ឧស្សាហកម្មភាពយន្តចិន កំពុងកើបលុយខ្ទង់ពាន់លានដុល្លារអាមេរិក នៅដើមខែសីហា ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការចាក់បញ្ចាំងរឿង No More Bets ដែលបានលាតត្រដាងពីការពិតនៃអំពើជួញដូរមនុស្សប្រមាណ ១សែនករណីនៅកម្ពុជា ប៉ុន្តែខ្សែភាពយន្តនេះបែរជាធ្វើឱ្យភ្ញៀវទេសចរចិន និងភ្ញៀវទេសចរតាមបណ្តាប្រទេសផ្សេងៗដែលបានទស្សនារួច បានបដិសេធដូចៗគ្នាអំពីភាពខ្លាចរអាក្នុងការទៅលេងប្រទេសកម្ពុជា។
ខ្សែភាពយន្តខ្នាតធំរបស់ចិន ឈ្មោះ «No More Bets» ដែលមានន័យថា «សូមបញ្ឈប់ការភ្នាល់បន្តទៀត» ត្រូវបានចាក់បញ្ចាំងជាផ្លូវការកាលពីដើមខែសីហា ឆ្នាំ២០២៣ ដែលអាចរកចំណូលបានពីការចាក់បញ្ចាំងនៅក្នុងប្រទេសចិន ប្រមាណ ៥០០លានដុល្លារអាមេរិក ខណៈរដ្ឋាភិបាលចិនក៏កំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយឱ្យមានការយល់ដឹងជាសាធារណៈអំពីការឆបោក ដែលបានរៀបរាប់ក្នុងខ្សែភាពយន្តនេះ។
ខ្សែភាពយន្តនេះកំពុងផ្ទុះកក្រើកពេញប្រទេសចិន និងប្រទេសដទៃទៀតដែលទាក់ទាញអ្នកទស្សនារាប់លាននាក់ ប៉ុន្តែលទ្ធផលនៃការទស្សនា បានធ្វើឱ្យពួកគេមានការភ័យខ្លាច និងមិនហ៊ានទៅលេងប្រទេសកម្ពុជា ព្រោះតែខ្សែភាពយន្តមួយនេះបានបញ្ជាក់ជាភាសាអង់គ្លេសថា «Base On Real Case» ដែលមានន័យថា «ផ្អែកតាមរឿងពិត» ប្រមាណ ១សែនករណីនៃអំពើជួញដូរមនុស្ស។
ខ្សែភាពយន្តខ្នាតធំ No More Bets បានពណ៌នាពីខ្សែជីវិតអ្នកសរសេរកម្មវិធីម្នាក់ ឬហៅថា Programmer និងតារាស្រីបង្ហាញម៉ូតម្នាក់ជាជនជាតិចិន ដែលបានចាញ់បោកក្រុមឧក្រិដ្ឋជនពីការប្រកាសស្វែងរកការងារតាមអនឡាញ ដោយការសន្យាទទួលបានប្រាក់ខែខ្ពស់។
ទីបំផុត ពួកគេត្រូវបានបោកប្រាស់យកទៅធ្វើការខុសច្បាប់ ដើម្បីឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ហើយពួកគេត្រូវបានក្រុមឧក្រិដ្ឋជនលក់ពីកន្លែងមួយទៅកន្លែងមួយ ខណៈជនរងគ្រោះដែលជាបុរសត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ ដូចជាការបណ្ដាក់ទុន Investments in Stock, BitCoin, Mining, Online Games, E-Commerce ឬការជំរិតទារប្រាក់តាមវិធីផ្សេងៗ ជាដើម។
ខ្សែភាពយន្តនេះ បានតម្រូវឱ្យតួអង្គពាក់អាវដែលមានអក្សរខ្មែរ និងរថយន្តក្នុងសាច់រឿងនេះក៏មានបិទអក្សរខ្មែរផងដែរ ដែលទំនងជាមានបំណងលាតត្រដាងអំពីការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា ហើយសាច់រឿងនេះក៏បានបង្ហាញពីការធ្វើទារុណកម្មរបស់ក្រុមឧក្រិដ្ឋជនទៅលើជនរងគ្រោះយ៉ាងព្រៃផ្សៃថែមទៀត ដូចជាការលក់មនុស្សឱ្យបម្រើសេវាកម្មផ្លូវភេទ ការចាក់បញ្ចូលថ្នាំញៀនឱ្យទទួលភ្ញៀវ ការបាញ់សម្លាប់ជនរងគ្រោះដែលមានបំណងលួចរត់ ការដកក្រចក ការយកស្គុតរុំច្រមុះឱ្យថប់ដង្ហើម កាត់ស្លឹកត្រចៀក ការច្រានជនរងគ្រោះទម្លាក់ពីលើអគារ និងការវះយកគ្រឿងក្នុងរបស់ជនរងគ្រោះទៅលក់ក្នុងទីផ្សារងងឹត ជាដើម ដែលធ្វើឱ្យអ្នកទស្សនាភ័យខ្លាច និងព្រឺព្រួចជាខ្លាំង។
ទាក់ទិននឹងខ្សែភាពយន្តនេះ ក៏មានសារព័ត៌មានបរទេស NIKEI ASIA ធ្លាប់បានចុះផ្សាយជុំវិញករណីនេះកាលពីសប្តាហ៍កន្លងទៅថា ខ្សែភាពយន្តនេះបានបង្ហាញអំពីរឿងរ៉ាវរបស់អ្នកសរសេរកម្មវិធី និងតារាបង្ហាញម៉ូដជនជាតិចិនម្នាក់ ដែលត្រូវបានទាក់ទាញដោយការសន្យាផ្តល់ការងារមានប្រាក់ខែខ្ពស់។ ការថតខ្សែភាពយន្តនេះ មិនបានបញ្ជាក់ពីឈ្មោះរបស់ប្រទេសណាមួយនោះឡើយ បើទោះបីជាឈុតមួយក្នុងឈុតខ្លះទៀតបានបង្ហាញពីតួអង្គពាក់អាវយឺតដែលមានអក្សរខ្មែរក៏ដោយ។
សារព័ត៌មានបរទេសឈ្មោះ NIKEI ASIA បានចុះផ្សាយថា បន្ទាប់ពីការចេញផ្សាយខ្សែភាពយន្តនេះ ការស្ទង់មតិមួយដែលធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ឈ្មោះ Sina Weibo បានសួរអ្នកដែលបានទស្សនាខ្សែភាពយន្តនេះថា តើពួកគេហ៊ានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងប្រទេសភូមា ដែរឬទេ? ក្នុងនោះ មានតែមនុស្សជាង ៣ពាន់នាក់ប៉ុណ្ណោះ (៣៧៧៨នាក់) ដែលបាននិយាយថា ពួកគេហ៊ានទៅ ប៉ុន្តែមនុស្សប្រមាណជិត ២សែននាក់ផ្សេងទៀត (១៨១០០០នាក់) បានឆ្លើយថា ពួកគេមិនហ៊ានទៅទេ ក្រោមហេតុផលថា វាជារឿងគ្រោះថ្នាក់បំផុត។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិបានបង្ហាញរបាយការណ៍របស់ខ្លួនថា អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ដោយមានជនរងគ្រោះប្រមាណ ១សែននាក់ត្រូវបានជួញដូរចូលទៅក្នុងប្រទេសកម្ពុជា និងជាង ១សែននាក់ផ្សេងទៀត (១២០០០០នាក់) ចូលទៅកាន់ប្រទេសភូមា ផងដែរ ប៉ុន្តែតួលេខនេះត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធចោលទាំងស្រុង។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សារព័ត៌មានអន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បានចេញផ្សាយសេចក្តីរាយការណ៍ជាវីដេអូរយៈពេលជាង ៤០នាទី ដែលមានចំណងជើងថា «Forced to Scam: Cambodia’s Cyber Slaves» ឬ «ទាសករតាមអ៊ីនធឺណិតនៅកម្ពុជា» ដោយក្នុងវីដេអូនោះបានរៀបរាប់យ៉ាងច្រើនពីការស៊ើបអង្កេតនៃអំពើជួញដូរមនុស្ស និងការធ្វើទាសភាពដោយប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតរបស់ជនជាតិចិន នៅកម្ពុជា និងបណ្ដាញរបស់ពួកគេដែលពាក់ព័ន្ធជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ដែលធ្វើឡើងជាប្រព័ន្ធ ជាពិសេសគឺមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន តែម្តង។
ក្រសួងការបរទេសអាមេរិក កាលពីចុងឆ្នាំ២០២២ បានបញ្ចេញរបាយការណ៍របស់ខ្លួនស្ដីពីការជួញដូរមនុស្ស ដោយបានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីខ្មៅស្ថិតក្រោមការឃ្លាំមើលកម្រិត៣ (Tier 3 Watch List) ដែលបញ្ជាក់ថា កម្ពុជាស្ថិតនៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្សធ្ងន់ធ្ងរ៕