28.4 C
Phnom Penh

សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស​បាន​ផ្តាច់​ជីវិត​មនុស្ស​កើន​ដល់​ប្រហែល ២៥០០​នាក់ និង​របួស​រាប់​ពាន់​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​តុលា នេះ គឺជា​សង្គ្រាម​ដែល​មាន​រយៈពេល ៦​ថ្ងៃ​ហើយ ខណៈ​អ៊ីស្រាអែល បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ក្នុង​ទម្រង់​វាយ​សងសឹក។ សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ហាម៉ាស ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​ផ្តាច់​ជីវិត​មនុស្ស​សរុប​កើន​ដល់​ប្រហែល ២៥០០​នាក់ និង​របួស​រាប់​ពាន់​នាក់​ផ្សេង​ទៀត។

ខណៈ​អ៊ីស្រាអែល បាន​ដាក់​ពង្រាយ​កងកម្លាំង​ជាង ៣០​ម៉ឺន​នាក់​នៅ​តាម​បណ្តោយ​ព្រំប្រទល់​តំបន់ Gaza ហើយ​មួយ​ចំនួន​កំពុង​វាយ​ចូល​ដែនដី​នេះ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ខណៈ​នេះ អ៊ីស្រាអែល កំពុង​បន្ត​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​យ៉ាង​ក្តៅ​គគុក​ទៅ​លើ​គោលដៅ​ជា​ទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​មេបញ្ជាការ និង​មជ្ឈមណ្ឌល​ធ្វើ​ប្រតិបត្តិការ​របស់​ក្រុម Hamas នៅ​ឯ​តំបន់ Gaza។

ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល គឺជា​ការ​ឆ្លើយតប​ចំពោះ​ការ​ឆ្មក់​វាយលុក​ទ្រង់ទ្រាយ​ធំ​យ៉ាង​ភ្ញាក់ផ្អើល​របស់​អ្នក​ប្រយុទ្ធ Hamas រាប់​ពាន់​នាក់​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

អ៊ីស្រាអែល និយាយ​ថា គេ​បាន​ត្រៀម​លក្ខណៈ​សម្រាប់​ប្រតិបត្តិការ​វាយ​លុក​តាម​ជើងគោក​ប្រឆាំង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន-ហាម៉ាស នៅ​ឯ​តំបន់ Gaza Strip។

អ្នក​នាំពាក្យ​កងទ័ព​អ៊ីស្រាអែល លោក Richard Hecht បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា កងទ័ព​កំពុង​ទន្ទឹង​រង់ចាំ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​នយោបាយ ថា​តើ​នឹង​សម្រេច​ចិត្ត​បែប​ណា​អំពី​លទ្ធភាព​នៃ​ការ​បើក​ប្រតិបត្តិការ​វាយលុក​តាម​ជើងគោក។ រឿង​នេះ​នៅ​មិន​ទាន់​មាន​ការ​សម្រេច​ច្បាស់លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​កងទ័ព​កំពុងតែ​ត្រៀម​រៀបចំ​រួចរាល់​ហើយ​សម្រាប់​ប្រតិបត្តិការ​ជើងគោក។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ប្រកាស​ថា សមាជិក​ក្រុម​ភេរវកម្ម​ហាម៉ាស​ទាំងអស់​នឹង​ត្រូវ​សម្លាប់។ លោក​សន្យា​ថា អ៊ីស្រាអែល​នឹង​កម្ទេច​សមាជិក​ក្រុម​នេះ​ម្តង​មួយៗ​ឲ្យ​អស់។

ក្រោយពី​ការ​វាយឆ្មក់​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ហាម៉ាស កងទ័ព​អ៊ីស្រាអែល​បាន​បន្ត​បាញ់​ផ្លោង​លើ​តំបន់​ហ្កាហ្សា និង​បិទ​ខ្ទប់​តំបន់​នេះ​ទាំងស្រុង។ អ៊ីស្រាអែល​មាន​ផែនការ​កម្ទេច​ចលនា​ហាម៉ាស​ឱ្យ​រលត់​រលាយ​អស់។ ចំណែក​ខាង​ចលនា​ហាម៉ាស-ប៉ាឡេស្ទីន បាន​គំរាម​សម្លាប់​ចំណាប់ខ្មាំង​ទាំងអស់​ដែល​ខ្លួន​ចាប់​បាន ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។

នៅ​ថ្ងៃ​នេះ ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស-ប៉ាឡេស្ទីន បន្ត​បាញ់​រ៉ុក្កែត​ជាច្រើន​គ្រាប់​សំដៅ​ទៅ​កាន់​ទីក្រុង Tel Aviv ជា​ការ​ឆ្លើយតប​ចំពោះ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល ដោយ​វាយ​ចំ​គោលដៅ​លើ​ជនស៊ីវិល​នៅ​ឯ​ជំរំ​ជន​ភៀសខ្លួន​ពីរ​កន្លែង​ក្នុង​តំបន់ Gaza។

ក្នុង​សារ​ជា​អក្សរ​ផ្ញើ​ទៅ​កាន់​ក្រុម​អ្នក​កាសែត ក្រុម Hamas បាន​និយាយ​ថា កងពលតូច Al-Qassam បាន​បាញ់​រ៉ុក្កែត​ជាច្រើន​គ្រាប់​សំដៅ​ទៅ​កាន់​ទីក្រុង Tel Aviv។

ស្រប​ពេល​នេះ ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​បាន​ទៅ​ដល់​អ៊ីស្រាអែល។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Tel Aviv នេះ​ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គីភាព​ជាមួយ​នឹង​អ៊ីស្រាអែល។

លោក Blinken ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​ព្រលាន​យន្តហោះ​ទីក្រុង Tel Aviv ដោយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល លោក Eli Cohen។ មុន​ពេល​ឡើង​យន្តហោះ​ឆ្ពោះ​មក​កាន់​ប្រទេស​អ៊ីស្រាអែល លោក Blinken បាន​សង្កត់​ធ្ងន់​អំពី​ការ​គាំទ្រ​របស់​ទីក្រុង​វ៉ាស៊ីនតោន ចំពោះ​អ៊ីស្រាអែល។

លោក Blinken បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​នៅ​ពីក្រោយ​អ៊ីស្រាអែល​ជានិច្ច។ លោក​បន្ត​ថា ក្រុង​វ៉ាស៊ីនតោន​គាំទ្រ​អ៊ីស្រាអែល គឺ​គ្រប់​កាលៈទេសៈ ដោយ​ធានា​ថា​អ៊ីស្រាអែល​នឹង​ទទួល​បាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ការពារ​ខ្លួន។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Blinken នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ស្រប​ពេល​ដែល​អ៊ីស្រាអែល កំពុង​បើក​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​យ៉ាង​សម្បើម​លើ​តំបន់ Gaza ប្រឆាំង​នឹង​ក្រុម Hamas ជា​ការ​សងសឹក​ចំពោះ​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន។ លោក Blinken នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្សកដានី ដើម្បី​បើក​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ​ហ្សកដានី និង​មេដឹកនាំ​ប៉ាឡេស្ទីន លោក Mahmoud Abbas។

ប្រធានាធិបតី​ប៉ាឡេស្ទីន បាន​អំពាវនាវ​សុំ​បញ្ចប់​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ លោក​សន្យា​ថា នឹង​ចរចា​ដើម្បី​រក​ដំណោះស្រាយ​រួម​គ្នា។

លោក Mahmoud Abbas ស្នាក់នៅ​នៅ​តំបន់​ប៉ាឡេស្ទីន​មួយ​ទៀត​ហៅថា West Bank ខណៈ​តំបន់ Gaza ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក Hamas តែ​ក្នុង​ដែនដី​ប៉ាឡេស្ទីន​ទាំងមូល។

យ៉ាងណា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Netanyahu បាន​និយាយ​ថា កងកម្លាំង​ប្រទេស​របស់​លោក​ទើប​ចាប់ផ្ដើម​ក្នុង​ការ​ប្រយុទ្ធ​តតាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់។

អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល លោក Richard Hecht បាន​និយាយ​ថា សាកសព​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស​ប្រហែល ១៥០០​នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដែនដី​អ៊ីស្រាអែល បន្ទាប់ពី​ពួកគេ​បាន​ចូល​លុកលុយ​កាលពី​ថ្ងៃ​សៅរ៍ ទី​៧ តុលា សប្ដាហ៍​មុន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល លោក Yoav Gallant បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា អ៊ីស្រាអែល​នឹង​ធ្វើការ​បិទ​ខ្ទប់​ទាំងស្រុង​តំបន់ Gaza ដោយ​កាត់ផ្ដាច់​លទ្ធភាព​របស់​ដែនដី​ប៉ាឡេស្ទីន នៅ​ក្នុង​ការ​ទទួល​បាន​អគ្គិសនី ម្ហូប​អាហារ ទឹក និង​ឧស្ម័ន។

ចំណែក​ឯ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres នៅ​បន្ត​អំពាវនាវ​សុំ​ទៅ​ភាគី​ទាំង​ពីរ បន្ថយ​កំហឹង ហើយ​រក​ពេលវេលា​ដើម្បី​បញ្ឈប់​សង្គ្រាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស