39 C
Phnom Penh

រដ្ឋបាល​ខេត្ត​កំពង់ចាម​ចេញ​បំភ្លឺ​ករណី​លោក អឹម ហាច រង​នូវ​ការ​វាយ​ដំ​ក្រោយ​ផ្សាយ​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋបាល​ខេត្ត​កំពង់ចាម បំភ្លឺ​ថា ករណី​លោក អឹម ហាច ដែល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ដោយ​ការ​វាយ​ដំ និង​ការ​ចាប់​ចង គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​សមត្ថកិច្ច​ឡើយ ព្រោះ​ទាំងអស់​នោះ​គឺជា​ទង្វើ​របស់​អ្នក​ស្រុក​ដែល​ជា​ម្ចាស់​ផ្ទះ​ប៉ុណ្ណោះ ខណៈ​សកម្មភាព​ដឹក​ឈើ​ដែល​លោក អឹម ហាច បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២ ខែ​ធ្នូ កន្លង​ទៅ ក៏​មិន​មែន​ជា​ឈើ​ខុស​ច្បាប់​ដែរ។

រដ្ឋបាល​ខេត្ត​កំពង់ចាម ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ប្រជាពលរដ្ឋ ៤​នាក់​ដែល​បាន​ចាប់​ចង​លោក អឹម ហាច អះអាង​ថា ឈ្មោះ អឹម ហាច បាន​ចូល​ក្នុង​ផ្ទះ​របស់​ពួកគេ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ធ្វើ​សកម្មភាព​ថត​ទីកន្លែង​ទុក​ដាក់​ឈើ​ថែម​ទៀត ទើប​មាន​ករណី​ចាប់​ចង និង​វាយ​ដំ​នេះ​ឡើង ដូច្នេះ​ករណី​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម ចាត់ទុក​ថា​ជា​បញ្ហា​ជម្លោះ​កើត​ឡើង​រវាង​បុគ្គល និង​បុគ្គល​ប៉ុណ្ណោះ ពុំ​មាន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​នគរបាល​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា ចំណែក​លោក អឹម ហាច ក៏​ចោទ​ថា​អ្នក​ទាំង ៤​នាក់​នោះ​ថា ព្រោះតែ​ពួកគេ​គុំ​ខឹង​នឹង​ខ្លួន​ដែល​បាន​ថត​ផ្សាយ​វីដេអូ​ដឹក​ឈើ​តាំងពី​ពេល​ថ្ងៃ ទើប​ដល់​ពេល​យប់ ពួកគេ​ក៏​តាម​ដេញ​ធាក់​ផ្ដួល​ម៉ូតូ និង​ចាប់​ចង​លោក​នៅ​ចំណុច​ផ្ទះ​លក់​គ្រឿងសំណង់​យីហោ លី សេងហុង តែម្តង។

រដ្ឋបាល​ខេត្ត​កំពង់ចាម បញ្ជាក់​ថា ក្រោយពី​ស៊ើបសួរ​ចប់​សព្វគ្រប់ តំណាង​អយ្យការ​បាន​បញ្ជា​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​អនុញ្ញាត​ឱ្យ​ជនសង្ស័យ​ទាំងអស់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បន្ត​ចំណាត់ការ​តាម​នីតិវិធី​ជា​ធរមាន។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​លោក អឹម ហាច ត្រូវ​មនុស្ស​មួយ​ក្រុម​ព្រួត​គ្នា​វាយ​យ៉ាង​ដំណំ បន្ទាប់ពី​អ្នក​សារព័ត៌មាន​រូប​នេះ​ថត​សកម្មភាព​ដឹក​ឈើ​ក្នុង​ឃុំ​សូទីប ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម កាលពី​ពេល​ថ្មីៗ​នេះ។

ភរិយា​លោក អឹម ហាច គឺ​អ្នកស្រី ខេង សុខជា បាន​រៀបរាប់​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម កាលពី​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា អំឡុង​ពេល​ដែល​ប្តី​របស់​អ្នកស្រី​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ថត​សកម្មភាព​ដឹក​ឈើ​ក្នុង​ភូមិ​ប៉ាណា ឃុំ​សូទីប ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​នាំគ្នា​មក​ធាក់​ផ្តួល​ម៉ូតូ​របស់​ប្តី​អ្នកស្រី​ក្នុង​បំណង​ប្រើ​អំពើ​ហិង្សា។

អ្នកស្រី​បញ្ជាក់​ថា ដោយសារ​ប្តី​របស់​អ្នកស្រី​ភ័យខ្លាច ក៏​រត់ ប៉ុន្តែ​ត្រូវ​ក្រុម​មនុស្ស​ដែល​ដេញ​វាយ​ទាំងនោះ​ចោទ​ថា ប្តី​របស់​អ្នកស្រី​ជា​ចោរ និង​ព្រួត​គ្នា​វាយ​រហូត​ធ្វើ​ឱ្យ​លោក អឹម ហាច របួស​ជើង ហើយ​ពួកគេ​ក៏​បាន​ចង​ដៃ ចង​ជើង​ប្តី​របស់​អ្នកស្រី​ឱ្យ​ដេក​ននៀល​លើ​ដី​តែម្តង។

ចំណែក​លោក ផល្លា វុទ្ធី ដែល​មកពី​ស្ថាប័ន​ព័ត៌មាន FBR TV HOT NEWS អះអាង​កាលពី​ថ្ងៃទី​៣ ធ្នូ នេះ​ថា នៅ​ពេល​ទទួល​បាន​ដំណឹង​តាមរយៈ​លោក អឹម ហាច ពី​ការ​ដឹក​ឈើ​ដែល​គ្មាន​លិខិត​អនុញ្ញាត​នេះ​ភ្លាម លោក​បាន​ទាក់ទង​ទៅ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជើងព្រៃ ភ្លាមៗ​ដែរ តែ​មិន​ទទួល​បាន​ព័ត៌មាន​អ្វី​ទាំងអស់ ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជើងព្រៃ ផង​ដែរ ប៉ុន្តែ​មន្ត្រី​រូប​នោះ​បាន​ផ្តល់​លេខ​ទូរសព្ទ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ខ្លួន​ដែល​មិន​ដំណើរការ​ឱ្យ​ទៅ​រូបលោក។

លោក​បន្ថែម​ថា ក្រោយ​ទាក់ទង​ខាង​រដ្ឋបាល​ព្រៃឈើ​មិន​បាន លោក​ក៏​បាន​ទាក់ទង​ទៅ​អធិការ​ស្រុក​ជើងព្រៃ ភ្លាមៗ​ដែរ ប៉ុន្តែ​ត្រូវ​អធិការ​ស្រុក​ជើងព្រៃ ឆ្លើយ​ថា​ជា​ការងារ​ឥត​ប្រយោជន៍ ក្នុង​នោះ​អធិការ​ស្រុក​ជើងព្រៃ បញ្ជាក់​ថា បើ​មិន​ត្រូវ​រឿង​ខ្លួន គឺ​គាត់​មិន​មាន​ចំណាត់ការ​ទេ។ លើស​ពី​នេះ លោក​ក៏​បាន​សួរ​អធិការ​ស្រុក​ជើងព្រៃ បន្ថែម​ថា ហេតុ​អ្វី​លោក អឹម ហាច ត្រូវ​គេ​វាយ ប៉ុន្តែ​ត្រូវ​អធិការ​ស្រុក​ជើងព្រៃ រូប​នេះ​ឆ្លើយ​ថា មិន​មែន​គេ​វាយ​ទេ គឺ​លោក អឹម ហាច ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ប៉ុណ្ណោះ។

លោក ផល្លា វុទ្ធី បញ្ជាក់​ថា នៅ​ថ្ងៃទី​២ ខែ​ធ្នូ លោក អឹម ហាច បាន​ថត​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ពី​សំណាក់​មនុស្ស​មួយ​ក្រុម ប៉ុន្តែ​ត្រូវ​ថៅកែ​លក់​ឆ្នោត​ប្រចាំ​ស្រុក​ជើងព្រៃ​ម្នាក់​ប្រាប់​ឱ្យ​ឈប់​ថត ជា​ថ្នូរ​នឹង​ការ​ផ្តល់​លុយកាក់​ដោយ​សំអាង​ថា អ្នក​ដឹក​ឈើ​នោះ​គឺជា​មិត្តភក្ដិ​របស់​គេ ប៉ុន្តែ​លោក អឹម ហាច មិន​ព្រម លុះ​ដល់​ពេល​យប់ ថៅកែ​ឆ្នោត​នោះ​បាន​ឱ្យ​គ្នីគ្នា​របស់​គេ​មក​បបួល​លោក អឹម ហាច ទៅ​ទទួលទាន​អាហារ​ល្ងាច ដោយ​ពួកគេ​ជា​អ្នក​ចេញ​លុយ។

លោក ផល្លា វុទ្ធី គូស​បញ្ជាក់​ថា លុះ​ដល់​ពេល​ដែល​លោក អឹម ហាច ស្រវឹង ពួកគេ​ក៏​នាំគ្នា​ធាក់​ម៉ូតូ​លោក អឹម ហាច ផ្តួល​នៅ​ពេល​ដែល​ជនរងគ្រោះ​បម្រុង​នឹង​ធ្វើ​ដំណើរ​ចេញពី​កន្លែង​ទទួលទាន​អាហារ ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ពួកគេ​ក៏​នាំគ្នា​អូស​លោក អឹម ហាច ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​អ្នក​ស្រុក ដោយ​ចោទ​ថា​ជា​ចោរ និង​ព្រួត​គ្នា​វាយ​តែម្តង។

ចំណែក​លោក ហ៊ុយ ឧត្តម ដែល​មកពី​អង្គភាព​សារព័ត៌មាន សាន​ព្រហ្ម អះអាង​ថា អ្នក​សារព័ត៌មាន​ដែល​ផ្សាយ​ពី​បទល្មើស​ព្រៃឈើ តែង​ត្រូវ​គេ​វាយ​ដំ និង​ធ្វើ​ទារុណកម្ម​ជា​ប្រចាំ ប៉ុន្តែ​មេខ្លោង​ព្រៃឈើ​ដែល​ត្រូវ​បាន​សារព័ត៌មាន​ផ្សព្វផ្សាយ​កន្លង​មក មិន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទេ ខណៈ​អ្នក​សារព័ត៌មាន​ដែល​ផ្សាយ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំងនោះ តែងតែ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​ថែម​ទៀត ដូចជា​ករណី​លោក អឹម ហាច ជាដើម។

អ្នក​សារព័ត៌មាន​រូប​នេះ​បញ្ជាក់​ថា ការ​ចាប់​ចង និង​ការ​វាយ​ដំ​លើ​រូបលោក អឹម ហាច នេះ គឺជា​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ ទាំង​ដែល​អ្នក​សារព័ត៌មាន​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ផង​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស