ក្រុមប៉ូលិសសិង្ហបុរី ចាប់ខ្លួនជនជាតិចិនសញ្ជាតិខ្មែរ ៣នាក់ និងមនុស្ស ៧នាក់ទៀតពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ជាង ៧០០លានដុល្លារ ខណៈសកម្មជនសង្គមស្នើរដ្ឋាភិបាលពិនិត្យមើលឲ្យបានច្បាស់ មុនផ្ដល់សញ្ជាតិខ្មែរទៅជនបរទេសដើម្បីកុំឲ្យខ្មែររងគ្រោះ។
បើតាមការចុះផ្សាយ Singapore police Force ឲ្យដឹងកាលពីថ្ងៃទី១៦ ខែសីហា ថា ជនជាតិចិនសញ្ជាតិខ្មែរទាំង ៣នាក់ក្នុងនោះឈ្មោះ Su Baolin ឈ្មោះ Chen Qingyuan និងឈ្មោះ Su Wenqiang ដែលត្រូវបានប៉ូលិសសិង្ហបុរី ចាប់ខ្លួននៅក្នុងខុនដូពួកគេក្នុងប្រទេសសិង្ហបុរី។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា ក្រៅពីចាប់ខ្លួនហើយ ប៉ូលិសសិង្ហបុរីបានដកយកលិខិតឆ្លងដែនបរទេសផ្សេងៗ រឹបអូសលុយសុទ្ធបានយ៉ាងតិចជាង ២លានដុល្លារសិង្ហបុរី ព្រមទាំងឧបករណ៍អេឡិចត្រូនិក កាបូបនាឡិកាទំនើប គ្រឿងអលង្ការជាច្រើន។
លើសពីនោះ នគរបាលសិង្ហបុរី ក៏បានសម្រេចចេញលិខិតបង្កកទ្រព្យសម្បត្តិបុរសទាំង ៣នាក់នេះដែលមានតម្លៃជាង ៨៩លានដុល្លារសិង្ហបុរី ព្រមទាំងបានបង្កកគណនីធនាគារដែលមានសមតុល្យទឹកប្រាក់ជាង ១២លានដុល្លារសិង្ហបុរី។
ចំណែកមនុស្ស ៧នាក់ទៀតនោះ ប៉ូលិសសិង្ហបុរី បានចេញសេចក្ដីសម្រេចមួយដោយបង្កកទ្រព្យសម្បត្តិដែលមានតម្លៃជាង ៨១៥លានដុល្លារសិង្ហបុរី ហើយរឹបអូសគណនីធនាគារចំនួន ៣៥គណនី ដែលមានទឹកប្រាក់ជាង ១១០លានដុល្លារសិង្ហបុរី និងរឹបអូសលុយសុទ្ធបានជាង ២៣លានដុល្លារសិង្ហបុរី រួមទាំងកាបូប និងនាឡិកាទំនើប ហើយគ្រឿងអលង្ការជាមាសសុទ្ធ និងគ្រឿងឧបករណ៍អេឡិចត្រូនិក ជាដើម។
សារព័ត៌មាន ស្ត្រេតថែមស៍ (Straitstimes) ចុះផ្សាយនៅថ្ងៃទី១៧ ខែសីហា ឲ្យដឹងថា ប៉ូលិសសិង្ហបុរី ប្រមាណជាង ៤០០នាក់បានព័ទ្ធស្ទាក់នៅតំបន់មួយចំនួនដើម្បីចូលវាយឆ្មក់ចាប់ឃាត់ខ្លួនជនសង្ស័យទាំង ១០នាក់នោះ ដែលមានអាយុចន្លោះពី ៣១ឆ្នាំដល់ ៤៤ឆ្នាំ កាលពីថ្ងៃទី១៥ ខែសីហា។ ប៉ូលិសបានបង្ហាញឈ្មោះជនសង្ស័យទាំងនោះក្រោយពីបានស៊ើបអង្កេតដ៏យូរ និងស្វិតស្វាញតាមរយៈការផ្ទេរទឹកប្រាក់របស់ជនសង្ស័យនៅតាមធនាគារមួយចំនួន។
ប៉ូលិសឲ្យដឹងដែរថា ជនបរទេសមួយក្រុមនេះរងការចោទប្រកាន់ពីបទលាងលុយកខ្វក់ និងមានជាប់ពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជននៅក្រៅប្រទេស ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបោកប្រាស់ និងការបើកល្បែងតាមប្រព័ន្ធអនឡាញ (Online) ខុសច្បាប់។ ប៉ូលិសកំពុងតាមចាប់ជនសង្ស័យ ៨នាក់ទៀតដែលកំពុងរត់គេចខ្លួន។
សកម្មជនបរិស្ថាន លោក ម៉ា ចិត្រា បានសរសេរលើហ្វេសប៊ុកដោយស្នើរដ្ឋាភិបាលពិនិត្យមើលឲ្យបានច្បាស់ មុននឹងផ្តល់សញ្ជាតិខ្មែរឱ្យបរទេសនោះ ដោយកុំមើលឃើញតែថវិកាដែលពួកគេឱ្យ។
ក្រៅពីរឿងឲ្យសញ្ជាតិជនបរទេសនោះ លោកថាការផ្តល់ងារជាឧកញ៉ាក៏គួរតែពិនិត្យមើលដែរ ជាពិសេសប្រភពថវិការបស់ពួកគេដែលផ្ដល់ជូនរដ្ឋ។ លោកថា ការស្នើដូច្នេះ ដើម្បីកុំឲ្យខ្មែររងគ្រោះដោយសារលុយដុំ ឬដុំលុយ។
លោក ម៉ា ចិត្រា ចោទជាសំណួរថា តើថវិកាដែលគេផ្តល់ជូនរដ្ឋនោះ គេបានមកពីណា? សូមឱ្យមានគណៈកម្មការមួយច្បាស់លាស់ ដើម្បីសិក្សាពីជនណាដែលចង់បានងារជាឧកញ៉ា និងពិនិត្យឲ្យបានហ្មត់ចត់ មុននឹងផ្តល់ឈ្មោះជនណាដែលចង់បានសញ្ជាតិខ្មែរ មុននឹងថ្វាយទៅព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ។
បើតាមនគរបាលសិង្ហបុរី ថាជនជាតិចិនសញ្ជាតិខ្មែរទាំង ៣នាក់នេះ ត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ និងពិន័យជាទឹកប្រាក់រហូតដល់ ៥០ម៉ឺនដុល្លារ៕