រដ្ឋអាជ្ញា និងសមត្ថកិច្ចប៉ូលិសប្រទេសសិង្ហបុរី ចាប់ខ្លួនជនសង្ស័យជនជាតិចិន និងជនជាតិដទៃទៀតជាច្រើននាក់ ដែលពួកគេមានមុខរបរទុច្ចរិត គឺការលាងលុយកខ្វក់។
តាមការចុះផ្សាយរបស់គេហទំព័រនៃសារព័ត៌មាន The Week in Asia និងសារព័ត៌មាន South China Morning Post បានឲ្យដឹងថា ជនជាតិចិន និងជនបរទេសទាំងនោះបានប្រើលិខិតឆ្លងដែនបរទេស ហើយដើម្បីបានលិខិតឆ្លងដែន ពួកគេត្រូវចំណាយប្រាក់ប្រមាណ ១សែន ៣ម៉ឺនដុល្លារ។ ប្រទេសដែលពួកគេចំណាយប្រាក់ទិញសញ្ជាតិដូច្នេះ រួមមានកម្ពុជា ប្រទេស Cyprus និងប្រទេសវ៉ាននូអាទូ (Vanuatu)។
ជនបរទេសដែលអាជ្ញាធរនៃប្រទេសសិង្ហបុរី ចាប់ខ្លួន ពួកគេភាគច្រើនជាជនជាតិចិន ហើយជនបរទេសទាំងនោះត្រូវការសញ្ជាតិថ្មីដើម្បីបានលិខិតឆ្លងដែនរបស់ប្រទេសនោះ ក្នុងគោលដៅដើម្បីប្រកបមុខរបរខុសច្បាប់ផ្សេងៗ មានដូចជាការលាងលុយកខ្វក់ ឬការចាប់ជំរិត ដែលពួកគេអាចរកប្រាក់ពីមុខរបរទាំងនោះរាប់សិបលានដុល្លារ។ ករណីត្រូវបានអាជ្ញាធរប្រទេសទាំងនោះចាប់ខ្លួន គឺពួកគេតែងតែរកមធ្យោបាយដើម្បីគេចខ្លួន និងគេចចេញពីការជាប់ទោសក្នុងពន្ធនាគារដោយចំណាយប្រាក់ជាច្រើនម៉ឺនដុល្លារ។
កាលពីថ្ងៃទី១៥ សីហា អាជ្ញាធរនៃប្រទេសសិង្ហបុរី បានរឹបអូសទ្រព្យសម្បត្តិរបស់ជនជាតិចិន និងជនបរទេសទាំងនោះនូវសាច់ប្រាក់ទំហំ ១៣០០លានដុល្លារអាមេរិក។
ការរឹបអូសទ្រព្យសម្បត្តិមហាសាលរបស់ជនជាតិចិន និងជនបរទេសទាំងនោះ ធ្វើឡើងក្រោយពីមានការស៊ើបអង្កេតរកឃើញជនសង្ស័យទាំងនោះបានប្រព្រឹត្តបទឧក្រិដ្ឋ ករណីពាក់ព័ន្ធនឹងការលាងលុយកខ្វក់។ ទ្រព្យសម្បត្តិហិរញ្ញវត្ថុដ៏មហាសាលដែលជនទាំងនោះប្រើប្រាស់ គឺដើម្បីបង្កើតទីក្រុងនៃឋានសួគ៌ាឧក្រិដ្ឋមួយ។
ប្រភពព័ត៌មានដដែលនេះ ឲ្យដឹងថា ជនសង្ស័យ ៧នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសសិង្ហបុរី គឺ ២នាក់ប្រើលិខិតឆ្លងដែនរបស់ប្រទេស Cyprus បីនាក់ប្រើលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជា ម្នាក់កាន់លិខិតឆ្លងដែនរបស់ប្រទេសតួកគី និងម្នាក់ទៀតកាន់លិខិតឆ្លងដែនរបស់ប្រទេសវ៉ាននូអាទូ ជាកោះមួយនៃជ្រោយសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។
អាជ្ញាធរនៃប្រទេសសិង្ហបុរី អះអាងថា ក្រៅពីរូបិយវត្ថុ ឯកសារធ្វើដំណើរ ក៏មាននាឡិកាម៉ាក Rolex គ្រឿងអលង្ការផ្សេងៗ និងរថយន្តទំនើបៗជាច្រើនគ្រឿង។
តាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិមកពីការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC ប្រចាំតំបន់អាស៊ី លោក Jeremy Douglas បានប្រាប់សារព័ត៌មាន The Week in Asia ថា ជាការងាយស្រួលបំផុត បើត្រឹមតែត្រូវការសញ្ជាតិ និងលិខិតឆ្លងដែន ឱ្យតែបុគ្គលនោះទៅរស់នៅក្នុងប្រទេសមួយចំនួននៅអាស៊ី។
អ្នកជំនាញរូបនេះអះអាងថា ជនខិលខូចទាំងនោះភាគច្រើនក្រោយពីបានសញ្ជាតិហើយ ពួកគេតែងតែដូរឈ្មោះ និងថ្ងៃខែកំណើត ដែលធ្វើដូចនេះ ងាយឱ្យពួកគេធ្វើដំណើរឆ្លងដែន ហើយជួយសម្រួលការបង្កើតមុខរបរដែលខុសច្បាប់របស់ពួកគេទៀតផង។
រដ្ឋអាជ្ញានៃប្រទេសសិង្ហបុរី បានប្រាប់សារព័ត៌មាន The Week In Asia ថា ក្នុងចំណោមជនសង្ស័យទាំងនោះមានអ្នកខ្លះប្រើលិខិតឆ្លងដែនដល់ទៅប្រាំប្រទេស មានដូចជាលិខិតឆ្លងដែនប្រទេសកម្ពុជា តួកគី Cyprus, St Lucia និងប្រទេសចិន។ រដ្ឋអាជ្ញារងនៃប្រទេសសិង្ហបុរី លោក Eric Hu បានប្រាប់តុលាការថា ជនសង្ស័យម្នាក់ឈ្មោះ Su Haijin មានលិខិតឆ្លងដែនប្រទេសកម្ពុជាផង និងប្រទេសតួកគី ផង ដែលលិខិតឆ្លងដែនរបស់គាត់ត្រូវបានរឹបអូស។
លោក Eric Hu អះអាងថា ជនសង្ស័យរូបនេះមានក្រុមហ៊ុនជាច្រើននៅប្រទេសដែលគាត់ទទួលបានសិទ្ធិជាពលរដ្ឋរបស់ប្រទេសនោះ។ លោកបានប្រាប់សារព័ត៌មាន The Strait Times នៃប្រទេសសិង្ហបុរី ថា លោកបានជំទាស់ជាខ្លាំងមិនឱ្យជនសង្ស័យទាំងនោះបាននៅក្រៅឃុំដាច់ខាត ទោះជាមានការតម្កល់ប្រាក់ធានាខ្លួនក៏ដោយ។
ប្រភពព័ត៌មានទាំងនេះ បានឲ្យដឹងថា នៅប្រទេសកម្ពុជា គេត្រូវចំណាយប្រាក់ ៣០ម៉ឺនដុល្លារអាចទទួលបានសញ្ជាតិពលរដ្ឋកម្ពុជា ចំណែកនៅប្រទេស Cyprus ត្រូវចំណាយដល់ ២លាន ៥សែនដុល្លារឯណោះ៕