32 C
Phnom Penh

សមត្ថកិច្ច​ឱ្យ​ពលរដ្ឋ​ប្រយ័ត្ន​ពី​ការ​ចាប់​ជំរិត បន្ទាប់ពី​ក្រុម​ឧក្រិដ្ឋជន​បញ្ឆោត​ក្មេងស្រី​ចិន​ម្នាក់​មក​កម្ពុជា​ដើម្បី​ជំរិត​ទារ​ប្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រុងប្រយ័ត្ន​ពី​សកម្មភាព​ឆបោក និង​ចាប់​ជំរិត បន្ទាប់ពី​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​និស្សិត​ស្រី​ជនជាតិ​ចិន អាយុ ១៩​ឆ្នាំ​ម្នាក់​រៀន​នៅ​ប្រទេស​ជប៉ុន ដែល​ត្រូវ​ក្រុម​ឧក្រិដ្ឋជន​បោក​បញ្ឆោត​ឱ្យ​មក​ប្រទេស​កម្ពុជា ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​ជាង ១​លាន​ដុល្លារ​អាមេរិក​កាលពី​ពាក់កណ្តាល​ខែ​កក្កដា ឆ្នាំ​២០២៣។

លោក គី វណ្ណារ៉ា អនុប្រធាន​នាយកដ្ឋាន និង​ជា​ក្រុម​ការងារ Hot Line របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ ថា មាន​ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់​រស់នៅ​ប្រទេស​ជប៉ុន បាន​ចាញ់បោក​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដោយ​ពួកគេ​បោក​បញ្ឆោត​ឲ្យ​នាង​មក​ប្រទេស​កម្ពុជា​ក្នុង​បំណង​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ​ចំនួន ២០០​លាន​យ៉េន ដែល​ស្មើ​នឹង​ប្រមាណ​ជា ១,៤​លាន​ដុល្លារ​អាមេរិក។

លោក​លើកឡើង​ថា កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២៣ ក្រុម​ឧក្រិដ្ឋជន​បាន​បន្លំ​ជា​សមត្ថកិច្ច​នគរបាល​របស់​ប្រទេស​ចិន ដោយ​បោកប្រាស់​ក្មេងស្រី​ជនជាតិ​ចិន​រូប​នេះ​ថា នាង​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ប្រាក់ ក្នុង​នោះ​ពួកគេ​តម្រូវ​ឱ្យ​នាង​ផ្ទេរ​ប្រាក់​ពី​គណនី​របស់​នាង​ឱ្យ​ពួកគេ​ចំនួន ៣​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​ត្រឹមត្រូវ និង​បញ្ចប់​បញ្ហា។

មន្ត្រី​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ដោយសារ​មិន​អាច​រក​ប្រាក់​តាម​កំណត់​បាន ជនល្មើស​បាន​ណែនាំ​ឲ្យ​នាង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ដោយ​រក​កន្លែង​ស្នាក់នៅ និង​ទិញ​ថ្នាំ​លាប​ក្រចក​ពណ៌​ក្រហម កន្ត្រៃ ស្គុត​រុំ ដោយ​បង្កើត​ជា​ស្លាកស្នាម​រង​របួស​ក្លែងក្លាយ និង​ថត​វីដេអូ​ដោយ​ខ្លួនឯង​សម្ដែង​ជា​សកម្មភាព​រង​ការ​បង្ខាំង​ចាប់​ជំរិត។

វីដេអូ​នេះ​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ជនល្មើស​តាម​ការ​គំរាម​របស់​ពួកគេ ហើយ​ជនល្មើស​បាន​យក​វីដេអូ​នោះ​ទៅ​គំរាម​ទារ​ប្រាក់​ពី​ក្រុម​គ្រួសារ​របស់​នាង​តែម្តង។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​ក្លាយ​ជា​ឋានសួគ៌​របស់​ក្រុម​ឧក្រិដ្ឋជន​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២២ សារព័ត៌មាន Taipei Times បាន​ចុះផ្សាយ​ថា នគរបាល​ក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២២ បាន​សន្និដ្ឋាន​ថា មាន​ជនជាតិ​ចិន​តៃវ៉ាន់​ចន្លោះ​ពី ២​ពាន់​នាក់​ទៅ ៥​ពាន់​នាក់ ត្រូវ​បាន​រងគ្រោះ​ដោយសារ​អំពើ​ជួញដូរ និង​ចាប់​ជំរិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ជនជាតិ​ចិន​តៃវ៉ាន់​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឃុំឃាំង​នៅ​កម្ពុជា បាន​អះអាង​ថា ពួកគេ​បាន​រង​ការ​វាយ​ធ្វើ​បាប​តាម​មធ្យោបាយ​ផ្សេងៗ​ដោយ​ក្រុម​ឧក្រិដ្ឋជន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២២ កន្លងទៅ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​សម្ដែង​ការ​សោកស្តាយ​ក្រោយ​រក​ឃើញ​ថា​មាន​អំពើ​ចាប់​ជំរិត និង​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដែល​មាន​ពលរដ្ឋ​បរទេស​មួយ​ចំនួន​ធំ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន និង​បក្សពួក​នៅ​កម្ពុជា​ប្រើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ធ្វើការ​ឆបោក​ឱ្យ​ឆ្លងដែន​ដោយ​ខុស​ច្បាប់​ចូល​ទៅ​កម្ពុជា​នា​ពេល​កន្លងមក។

ទាក់ទិន​នឹង​អំពើ​ចាប់​ជំរិត និង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បាន​ចេញ​ផ្សាយ​កាលពី​ចុង​ឆ្នាំ​២០២២ ដោយ​រៀបរាប់​យ៉ាង​ច្រើន​ពី​ការ​ស៊ើបអង្កេត​នៃ​អំពើ​ឆបោក ចាប់​ជំរិត អំពើ​ជួញដូរ​មនុស្ស និង​ការ​ធ្វើ​ទាសភាព​ថា ការ​បោកប្រាស់​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា គឺ​មាន​បណ្ដាញ​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ជា​ប្រព័ន្ធ។

សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) អះអាង​ថា ក្នុង​អំពើ​ទាំងនោះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​អ្នកជំនួញ​ជនជាតិ​ចិន ដែល​បាន​ភ្ជាប់​ខ្លួន​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា ដូចជា​លោក ហ៊ុន សែន ឧបនាយករដ្ឋមន្ត្រី​កម្ពុជា អ្នកស្រី ម៉ែន សំអន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង និង​បុគ្គល​មាន​តួនាទី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ សារព័ត៌មាន The Australian បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ចាប់​ជំរិត ឆបោក និង​ជួញដូរ​មនុស្ស​យ៉ាង​ធំ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដោយ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ក្មួយប្រុស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស