35 C
Phnom Penh

អ្នក​ឃ្លាំមើល៖ មន្ត្រី​ពន្ធនាគារ​ប្រព្រឹត្ត​អំពើពុករលួយ​ករណី​អនុញ្ញាត​លោក William Guang ប្រើ​ទូរសព្ទ​បញ្ចេញ​សារ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ព្រមាន​ថា ការ​ប្រើ​ទូរសព្ទ​របស់​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដើម្បី​បញ្ចេញ​សារ​នយោបាយ​ចេញពី​ពន្ធនាគារ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស់​ពួក​មន្ត្រី​ដែល​កំពុង​គ្រប់គ្រង​នៅ​ក្នុង​ពន្ធនាគារ។

ការ​លើកឡើង​នេះ បន្ទាប់ពី​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កាលពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៣ និយាយ​ជា​សារ​សំឡេង​ជិត ៤​នាទី​ចេញពី​ពន្ធនាគារ ផ្ញើ​ទៅ​សមាជិក​សមាជិកា​របស់​ខ្លួន ជុំវិញ​រឿង​ទំនាស់​ផ្ទៃក្នុង​នៅ​គណបក្ស​ខ្មែរ​ក្រោក។

សារ​សំឡេង​នោះ លោក​ក៏​បាន​ទម្លាយ​ឈ្មោះ​បុគ្គល​ម្នាក់​ដែល​កំពុង​ដឹកនាំ​គណបក្ស​ខ្មែរ​ក្រោក ថា​បាន​កិបកេង​ថវិកា​រដ្ឋ​អំឡុង​ពេល​បំពេញ​ការងារ​នៅ​លេខាធិការ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ផង​ដែរ។

កាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៣ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ប្រកាស​ប្ដឹង​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ករណី​ដែល​លួច​ប្រើ​ទូរសព្ទ និង​បញ្ចេញ​សារ​នយោបាយ​ពី​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៣ លើ​បណ្ដាញ​សង្គម TikTok។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​អះអាង​ថា ខ្លួន​នឹង​ដាក់​ពិន័យ​លើ​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ដែល​ជា​ប្រធាន​ស្តីទី​គណបក្ស​ខ្មែរ​ក្រោក ឲ្យ​នៅ​ក្នុង​បន្ទប់​ដាក់​វិន័យ ដោយ​ហាម​ប្រើប្រាស់​ទូរសព្ទ និង​មិន​អនុញ្ញាត​ឲ្យ​ជួប​សួរ​សុខទុក្ខ​ជាមួយ​ញាតិមិត្ត​ខាងក្រៅ​រយៈពេល ២​សប្ដាហ៍។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត យល់​ថា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang បាន​ប្រព្រឹត្ត​បទល្មើស «ប្លន់» និង​ចាប់​ជំរិត​ជាក់ស្ដែង ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​រួច​ហើយ ដូច្នេះ​អ្នកទោស​រូប​នេះ​មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​បាន​ឡើយ លើកលែងតែ​អ្នកទោស​មនសិការ​ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ក្នុង​សំណុំរឿង​នយោបាយ និង​ការ​បញ្ចេញមតិ​ពី​បញ្ហា​សង្គម​តែប៉ុណ្ណោះ។

លោក​ថា ការ​ប្រើប្រាស់​ទូរសព្ទ និង​បញ្ចេញ​សារ​នយោបាយ​ចេញពី​ពន្ធនាគារ​នេះ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស់​ពួក​មន្ត្រី​ដែល​គ្រប់គ្រង​នៅ​ក្នុង​ពន្ធនាគារ ខណៈ​កន្លងមក ឧកញ៉ា​ធំៗ​មួយ​ចំនួន​ដែល​ជាប់​ពន្ធនាគារ គឺ​ជាប់​ទោស​តែ​ឈ្មោះ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិន​បាន​ជាប់​គុក ឬ​រស់នៅ​ក្នុង​គុក​ដូច​អ្នកទោស​ដទៃ​ទេ ផ្ទុយទៅវិញ ពួកគេ​មក​ស្នាក់​នៅ​ក្នុង​បន្ទប់ VIP ក្នុង​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​យ៉ាង​សប្បាយ​ចិត្ត។

លោក ម៉ែន ណាត ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដាក់​ពិន័យ​លើ​មន្ត្រី​ពន្ធនាគារ​ទាំងឡាយ​ណា​ដែល​បើក​ដៃ​ឲ្យ​ឧក្រិដ្ឋជន​ទាំងនោះ​ប្រើ​ទូរសព្ទ ធ្វើ​សកម្មភាព​ខុស​ច្បាប់​ទាំង​នៅ​ក្នុង​ពន្ធនាគារ និង​ក្រៅ​ពន្ធនាគារ ដើម្បី​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​មិន​មាន​ស្តង់ដារ​ពីរ។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និង​បក្ខពួក ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប និង​ឃាត់​ខ្លួន​បន្ទាប់ពី​ប្លន់​ផ្ទះ​ឧកញ៉ា អ៊ាន សៀវម៉ី កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១។

នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang និង​បក្ខពួក​ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៦​ឆ្នាំ​ទៅ ៩​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​ប្លន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស