អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន ប្រកាសធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ វិច្ឆិកា ដើម្បីបញ្ជាក់ពីជំហរនយោបាយចុងក្រោយរបស់គណបក្សខ្លួន ជុំវិញការរាំងស្ទះដែលក្រសួងមហាផ្ទៃ មិនអាចចេញឯកសារចុះបញ្ជីច្បាប់ដើមជាថ្មីជូន ដើម្បីឱ្យគណបក្សនេះអាចចូលរួមសកម្មភាពនយោបាយដោយស្របច្បាប់។
ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោក រ៉ុង ឈុន ថា គណបក្សភ្លើងទៀននឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែវិច្ឆិកា នេះ នៅទីស្នាក់ការសមាគមគ្រូបង្រៀនឯករាជ្យ វេលាម៉ោង ៩ព្រឹក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីប្រកាសជំហររបស់ខ្លួនបន្ទាប់ពីក្រសួងមហាផ្ទៃ មិនចេញឯកសារចុះបញ្ជីច្បាប់ដើមជាថ្មីដល់ខ្លួន ដែលជាហេតុធ្វើឱ្យរាំងស្ទះដល់សកម្មភាពនយោបាយរបស់ខ្លួនសព្វថ្ងៃនេះ។
ការប្រកាសធ្វើសន្និសីទនេះ ធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀនត្រូវបានហាមប្រាមពីគណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោតកាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្រោមហេតុផលថា គណបក្សនេះគ្មានសំបុត្រកំណើតច្បាប់ដើមដែលចេញដោយក្រសួងមហាផ្ទៃ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ វិច្ឆិកា នេះថា គណបក្សភ្លើងទៀន គ្មានពន្លឺក្នុងការតស៊ូតាមផ្លូវច្បាប់ដើម្បីជំរុញឱ្យក្រសួងមហាផ្ទៃ ចេញលិខិតសំបុត្រកំណើតច្បាប់ដើមសាជាថ្មីឱ្យខ្លួន ដើម្បីឱ្យគណបក្សនេះអាចដំណើរការសកម្មភាពនយោបាយឡើងវិញបានទេ។
លោក មាជ សុវណ្ណារ៉ា អះអាងថា បញ្ហារបស់គណបក្សភ្លើងទៀនទាក់ទិននឹងសំបុត្រកំណើតរបស់គណបក្សនេះ គឺពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសផង ហើយក៏ពាក់ព័ន្ធនឹងរឿងនយោបាយរវាងគណបក្សនេះជាមួយនឹងគណបក្សកាន់អំណាចផងដែរ ដូច្នេះក្តីសង្ឃឹមថានឹងទទួលបានសំបុត្រកំណើតសាជាថ្មីឡើងវិញពីក្រសួងមហាផ្ទៃ គឺជារឿងដែលមើលមិនឃើញទាល់តែសោះ។
ប្រភពដដែលបញ្ជាក់ថា ជម្រើសល្អបំផុតសម្រាប់គណបក្សភ្លើងទៀននៅពេលនេះ គឺមានតែទៅចុះចូលជាមួយគណបក្សនយោបាយក្នុងសម្ព័ន្ធរបស់ខ្លួនណាមួយប៉ុណ្ណោះ ដើម្បីរក្សាកម្លាំងនយោបាយខ្លួនឯងតទៅមុខទៀត ព្រោះថាក្រៅពីជម្រើសដ៏តូចចង្អៀតមួយនេះ គឺមានគ្មានវិធីណាផ្សេងឡើយ ខណៈនីតិវិធីសុំច្បាប់បង្កើតបក្សថ្មី ក៏ហាក់ដូចជាទៅមិនរួចដែរ។
មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងខែកក្កដា ឆ្នាំ២០២៣ មកដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណបក្សភ្លើងទៀន ក្រោមហេតុផលថា គណបក្សនេះមិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកខណ្ឌ នៅច្រកចេញចូលតែមួយ។
បែបនេះក្តី កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានចេញលិខិតមួយឱ្យគណបក្សភ្លើងទៀន ដោយបញ្ជាក់ថា គណបក្សភ្លើងទៀនបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃរួចហើយ ដូច្នេះគណបក្សនេះអាចប្រើប្រាស់លិខិតដែលខ្លួនបានបញ្ជាក់នេះស្របតាមច្បាប់ជាធរមាន ប៉ុន្តែទោះជាបែបនេះក្តី គ.ជ.ប នៅតែទាមទាររកសំបុត្រកំណើតច្បាប់ដើមរបស់គណបក្សភ្លើងទៀនដដែល ខណៈក្រសួងមហាផ្ទៃក៏មិនបានចេញសំបុត្រកំណើតច្បាប់ដើមឱ្យគណបក្សនេះសាជាថ្មីដែររហូតដល់ពេលនេះ។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មាត្រា២៧ ចែងថា ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយត្រូវភ្ជាប់មកជាមួយនូវសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់។ ក្នុងច្បាប់នេះ មិនបានតម្រូវឲ្យគណបក្សនយោបាយបញ្ជាក់នីត្យានុកូលកម្មទេ ប៉ុន្តែសេចក្តីជូនដំណឹងរបស់ គ.ជ.ប លេខ០២៧ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បែរជាតម្រូវឲ្យគណបក្សនយោបាយត្រូវតែបញ្ជាក់នីត្យានុកូលកម្មនៅរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ ទៅវិញ ដែលសេចក្តីជូនដំណឹងនេះមានខ្លឹមសារផ្ទុយពីច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រទាំងស្រុង។
ដោយសារតែរដ្ឋាភិបាលអនុវត្តតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅទីបំផុត គណបក្សភ្លើងទៀនត្រូវបានបដិសេធមិនទទួលស្គាល់ចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតឡើយ។
ទន្ទឹមនឹងគណបក្សភ្លើងទៀនត្រូវបានរារាំងមិនឱ្យចូលរួមបោះឆ្នោត លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតទាំងអស់ ដោយលោក ហ៊ុន សែន បញ្ជាក់ខ្លឹមសារជារួមរបស់ច្បាប់នេះថា ជនណាក៏ដោយ នៅក្នុងគណបក្សណាក៏ដោយ ដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ប៉ុន្តែមិនទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នោះពួកគេនឹងត្រូវបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យអស់មួយជីវិត ដែលខ្លឹមសារនៃច្បាប់នេះត្រូវគេមើលឃើញថា ជាចេតនាប៉ុនប៉ងរារាំងក្រុមប្រឆាំងមិនឱ្យវិលចូលឆាកនយោបាយអស់មួយជីវិត៕