30 C
Phnom Penh

ជនជាតិ​វៀតណាម​ទទួល​សញ្ជាតិ​ខ្មែរ​តាមរយៈ​សារាចរ​ទសវត្ស​ឆ្នាំ​១៩៨០​របស់​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​វៀតណាម​ខុស​ច្បាប់​ដែល​បាន​រស់នៅ​លើ​ទឹកដី​កម្ពុជា​តាំងពី​ឆ្នាំ​១៩៨៦ តាមរយៈ​សារាចរ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ទទួល​សញ្ជាតិ​ខ្មែរ​ព្រោងព្រាត​ក្នុង​ឆ្នាំ​២០២៣ នេះ ដោយ​ពួកគេ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ជនជាតិ​ខ្មែរ​គ្រប់ៗ​គ្នា បន្ទាប់ពី​លោក ហ៊ុន សែន បាន​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ។

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ជា​បន្តបន្ទាប់​តាម​ច្បាប់​សញ្ជាតូបនីយកម្ម នៅ​ដើម​ឆ្នាំ​២០២៣ នេះ តាម​ការ​ស្នើសុំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​នោះ​ពួកគេ​នាំគ្នា​ប្តូរ​ឈ្មោះ​តាម​លំនាំ​ខ្មែរ​គ្រប់ៗ​គ្នា ដូចជា​ជនជាតិ​វៀតណាម ឈ្មោះ៖

  • ណុង វ៉ាន់គីម ប្តូរ​មក​ជា រិទ្ធិ សម្បត្តិ,
  • ង្វៀន វ៉ានទីវ ប្តូរ​ឈ្មោះ​មក​ជា ហួរ សុធី,
  • ហ្វាម ធានហ្វុក ប្តូរ​ឈ្មោះ​មក​ជា ធេង ឧត្តម
  • និង ង្វៀន ឈីវធីញហ៊ុង ប្តូរ​ឈ្មោះ​មក​ជា មាន បញ្ញា ជាដើម។

ជាង​នេះ​ទៀត ជនជាតិ​វៀតណាម​ឈ្មោះ៖

  • ង្វៀន ឌុកអញ បាន​ប្តូរ​ឈ្មោះ​មក​ជា ហេង តារា,
  • ទ្រឿង ហ័ងលីន ជា​ជនជាតិ​វៀតណាម​សញ្ជាតិ​ថៃ មិន​បាន​ប្តូរ​ឈ្មោះ​មក​ជា​ខ្មែរ​ទេ ប៉ុន្តែ​ក៏​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ដែរ,
  • ង្វៀន ហុងស៊ុង ប្តូរ​ឈ្មោះ​មក​ជា សុខ តារា,
  • ង្វៀន ហ្វុកថាំង បាន​ប្តូរ​ឈ្មោះ​មក​ជា ឡាំ ថាំង,
  • ផាម សួនស៊ុន ប្តូរ​ឈ្មោះ​មក​ជា ជា ដារ៉ា,
  • លី ស៊ុនកាង ប្តូរ​ឈ្មោះ​មក​ជា លី កាង,
  • ចាំង ហាញ់ស៊ឹង ប្តូរ​ឈ្មោះ​មក​ជា ញឹក ស្រីពៅ,
  • ជូ វៀតជៀន ប្តូរ​ឈ្មោះ​មក​ជា ស៊ុន ហេង,
  • តេត វិញហ័ន ប្តូរ​ឈ្មោះ​មក​ជា សៅ មុនី,
  • ឡេ ឌិញប៊ូ ប្តូរ​ឈ្មោះ​មក​ជា កែវ តារា,
  • និង ង្វៀន តាំងអៀនធី ប្តូរ​ឈ្មោះ​មក​ជា គឹម មុនី ផង​ដែរ។

លើស​ពី​នេះ ក៏​មាន​ជនជាតិ​វៀតណាម​ផ្សេង​ទៀត​ដែរ​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ប្តូរ​មក​ប្រើ​ឈ្មោះ​លំនាំ​ខ្មែរ​ដែរ ដូចជា៖

  • ប៊ូយ ខ្វាងហា បាន​ប្តូរ​ឈ្មោះ​មក​ជា ប៉ែន បញ្ញា,
  • ង្វៀន ឌីញជួង ប្តូរ​ឈ្មោះ​មក​ជា ម៉េង ប៊ុនលត
  • និង​ឈ្មោះ ហ្វឹង ខាង ប្តូរ​ឈ្មោះ​មក​ជា កែ តារា ជាដើម។

ក្រៅពី​នេះ​ក៏​មាន​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ព្រមទាំង​ជនបរទេស​ជាង ៤០​ជនជាតិ​ដទៃ​ទៀត​ដែល​បាន​ទទួល​សញ្ជាតិ​ខ្មែរ និង​បាន​ប្តូរ​ឈ្មោះ​ជា​ឈ្មោះ​លំនាំ​ខ្មែរ​ដែរ។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​និគម​ជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ ហើយ​កម្ពុជា​ក៏​កំពុងតែ​អនុវត្ត​នូវ​ការ​ផ្តល់​សិទ្ធិ​រស់នៅ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​លើ​ទឹកដី​របស់​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ​នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម លោក Nguyen Xuan Phuc នៅ​កម្ពុជា កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ប្ដេជ្ញា​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ស្ថានទូត​វៀតណាម ក្នុង​រាជធានី​ភ្នំពេញ​ថា លោក​នឹង​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ក្លាយ​ជា​ពលរដ្ឋ​រស់នៅ​កម្ពុជា​ដោយ​ស្រប​ច្បាប់​វិញ​ឲ្យខាងតែ​បាន។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ បាន​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​មក​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ ខណៈ​លោក ហ៊ុន សែន បាន​យល់ព្រម​នឹង​សំណើ​នេះ​ទាំងស្រុង។

ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ការ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​អាច​កើតឡើង​បាន​នៅ​ក្នុង​ករណី​ដែល​បុគ្គល​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​ពី​កំណើត ឬ​តាមរយៈ​អាពាហ៍ពិពាហ៍ និង​ការ​សុំ​ចូល​សញ្ជាតិ​ដែល​ហៅ​សញ្ជាតូបនីយកម្ម ជាដើម។

យ៉ាងណាក៏ដោយ ច្បាប់​ស្ដីពី​សញ្ជាតិ​នេះ ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះ​បរមនាថ សីហមុនី ឡាយ​ព្រះហស្តលេខា​ឱ្យ​ប្រើប្រាស់​ជា​ថ្មី​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២0១៨ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ផ្ដួចផ្ដើម​កែប្រែ​នូវ​ខ្លឹមសារ​មួយ​ចំនួន ក្នុង​នោះ​ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ស្ដីពី​សញ្ជាតិ​ថ្មី​នេះ មិន​បាន​កំណត់​ទឹកប្រាក់​សម្រាប់​ជនបរទេស​ដែល​មាន​បំណង​ទិញ​សញ្ជាតិ​ខ្មែរ​នោះ​ទេ គឺ​បាន​សម្រេច​ទុក​សិទ្ធិ​នៃ​ការ​កំណត់​នេះ​ទៅ​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​កំណត់​ក្នុង​អនុក្រឹត្យ​វិញ។

កាលពី​អំឡុង​ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០២២ កន្លងទៅ ជនបរទេស​ដែល​បាន​សុំ​ចូល​សញ្ជាតិ​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម និង​តាមរយៈ​នៃ​ការ​បរិច្ចាគ​ប្រាក់​ឱ្យ​ដល់​រដ្ឋាភិបាល​កម្ពុជា មក​ទល់​នឹង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ គឺ​មាន​ចំនួន​សរុប​ដល់​ជាង ២​ពាន់​នាក់​ហើយ (២៥២៨​នាក់) ដែល​មកពី​សញ្ជាតិ​ដើម​ចំនួន​៥០ ខុសៗ​គ្នា។

កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន រិះគន់​ថា ជនបរទេស​ដែល​ចង់​ទិញ​សញ្ជាតិ​ខ្មែរ គ្រាន់តែ​ចំណាយ​លុយ​ចាប់ពី ១៣​ម៉ឺន​ដុល្លារ​អាមេរិក​ឡើង​ទៅ​ប៉ុណ្ណោះ នោះ​គឺ​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ភ្លាមៗ ប៉ុន្តែ​ការ​ផ្តល់​សញ្ជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ជនបរទេស​កន្លងមក ច្រើនតែ​ផ្តល់​ទៅ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន និង​និគម​ជន​វៀតណាម​ដែល​ចូល​ទៅ​រស់នៅ​កម្ពុជា​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស