឥស្សរជនជាន់ខ្ពស់អាស៊ាន បានមកធ្វើទស្សនកិច្ចនៅលើទឹកដីរំដោះ រជរបខ/កជរបខ។ ចលនាទាំងពីរក៏បានទទួលគ្រឿងអាវុធ និងសម្ភារៈសឹកមួយចំនួនពីរដ្ឋាភិបាលជាមិត្តដែរ។
នៅក្នុងអង្គប្រជុំគណៈកម្មការប្រតិបត្តិនៅបន្ទាយអំពិលនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៣ នៅពេលលោកប្រធាន សឺន សាន ជាប់ភារកិច្ចនៅឯអង្គការសហប្រជាជាតិ សមាជិកនៃគណៈកម្មការបានធ្វើកិច្ចពិភាក្សាមួយ ហើយយល់ឃើញថា សកម្មភាពបិទបើកព្រំប្រទល់ចេញចូលអំពិល ណងចាន់ ឫទ្ធីសែន គឺជាសម្ពាធមួយពីសំណាក់ប្រទេសពាក់ព័ន្ធ ដើម្បីជំរុញ រជរបខ/កជរបខ និងហ៊្វុនស៊ិនប៉ិច/ កទជនស សហការគ្នាឲ្យបានឆាប់រហ័ស។ គណៈកម្មការបានសម្រេចចិត្តថា កជរបខ ផ្ដួចផ្ដើមសកម្មភាពសម្របសម្រួល និងធ្វើសហប្រតិបត្តិការជាមួយ កទជនស។
នៅឆ្នាំ១៩៨៤ កជរបខ និង កទជនស បង្កើតគណៈកម្មការយោធាអចិន្ត្រៃយ៍មួយដើម្បីសម្របសម្រួលកិច្ចការ និងសកម្មភាពយោធារវាងកងកម្លាំងតស៊ូដែលមិនមែនកុម្មុយនីស្តទាំងពីរ។ នៅឆ្នាំ១៩៨៥ លោកឧត្តមសេនីយ៍ ទាប បែន នៃ កទជនស បានធ្វើដំណើរតាមយន្តហោះទៅទីក្រុងប៉េកាំង នាំយកឯកសារស្តីអំពីការបង្កើតបញ្ជាការរួម កជរ បខ-កទជនស ទៅថ្វាយសម្តេច សីហនុ ដើម្បីសុំការយល់ព្រមពីព្រះអង្គ។ សម្តេចលោកសព្វព្រះទ័យឡាយព្រះហស្តលេខាយល់ព្រម។
នៅឆ្នាំ១៩៨៦ បញ្ជាការយោធារួមក៏ចាប់កំណើតឡើង ដោយមានលោកឧត្តមសេនីយ៍ សក់ ស៊ុតសាខន នៃ កជរបខ ជាអគ្គមេបញ្ជាការ លោកឧត្តមសេនីយ៍ ទាប បែន នៃ កទជនស ជាអគ្គមេបញ្ជាការរង លោកវរសេនីយ៍ឯក ទន់ ចាយ នៃ កទជនស ជានាយសេនាធិការ និងរូបខ្ញុំខាង កជរបខ ជានាយសេនាធិការរង។
បញ្ជាការយោធារួម កជរបខ-កទជនស បានទទួលការគាំទ្រពីរដ្ឋាភិបាលជាមិត្តនៅក្នុងសមាគមអាស៊ាន ក៏ដូចជាប្រទេសលោកសេរីដទៃទៀតដែរ។ ពួកគេបានធ្វើសហការយ៉ាងជិតស្និទ្ធជាមួយយើង។
ការរួមសាមគ្គីភាពនេះ បានក្លាយទៅជាកម្លាំងមិនអាចបំបែកបាន ជាសម្ពាធដ៏ធំមួយដែលជំរុញឲ្យកងទ័ពវៀតណាម ដកចេញពីប្រទេសកម្ពុជា។ ដំណោះស្រាយការទូតដើម្បីបញ្ចប់ជម្លោះ និងស្វែងរកសន្តិភាពឲ្យប្រទេសកម្ពុជាក៏ចាប់ផ្តើមឡើង។ នៅខែតុលា ឆ្នាំ១៩៩១ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក៏ត្រូវបានចុះហត្ថលេខាដោយភាគីពាក់ព័ន្ធដែលមានប្រទេសចំនួន ១៩ ជាសាក្សី៕
អំពីអ្នកនិពន្ធ៖
បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតយុទ្ធជន “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ឆ្នាំនៅសាកលវិទ្យាល័យអាមេរិកាំង នៅកោះ Guam ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៤ ដែលជាឆ្នាំលោកបានចូលនិវត្តន៍។
លោកនិងគ្រួសាររស់នៅក្នុងសហរដ្ឋអាមេរិក ហើយលោកបានទទួលមរណភាពនាចុងឆ្នាំ២០២២។ លោកអ្នកអាន និងស្តាប់អាចចូលមើលគេហទំព័រ “គំនិតខ្មែរ” របស់លោកតាមអាសយដ្ឋាន www.kumnitkhmer.com ។