30 C
Phnom Penh

ជនស៊ីវិល​ប៉ាឡេស្ទីន​ជាង​៨០​ម៉ឺន​នាក់​ចេញ​ពី​ភាគ​ខាងជើង​តំបន់​ហ្កាហ្សា ហើយ​រត់​ទៅ​ភាគ​ខាងត្បូង​ជាប់​អេហ្ស៊ីប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​សម្រាប់​កងទ័ព​អ៊ីស្រាអែល លោក Jonathan Conricus បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​មួយ​ថា ជនស៊ីវិល​ប៉ាឡេស្ទីន ជាង ៨០​ម៉ឺន​នាក់​បាន​ចាកចេញ​ពី​ភាគ​ខាងជើង​តំបន់​ហ្កាហ្សា ហើយ​រត់​ទៅ​ភាគ​ខាងត្បូង​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អេហ្ស៊ីប។

លោក Conricus បាន​បញ្ជាក់​ថា លោក​សប្បាយ​ចិត្ត​ដែល​បាន​ដឹង​ថា​មនុស្ស​ជាង ៨០​ម៉ឺន​នាក់​ជម្លៀស​ខ្លួន​ចេញពី​ភាគ​ខាងជើង ដែល​ពួកគេ​រត់​ចេញ​ព្រោះ​ដឹង​ថា​សង្គ្រាម​បាន​ធ្លាក់​មក​ដល់​ហើយ។

តាម​អ្នក​នាំពាក្យ​រូប​នេះ ជំនួយ​មនុស្សធម៌​ចូល​ទៅ​កាន់​តំបន់​ហ្កាហ្សា នៅតែ​បន្ត​ឆ្លងកាត់​តាម​ច្រក​ព្រំដែន Rafah ហើយ​មាន​អាហារ និង​ទឹក​នៅ​ក្នុង​ទីតាំង​ភាគ​ខាងត្បូង​នៃ​តំបន់​នោះ។

អ៊ីស្រាអែល​នឹង​បង្កើន​ការ​សម្របសម្រួល​ក្នុង​ការ​ដឹក​ជំនួយ​ឱ្យ​ជនភៀសខ្លួន។ រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ជូនដំណឹង​ដល់​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​៣១ ខែ​តុលា ថា ប្រជាជន​ប៉ាឡេស្ទីន ជាង ១​លាន​នាក់​គួរតែ​ផ្លាស់​ទីលំនៅ​ទៅកាន់​ភាគ​ខាងត្បូង​នៃ​តំបន់​ហ្កាហ្សា ក្នុង​រយៈពេល ២៤​ម៉ោង​មុន​អ៊ីស្រាអែល​លើក​ទ័ព​ជើងគោក​វាយ​ចូល​តំបន់​នោះ។

ទីភ្នាក់ងារ​សារព័ត៌មាន AP បាន​រាយការណ៍​ថា ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស កំពុង​លាក់​ខ្លួន​ក្នុង​ផ្លូវ​រូង​ក្រោម​ដី និង​នៅ​ពី​ក្រោម​អគារ​ជន​ដែល​ជនស៊ីវិល​រស់នៅ។ ក្រុម​នេះ​ក៏​បាន​ជំរុញ​ប្រជាជន​នៅ​តំបន់​ហ្កាហ្សា កុំ​អើពើ​នឹង​ការ​អំពាវនាវ​របស់​អ៊ីស្រាអែល ដែល​ឱ្យ​រត់​ចេញពី​លំនៅឋាន ហើយ​រត់​ទៅ​ភាគ​ខាងត្បូង​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អេហ្ស៊ីប។

ក្រោយពី​ប្រកាស​ថា​ប្រជាជន​រត់​ចេញពី​ភាគ​ខាងជើង​សឹង​អស់​ហើយ​នោះ កងទ័ព​អ៊ីស្រាអែល​បាន​វាយ​ចូល​កាន់កាប់ និង​គ្រប់គ្រង​តំបន់​នេះ។ ប្រភព​ព័ត៌មាន​របស់ AP បាន​ឱ្យ​ដឹង​ថា កងទ័ព​នៃ​ក្រុម​ហាម៉ាស បាន​រត់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ជំរំ​របស់​ប្រជាជន ក្រោយពី​ពួកគេ​ដឹង​ថា​ទ័ព​អ៊ីស្រាអែល វាយ​រុល​កាន់តែ​ជ្រៅ​ក្នុង​តំបន់​ហ្កាហ្សា។

ចំណែក​កងទ័ព​ជើង​អាកាស​អ៊ីស្រាអែល បាន​និយាយ​ថា បាន​វាយប្រហារ​ចំ​ទីតាំង​របស់​ក្រុម​ហាម៉ាស​ជាង ៦០០​កន្លែង​នៅ​ក្នុង​តំបន់​ហ្កាហ្សា ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​នៅ​ថ្ងៃទី​៣០ ខែ​តុលា ក្រោយពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ប្រកាស​សង្គ្រាម​ដំណាក់កាល​ទី​២។

អ៊ីស្រាអែល​បាន​បញ្ជាក់​ថា កងទ័ព​របស់​ខ្លួន​ក៏​បាន​វាយប្រហារ​ផង​ដែរ​លើ​គោលដៅ​នានា​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​លីបង់។ កងទ័ព​អ៊ីស្រាអែល​បាន​លើកឡើង​ថា ការ​វាយប្រហារ​ទាំងនេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយប្រហារ​ដែល​ធ្វើឡើង​ចេញពី​ប្រទេស​ទាំង​ពីរ​នេះ។

កងកម្លាំង​ការពារ​អ៊ីស្រាអែល បាន​អះអាង​ថា ក្នុង​អំឡុងពេល​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ក្រុម​ភេរវករ​នៅ​ក្នុង​តំបន់​ហ្កាហ្សា កងទ័ព​នៃ​កងកម្លាំង​ការពារ​អ៊ីស្រាអែល​បាន​សម្លាប់​ភេរវករ​រាប់​រយ​នាក់​ដែល​លាក់​ខ្លួន​នៅ​ក្នុង​អគារ និង​រូង​ក្រោម​ដី​ដែល​បាន​ប៉ុនប៉ង​វាយប្រហារ​លើ​កងទ័ព​អ៊ីស្រាអែល។

អ៊ីស្រាអែល​បាន​បញ្ចេញ​រូបភាព​នៃ​រថក្រោះ​របស់​ខ្លួន​ស្ថិត​នៅ​លើ​មាត់​សមុទ្រ​ភាគ​ខាងលិច​នៃ​តំបន់​ហ្កាហ្សា ក្នុង​រយៈពេល ៤៨​ម៉ោង​ក្រោយ​មក​បន្ទាប់ពី​ខ្លួន​បាន​បញ្ជា​ឱ្យ​មាន​ការ​លុកលុយ​តាម​ផ្លូវគោក​ទ្រង់ទ្រាយ​ធំ​ឆ្លង​ព្រំដែន​ភាគ​ខាងកើត​របស់​អ៊ីស្រាអែល។

ប៉ុន្តែ​ក្រុម​ហាម៉ាស់ អះអាង​ថា ខ្លួន​បាន​បាញ់​មីស៊ីល​វាយប្រហារ​លើ​រថក្រោះ​អ៊ីស្រាអែល នៅ​ផ្នែក​ខាងជើង​ក្នុង​តំបន់​ហ្កាហ្សា។ នៅ​ពេល​ដែល​អ៊ីស្រាអែល វាយ​រុល​កាន់តែ​ជ្រៅ​ចូល​ដែនដី​ហ្កាហ្សា ដែល​មាន​ផ្ទៃដី ៣៦០​គីឡូម៉ែត្រ​ក្រឡា ប្រទេស​ជាច្រើន​សុំ​ឱ្យ​អ៊ីស្រាអែល បន្ថយ​ការ​វាយលុក ហើយ​ទទួល​យក​បទ​ឈប់​បាញ់​ដែល​បាន​ស្នើ​ឡើង​ដោយ ១២០​ប្រទេស។ ប្រទេស​ទាំងអស់​នេះ​បាន​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​ធ្វើឡើង​ក្នុង​សម័យ​ប្រជុំ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​២៨ តុលា។

ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​និយាយ​ថា នឹង​មិន​មាន​បទ​ឈប់​បាញ់​នៅ​ក្នុង​សង្គ្រាម​របស់​អ៊ីស្រាអែល​ប្រឆាំង​ក្រុម​ហាម៉ាស​នោះ​ទេ។

លោក Netanyahu បាន​ថ្លែង​ដូចនេះ​ទៅ​កាន់​បណ្ដា​សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ចន្ទ ទី​៣០ តុលា នេះ។

លោក​បាន​បញ្ជាក់​ថា ការ​ទទួល​យក​បទ​ឈប់​បាញ់ គឺ​មាន​ន័យ​ស្មើ​នឹង​សុំ​ចុះចាញ់​ក្រុម​ហាម៉ាស ដែល​លោក​ថា​សហរដ្ឋ​អាមេរិក​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល ក៏​បាន​បដិសេធ​បទ​ឈប់​បាញ់​ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បន្ត​ថា ការ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ចំពោះ​អ៊ីស្រាអែល គឺ​មាន​ន័យ​ស្មើ​នឹង​សុំ​ចុះចាញ់​ក្រុម​ហាម៉ាស គឺ​ចុះចាញ់​ក្រុម​ភេរវកម្ម។

លោក Netanyahu សន្យា​ថា អ៊ីស្រាអែល​នឹង​ប្រយុទ្ធ​រហូត​ដល់​ទទួល​បាន​ជ័យជម្នះ​ក្នុង​សង្គ្រាម​នេះ។ មក​ដល់​ពេលនេះ សង្គ្រាម​អ៊ីស្រាអែល​វាយ​សងសឹក​លើ​ពួក​ហាម៉ាស បាន​ឈាន​ដល់​ថ្ងៃទី​២៤ ហើយ។

ការ​វាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល លើ​តំបន់​ហ្កាហ្សា គ្រប់គ្រង​ដោយ​ហាម៉ាស បាន​សម្លាប់​មនុស្ស​ជាង ៨៣០០​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​ជនស៊ីវិល ប៉ុន្តែ​អ៊ីស្រាអែល​អះអាង​ថា ពួក​សកម្ម​ប្រយុទ្ធ​នៃ​ក្រុម​ហាម៉ាស ស្លាប់​ជាង ៣​ពាន់​នាក់ ហើយ​មេទ័ព​របស់​ក្រុម​នេះ​ជិត ១០​នាក់​ត្រូវ​បាន​សម្លាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស