28.4 C
Phnom Penh

អ៊ីស្រាអែល​ធ្វើ​សង្គ្រាម​វាយ​ពួក​ហាម៉ាស​ចូល​ដំណាក់កាល​ទី​២ គឺ​ការ​វាយលុក​ដោយ​ទ័ព​ជើងគោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេលនេះ សង្គ្រាម​អ៊ីស្រាអែល​សងសឹក​វាយ​លើ​ពួក​ហាម៉ាស-ប៉ាឡេស្ទីន បាន​ប្រែ​ក្លាយ​ទៅ​ជា​សង្គ្រាម​ទ័ព​ជើងគោក ក្រោយពី​អ៊ីស្រាអែល បើក​ប្រតិបត្តិការ​វាយប្រហារ​ដោយ​ទ័ព​អាកាស​កម្ទេច​ក្រុង​ហ្កាហ្សា ស្ទើរ​ខ្ទេច​អស់​ហើយ​នោះ។

សង្គ្រាម​នៅ​ពេលនេះ​ឈាន​ចូល​ថ្ងៃទី​២៣ ហើយ ប៉ុន្តែ​សង្គ្រាម​ពេលនេះ​កាន់តែ​ធ្ងន់​ឡើង ព្រោះ​តែ​អ៊ីស្រាអែល បាន​សម្រេច​លើក​ទ័ព​ជើងគោក​វាយ​ចូល​តំបន់​ហ្កាហ្សា ហើយ។ ប្រតិបត្តិការ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃទី​២៨ តុលា ចំ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​ឈប់​បាញ់ និង​ព្រមាន​អំពី​មហន្តរាយ​មនុស្សធម៌​យ៉ាងណា​ក៏ដោយ ក៏​អ៊ីស្រាអែល មិន​ស្តាប់​ដែរ។ អ៊ីស្រាអែល នៅតែ​បន្ត​បង្កើន​ការ​វាយប្រហារ​លើ​តំបន់​ហ្កាហ្សា កាន់តែ​សន្ធាប់​ឡើងៗ។

នៅ​ពេលនេះ ហ្កាហ្សា​ទាំងមូល​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ដែល​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ផ្លូវអាកាស​ផង ផ្លូវគោក និង​ផ្លូវ​សមុទ្រ​ផង។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​អ៊ីស្រាអែល ជំរុញ​ឱ្យ​ជនស៊ីវិល​ប៉ាឡេស្ទីន ចាកចេញ​ពី​ក្រុង​ហ្កាហ្សា​ជាបន្ទាន់។

ការ​វាយប្រហារ​ផ្លូវអាកាស​បាន​កម្ទេច​ទីតាំង​សំខាន់​ចំនួន ៤៥០​កន្លែង ក្នុង​នោះ​ក៏​មាន​ទីបញ្ជាការ​កងទ័ព​ពួក​ហាម៉ាស​ទៀត​ផង។ ជាមួយ​គ្នា​នេះ អ៊ីស្រាអែល​ប្រកាស​ថា​បាន​សម្លាប់​មេ​ទ័ព​របស់​ពួក​ហាម៉ាស​ជាច្រើន​នាក់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំពាក្យ​កងទ័ព​អ៊ីស្រាអែល។

អ៊ីស្រាអែល​បាន​បន្ថែម​កម្លាំង​ទ័ព​ប្រតិបត្តិការ​វាយលុក​ជើងគោក​ចូល​ដី​ហ្កាហ្សា គឺជា​ការ​បង្កើន​កម្លាំង​ទ័ព​ថ្មើរជើង​ជា​លំដាប់​ច្រើន​ឡើងៗ ស្រប​ទៅ​តាម​ទំហំ​នៃ​ប្រតិបត្តិការ​ជើងគោក​ដែល​ត្រូវ​ពង្រីក​ធំ​ឡើងៗ​ចូល​ទៅ​ក្នុង​ដែនដី​ហ្កាហ្សា ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​របស់ The Times of Israel ទ័ព​អ៊ីស្រាអែល បាន​ឲ្យ​ដឹង​ថា ទ័ព​ជាង ៤០​ម៉ឺន​នាក់​អន្តរាគមន៍​ដោយ​ទ័ព​រថក្រោះ​រាប់​រយ​គ្រឿង បាន​វាយ​រុល​ចូល​ដល់​កណ្ដាល​ក្រុង​ហ្កាហ្សា​ហើយ។

តុល្យការ​នៃ​សង្គ្រាម​ដែល​អ៊ីស្រាអែល​មិន​ព្រម​ស្ដាប់​អង្គការ​សហប្រជាជាតិ​សុំ​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ​ចូល​ទៅ​ទីក្រុង​ហ្កាហ្សា ត្រូវ​បាន​រាយការណ៍​ថា ចំនួន​ប្រជាជន​ប៉ាឡេស្ទីន​ដែល​ស្លាប់​ក្នុង​ដែនដី​ហ្កាហ្សា​ហក់​ឡើង​ជាង ៨​ពាន់​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​៣០ តុលា នេះ ដែល​ជា​សង្គ្រាម​ចូល​ដល់​ថ្ងៃទី​២៣។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បាន​អំពាវនាវ​ជាបន្ទាន់​ប្រាប់​ទៅ​ប្រជាជន​ប៉ាឡេស្ទីន និង​ភ្នាក់ងារ​បរទេស​ទាំងអស់ ត្រូវ​រត់​ចេញ​ពី​ហ្កាហ្សា ជាពិសេស​គឺ​មិន​ត្រូវ​រត់​ទៅ​ទីតាំង​ដែល​ជា​ខែល​របស់​ពួក​ហាម៉ាស​នោះ​ទេ ដូចជា​នៅ​មន្ទីរពេទ្យ​ជាដើម ព្រោះ​ពួក​ហាម៉ាស​កំពុង​តែ​ចាប់​យក​មន្ទីរពេទ្យ​ដែល​មាន​អ្នកជំងឺ​ស្ថិត​នៅ​ទីនោះ​ធ្វើ​ជា​ទីតាំង​ដើម្បី​លាក់​ខ្លួន​ផង និង​វាយប្រហារ​លើ​ទ័ព​អ៊ីស្រាអែល ដែល​កំពុង​រុល​ចូល​ទីនោះ​ផង។

ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ធ្វើឡើង​បន្ទាប់ពី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ឲ្យ​ដឹង​ថា គ្រាប់​ផ្លោង​ដែល​គេ​គិត​ថា​ជា​គ្រាប់​ផ្លោង​បាញ់​ចេញពី​រថក្រោះ​របស់​អ៊ីស្រាអែល បាន​ធ្លាក់​ក្បែរ​មន្ទីរពេទ្យ​ធំ​ចំនួន​ពីរ​នៅ​ក្នុង​ក្រុង​ហ្កាហ្សា។

ដោយសារតែ​ភាព​ផុយ​ស្រួយ​ដូចនេះ លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ បន្ត​អំពាវនាវ​ថា មន្ទីរពេទ្យ​នៅ​ពេលនេះ​ពួក​ហាម៉ាស​ចាប់​យក​ជា​ខែល​របស់​ពួកគេ​ហើយ ដូច្នេះ​ប្រជាជន ទាំង​ភ្នាក់ងារ​បរទេស ត្រូវតែ​រត់​ចេញពី​មន្ទីរពេទ្យ​នោះ​ទៅ​រក​ទី​សុវត្ថិភាព ឬ​ក៏​ត្រូវ​ឆ្លង​ចូល​តំបន់​ព្រំដែន​ជាប់​នឹង​ប្រទេស​អេហ្ស៊ីប។

មេដឹកនាំ​អ៊ីស្រាអែល​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ជំនួយ​ដែល​ផ្ដល់​ឲ្យ​ជនភៀសខ្លួន​ប៉ាឡេស្ទីន មិន​ប្រាកដ​ថា​ធ្លាក់​ក្នុង​ដៃ​ជនជាតិ​ប៉ាឡេស្ទីន នោះ​ទេ គឺ​វា​អាច​នឹង​ធ្លាក់​ក្នុង​ដៃ​ពួក​ហាម៉ាស ហើយ​ជួយ​ក្រុម​នេះ​បន្ត​លាក់​ខ្លួន​ប្រយុទ្ធ​នឹង​កងទ័ព​អ៊ីស្រាអែល ប៉ុន្តែ​លោក​ព្រមាន​ថា ពួក​ហាម៉ាស​ត្រូវតែ​ទទួលស្គាល់​ថា​ខ្លួន​ជា​ក្រុម​ភេរវកម្ម​ដែល​ចាំបាច់​ត្រូវ​បោស​សម្អាត។

ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​សង្គ្រាម​នៃ​ប្រទេស​អ៊ីស្រាអែល បាន​ប្រកាស​ថា ការ​លើក​ទ័ព​ដោយ​ទ័ព​ថ្មើរជើង​ចូល​ទៅ​ហ្កាហ្សា គឺ​ក្នុង​បំណង​តែ​មួយ​គត់​បោស​សម្អាត​ពួក​ហាម៉ាស-ប៉ាឡេស្ទីន ហើយ​គ្រប់គ្រង​ស្ថានការណ៍​ឱ្យ​បាន​ធម្មតា​វិញ រួច​នឹង​ប្រគល់​ដែនដី​នេះ​ទៅ​ឲ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន​វិញ ប៉ុន្តែ​អ៊ីស្រាអែល​សច្ចា​ថា​ត្រូវ​បោស​សម្អាត​ពួក​ហាម៉ាស​ឲ្យ​អស់។

មក​ដល់​ពេលនេះ ប្រទេស​ជាច្រើន​កាន់តែ​បារម្ភ​ពី​ពួក​ហាម៉ាស​រាំង​ខ្ទប់​ប្រជាជន​ខ្លួនឯង​មិន​ឲ្យ​ចាកចេញ​ពី​ក្រុង​ហ្កាហ្សា ព្រោះ​ដើម្បី​ជា​ខែល​ដែល​ពួកគេ​ទប់ទល់​នឹង​ការ​វាយលុក​របស់​កងទ័ព​អ៊ីស្រាអែល។

សហរដ្ឋ​អាមេរិក​ផ្ដើម​មុខ​គេ​ឱ្យ​ពួក​ហាម៉ាស​បញ្ឈប់​ការ​រាំង​ខ្ទប់​ប្រជាជន​ដើម្បី​ជា​ខែល​របស់​ខ្លួន ព្រោះ​វា​ខុស​នឹង​ច្បាប់​សង្គ្រាម។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ក៏​ស្នើ​ឲ្យ​អ៊ីស្រាអែល​ព្យាយាម​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​វាយប្រហារ​ទៅ​លើ​ជម្រក​របស់​ជនស៊ីវិល​ដូចជា​មន្ទីរពេទ្យ ជាដើម។

ចំណែក​ប្រទេស​អ៊ីរ៉ង់ ឯណោះ​វិញ តាមរយៈ​ប្រធានាធិបតី អីប្រាហីម រ៉ាយស៊ី បាន​ព្រមាន​ថា អ៊ីស្រាអែល​ដែល​បើក​ប្រតិបត្តិការ​ជើងគោក​នេះ គឺ​មាន​ផែនការ​ចង់​កាន់កាប់​ហ្កាហ្សា ហើយ​បោស​សម្អាត​ជាតិ​សាសន៍​ប៉ាឡេស្ទីន។ លោក​ព្រមាន​ថា គ្រប់​ទីកន្លែង​ទាំងអស់​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​អ៊ីស្រាអែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស