26 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ពានរង្វាន់ Right Livelihood ជា​មោទនភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម សម្ដែង​ការ​អបអរ​សាទរ​ដល់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ទទួល​បាន​ពានរង្វាន់ Right Livelihood 2023 ដោយ​ចាត់ទុក​ការ​ទទួល​បាន​ពានរង្វាន់​នេះ​ជា​មោទនភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ឱ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​សកម្មជន​បរិស្ថាន​ទាំងនោះ ដើម្បី​ឱ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ វិច្ឆិកា ថា ពានរង្វាន់​នេះ​គឺ​ជា​ភស្តុតាង​ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​ការ​ការពារ​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​នា​ពេល​កន្លងមក និង​ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត ប៉ុន្តែ​ការ​ហាមឃាត់​ពី​សំណាក់​តុលាការ មិន​ឱ្យ​យុវជន​ដែល​មាន​ឈ្មោះ​ទៅ​ទទួល​ពានរង្វាន់​នេះ បាន​ធ្វើ​ឱ្យ​ខូច​មុខមាត់​របស់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង​ទៅវិញ ដែល​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​រង​នូវ​ការ​រិះគន់​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ជុំវិញ​ការ​រឹតត្បិត​សេរីភាព​របស់​ពលរដ្ឋ។

លោក សេក សុជាតិ លើកឡើង​ថា ដើម្បី​ធានា​ការពារ​ធនធាន​ធម្មជាតិ​ពី​ការ​បំផ្លិចបំផ្លាញ​របស់​ជន​ខិលខូច រដ្ឋាភិបាល​គួរតែ​បើក​ចិត្ត​ទទួល​យក​សកម្មភាព​របស់​សកម្មជន​បរិស្ថាន ដែល​ធ្វើការ​ការពារ​បរិស្ថាន​កន្លង​មក ជាពិសេស​គួរតែ​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ទទួល​បាន​ពានរង្វាន់​ពី​អង្គការ​អន្តរជាតិ​នៅ​ពេលនេះ និង​បើក​សិទ្ធិ​សេរីភាព​ឱ្យ​ពួកគេ​ធ្វើ​សកម្មភាព​របស់​ពួកគេ​កាន់តែ​ទូលាយ​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​សកម្មជន​បរិស្ថាន​ទាំងនោះ ដើម្បី​ឱ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ក្នុង​ការ​បំពេញ​បេសកកម្ម​ការពារ​បរិស្ថាន​បន្ត​ទៀត។ ផ្ទុយទៅវិញ ការ​បន្ត​ចោទប្រកាន់​សកម្មជន​ទាំងនោះ មាន​តែ​ធ្វើ​ឱ្យ​ពិភពលោក​មើល​មក​កម្ពុជា​ក្នុង​ក្រសែភ្នែក​អវិជ្ជមាន ជុំវិញ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ សកម្មជន​ចលនា​មាតា​ធម្មជាតិ ៣​រូប រួម​មាន លោក លី ចន្ទ្រដារ៉ាវុធ កញ្ញា ស៊ុន រដ្ឋា និង​កញ្ញា លីហ្សា បាន​ចូលរួម​ទទួល​ពានរង្វាន់ Rights Livelihood Award នៅ​ក្នុង​ទីក្រុង​ស្តុកហូម ប្រទេស​ស៊ុយអែត ជំនួស​ឱ្យ​លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស ដើម្បី​ទៅ​ចូលរួម​ទទួល​ពានរង្វាន់​នេះ ក្រោម​ហេតុផល​ថា ពួកគេ​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​របស់​តុលាការ​នៅឡើយ​ជុំវិញ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួកគេ​កន្លង​មក។

តំណាង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​បាន​ចូលរួម​ទទួល​ពានរង្វាន់ Rights Livelihood Award បាន​លើកឡើង​ក្នុង​ពិធី​នេះ​ថា ពានរង្វាន់​នេះ​គឺជា​សក្ខីភាព​នៃ​ការ​គាំទ្រ​ដល់​ការ​ការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា ហើយ​ការ​គាំទ្រ​នេះ ក៏​មិន​មែន​សំដៅ​ដល់​តែ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែរ គឺ​សំដៅ​ដល់​ប្រជាជន​ខ្មែរ​ទាំងមូល ព្រោះ​ថា​ប្រជាជន​ខ្មែរ​គ្រប់​រូប គឺ​តែងតែ​ចង់​ឱ្យ​សម្បត្តិ​ធម្មជាតិ​របស់​ខ្លួន​ត្រូវ​បាន​ការ​ការពារ និង​ថែរក្សា​ឱ្យ​បាន​គង់វង្ស។

ជាង​នេះ​ទៀត ពានរង្វាន់​នេះ​ក៏​ជា​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ផង​ដែរ​ថា សកម្មភាព​នៃ​ការ​ការពារ​បរិស្ថាន​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នា​ពេល​កន្លង​មក មិនមែន​ជា​រឿង​ខុស​ច្បាប់​នោះ​ទេ ហើយ​ការ​ប្រើ​ពាក្យ​ខុស​ច្បាប់​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​ចោទ​លើ​សកម្មភាព​របស់​ពួកគេ​ថា​ជា​ទង្វើ​ខុស​ច្បាប់ រហូត​ចាប់​ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ប្រមាណ​ជា ៥​ខែ​ថែម​ទៀត កាលពី​អំឡុង​ឆ្នាំ​២០២១ កន្លង​ទៅ។

ប្រភព​ដដែល​លើកឡើង​ថា មក​ដល់​ពេលនេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​យ៉ាងហោចណាស់​ចំនួន ១១​នាក់ ដែល​បាន​ប្រើប្រាស់​បទ​ចោទ​ជា​លក្ខណៈ​ប្រឌិត។ សកម្មជន​បរិស្ថាន​ទាំងនេះ គូស​បញ្ជាក់​ថា បើ​ទោះបីជា​កម្ពុជា​ជា​ប្រទេស​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​ក្តី និង​បើ​ទោះបីជា​សហគមន៍​អន្តរជាតិ បាន​ផ្តល់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​ក៏ដោយ ក៏​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​នៅតែ​រង​នូវ​ការ​បំផ្លាញ​ដដែល។

តំណាង​សកម្មជន​ខាងលើ​រៀបរាប់​ថា សព្វថ្ងៃ​នេះ សកម្មជន​ដែល​ការពារ​បរិស្ថាន​ត្រូវ​រង​នូវ​ការ​គំរាមកំហែង​ជា​បន្តបន្ទាប់ ខណៈ​ឧទ្យាន​ជាតិ និង​តំបន់​ការពារ​នានា ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឆ្វៀល​ទៅ​ឱ្យ​ក្រុមហ៊ុន និង​បុគ្គល​ឯកជន​ជា​ហូរហែ​ដោយ​គ្មាន​តម្លាភាព ក្រោម​លេស​អភិវឌ្ឍ ខណៈ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ទាំងនោះ​ត្រូវ​បាន​កាប់​បំផ្លាញ​គ្មាន​សល់។

តំណាង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ បញ្ជាក់​ថា ពួកគេ​មិន​មាន​វិប្បដិសារី​នឹង​សកម្មភាព​របស់​ពួកគេ ដែល​នាំ​ឱ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ចាប់​ដាក់​ពន្ធនាគារ​នោះ​ឡើយ ព្រោះ​ថា​ក្នុង​នាម​ជា​យុវជន​នៃ​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ត្រូវ​មាន​កាតព្វកិច្ច​សំខាន់​បំផុត​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និង ទឹកដី​របស់​ខ្លួន ហើយ​ពួកគេ​នឹង​បន្ត​សកម្មភាព​បែប​នេះ​ទៅ​ថ្ងៃ​មុខ​ទៀត​ដោយ​គ្មាន​ការ​ភ័យខ្លាច​ឡើយ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវរស្មី យក​លិខិត​ដាក់​ស្នើសុំ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទទួល​ពានរង្វាន់ Right Livelihood នៅ​ទីក្រុង​ស្តុកហូម ប្រទេស​ស៊ុយអែត។

កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា បាន​យក​លិខិត​ស្នើសុំ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ដាក់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​បំណង​ទៅ​ចូលរួម​ក្នុង​ពិធី​ទទួល​ពានរង្វាន់ Rights Livelihood Award នៅ​ក្នុង​ទីក្រុង​ស្តុកហូម ប្រទេស​ស៊ុយអែត នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ បន្ទាប់ពី​មាន​លិខិត​អញ្ជើញ​ឱ្យ​ចូលរួម​ពី​អង្គការ Rights Livelihood ប៉ុន្តែ​ត្រូវ​សាលាដំបូង​ក្រុង​ភ្នំពេញ​បដិសេធ ក្រោម​ហេតុផល​ថា​គ្មាន​ភាព​ចាំបាច់។

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដូចជា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក លី ចន្ទ្រដារ៉ាវុធ និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា ពួកគេ​មាន​អង្គការ​ចាត់តាំង​ខុស​ច្បាប់​ពី​ក្រៅ​ប្រទេស ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម និង​ធ្វើ​សកម្មភាព​បំបែក​បំបាក់​ជាតិ ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» បទ «រួម​គំនិត​ក្បត់» និង​បទ «ប្រមាថ​អង្គ​ព្រះមហាក្សត្រ»។

យ៉ាងណាក៏ដោយ សកម្មជន​ទាំងនេះ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ការ​ដោះលែង​នេះ អ្នក​ខ្លះ​បាន​អនុវត្ត​ទោស​ចប់​តាម​ការ​កំណត់​របស់​តុលាការ ចំណែក​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ​សាកល្បង​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​គ្រប់​គ្នា​សុទ្ធតែ​មាន​ទោស​ផ្សេង​ទៀត អាច​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ ដែល​តុលាការ​មិន​ទាន់​ជំនុំជម្រះ​នៅឡើយ​ពី​បទ​ចោទ រួម​គំនិត​ក្បត់ និង​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស