30 C
Phnom Penh

តុលាការ​មិន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន ចូល​សួរ​សុខទុក្ខ​មន្ត្រី​បក្ស​ភ្លើង​ទៀន​៤​នាក់​ដែល​កំពុង​ជាប់​ឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​របស់​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ដែល​ស្នើសុំ​ចូល​សួរ​សុខទុក្ខ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ចំនួន ៤​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​ពួកគេ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ភស្តុតាង​នានា។

ក្នុង​លិខិត​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក យី សុខវួច ចុះ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៣ ផ្ញើ​ទៅ​កាន់​លោក សំ សុគង់ ឲ្យ​ដឹង​ថា សំណើ​សុំ​ចូល​សួរ​សុខទុក្ខ​ជន​ត្រូវ​ចោទ​ឈ្មោះ លី រី ឈ្មោះ ប៊ុន ខេត និង​ឈ្មោះ អេង ស្រូយ ហើយ​ឈ្មោះ វង រុន្នី ដែល​កំពុង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ភ្នំពេញ PJ របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ។

ចៅក្រម​រូប​នេះ​ថា ការ​មិន​អនុញ្ញាត​តាម​ការ​ស្នើសុំ​នេះ ដោយ​តុលាការ​លើក​ហេតុផល​ថា សំណុំរឿង​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ទាំង ៤​នាក់​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​ស៊ើបសួរ និង​ស្រាវជ្រាវ​ភស្តុតាង​នានា។

សម្រាប់​មេធាវី​ការពារ​ក្ដី និង​ក្រុម​គ្រួសារ គឺ​អាច​ចូល​ជួប​សួរ​សុខទុក្ខ​បាន លើកលែងតែ​អ្នក​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ តុលាការ​មិន​អនុញ្ញាត​ឡើយ។ ប៉ុន្តែ​ប្រសិនជា​អ្នក​ផ្សេង​ទៀត​អាច​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខទុក្ខ​បាន​ក្រោយពី​ចៅក្រម​បាន​បំពេញ​កិច្ច​មួយ​ចំនួន​សិន។

កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ លោក រ៉ុង ឈុន បាន​ដាក់​ពាក្យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាមរយៈ​លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​បក្ស​ភ្លើង​ទៀន​ទាំង ៤​នាក់។

លោក លី រី ជា​សមាជិក​គណៈកម្មាធិការ​នាយក និង​លោក ប៊ុន ខេត ប្រធាន​ស្តីទី​ប្រតិបត្តិ​មកពី​គណបក្ស​ភ្លើង​ទៀន​នៅ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ខ្លួន​ចូល​រថយន្ត​ភ្លាមៗ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន ២​នាក់ គឺ​អ្នកស្រី វង រុន្នី ប្រធាន​ចលនា​ស្ត្រី​ថ្នាក់​ជាតិ​របស់​បក្ស​នេះ និង​លោក អេង ស្រូយ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ក្រោម​បទ​ចោទប្រកាន់​បង្ក​ចលាចល​ដល់​ការ​បោះឆ្នោត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចេញ​ដីកា​ចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន​នេះ បន្ទាប់ពី​ពួកគេ​បាន​រង​នូវ​ការ​ចោទប្រកាន់​ថា កំពុង​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​បំផ្លាញ​សន្លឹកឆ្នោត​ដែល​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត​ដែល​បក្ស​កាន់​អំណាច​ទើប​នឹង​កែប្រែ​កាលពី​ពេល​ថ្មីៗ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស