34 C
Phnom Penh

ក្រសួង​មហាផ្ទៃ​គ្រោង​រំលាយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​ក្រោយ​រក​ឃើញ​ភាព​មិន​ប្រក្រតី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ជាច្រើន​នាក់ ទម្លាយ​ថា មន្ត្រី​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​ដែល​ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ ប្រមាណ​ជា ២០០​នាក់ កំពុង​ជ្រួលច្របល់​បន្ទាប់ពី​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា ក្រសួង​មហាផ្ទៃ​គ្រោង​នឹង​រំលាយ​គណៈកម្មាធិការ​នេះ បន្ទាប់ពី​ដក​តំណែង​អនុប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក គឹម ជាតិ ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។

ប្រភព​ពី​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ ដែល​គួរ​ឱ្យ​ទុកចិត្ត​បាន​ជាច្រើន​នាក់ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា តាម​ព័ត៌មាន​ផ្ទៃក្នុង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រំលាយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​រួច​ហើយ រង់ចាំ​តែ​ថ្ងៃ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​លក្ខខណ្ឌ​ផ្សេង​ដែរ ទី​១ គឺ​ត្រូវ​រំលាយ​គណៈកម្មាធិការ​នេះ​តែម្តង ចំណែក​ទី​២ គឺ​ត្រូវ​ដក​មន្ត្រី​នៃ​គណៈកម្មាធិការ​នេះ​ទាំងអស់ និង​ត្រូវ​ជំនួស​ដោយ​មន្ត្រី​វិញ។

ប្រភព​មន្ត្រី​ដដែល​អះអាង​ថា មុន​នឹង​អនុប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក គឹម ជាតិ ត្រូវ​បាន​ដក​តំណែង ខាង​អធិការកិច្ច​បាន​ហៅ​មន្ត្រី​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​ទៅ​សួរនាំ​ក្នុង​ម្នាក់ៗ ៣ ទៅ ៤​លើក ប៉ុន្តែ​ចុងក្រោយ គេ​បាន​រក​ឃើញ​ថា​លោក គឹម ជាតិ មាន​កំហុស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើពុករលួយ ដូច្នេះ​ក្រសួង​មហាផ្ទៃ​ក៏​សម្រេច​បញ្ចប់​មុខតំណែង​របស់​គាត់​តែម្តង​ទៅ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ខាងលើ​លើក​ជា​សំណួរ​ថា បើ​ក្រសួង​មហាផ្ទៃ​រក​ឃើញ​ថា​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​ទោស​កំហុស ហេតុ​អ្វី​ក្រសួង​មិន​ពិន័យ​ត្រឹមតែ​បុគ្គល​នោះ​ទៅ​បាន​ហើយ ចាំបាច់​អី​ត្រូវ​រំលាយ​គណៈកម្មាធិការ​នេះ ឬ​ដក​មន្ត្រី​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​នេះ ឱ្យ​ទៅ​ធ្វើការ​នៅ​កន្លែង​ដើម​វិញ ដោយ​បញ្ចូល​មន្ត្រី​ថ្មី​ទាំងអស់​នោះ។

ប្រភព​មន្ត្រី​ខាងលើ​បញ្ជាក់​ថា ពួកគេ​មិន​ហ៊ាន​សួរ​រក​ហេតុ​រក​ផល​ជាមួយ​នឹង​ថ្នាក់លើ​របស់​ខ្លួន​ទេ ព្រោះ​ថា​នៅ​ពេល​ដែល​មាន​ការ​សួរ​ដេញដោល ច្បាស់​ជា​ត្រូវ​គេ​ចោទ​ថា​ជា​ក្រុម​ប្រឆាំង​ជាមិនខាន​ដូច្នេះ​ទោះ​មាន​រឿង​អ្វី ឬ​អយុត្តិធម៌​បែប​ណា​ក៏ដោយ ក៏​ពួកគេ​មិន​ហ៊ាន​សួរ​ដេញដោល ឬ​តវ៉ា​អ្វី​ដែរ។

កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ អនុប្រធាន​គណៈកម្មាធិការ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​លោក គឹម ជាតិ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ពី​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បន្ទាប់ពី​លោក​បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​ក្រុមហ៊ុន​លក់​ស្រា​មួយ ដែល​បាន​ប្ដឹង​ទៅ​អគ្គាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ ថា​បាន​គាប​យក​លុយ​ក្រុមហ៊ុន​ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក និង​ស្រា​ថ្លៃៗ​ប្រមាណ​ជា ៥០​ដប កាលពី​ពេល​កន្លង​ទៅ។

ករណី​លោក គឹម ជាតិ មិន​ចប់​ត្រឹម​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​ពី​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​ក៏​កំពុង​បន្ត​វិធានការ​រឿង​ព្រហ្មទណ្ឌ​ថែម​ទៀត​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដោយសារតែ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស សុខា បាន​ចេញ​សេចក្តី​សម្រេច​មួយ​ឲ្យ​ផ្អាក​សកម្មភាព​របស់​ក្រុម​ការងារ​នៃ​ក្រុម​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​ភ្លាមៗ ក្រោយ​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ជុំវិញ​ការ​អនុវត្ត​តួនាទី​របស់​ពួកគេ។

លោក ទូច សុខៈ អះអាង​ថា អគ្គាធិការដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ ក៏​បាន​ធ្វើការ​អង្កេត​ស្រាវជ្រាវ​ទៅ​លើ​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ ក្នុង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ដែរ ដោយ​ធ្វើការ​អង្កេត ស្រាវជ្រាវ និង​អធិការកិច្ច​ទៅ​លើ​នៃ​ការ​បំពេញ​តួនាទី​ភារកិច្ច​របស់​ក្រុម​ការងារ​នីមួយៗ ដែល​ស្ថិត​ក្នុង​ឱវាទ​ក្រសួង​មហាផ្ទៃ​ផង​ដែរ​បន្ទាប់ពី​មាន​បញ្ហា។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា ក្រោយ​ការ​ស្រាវជ្រាវ បាន​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ហើយ​អង្គភាព​សាមី​ក៏​បាន​ធ្វើ​របាយការណ៍​ជូន​ទៅ​លោក ស សុខា និង​ក្រុមប្រឹក្សា​វិន័យ រួម​ទាំង​ថ្នាក់​ដឹកនាំ​របស់​ក្រសួង ដើម្បី​ពិនិត្យ​ពិចារណា វិនិច្ឆ័យ សម្រេច ក្នុង​ការ​ដាក់​ទណ្ឌកម្ម ឬ​វិន័យ​ផ្សេងៗ​ទៅ​តាម​វិន័យ​កងកម្លាំង ០០៦ របស់​នគរបាល​ជាតិ និង​លិខិត​បទដ្ឋាន​ជា​ធរមាន​ផ្សេងៗ​ទៀត​ដែរ។

កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៤ លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​នៅ​ពេល​នោះ បាន​បង្កើត​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​នេះ​ឡើង ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​ស្រាវជ្រាវ​ផលិតផល​ក្លែងក្លាយ​ដែល​នាំចូល ផលិត ស្តុក​ទុក និង​ចែកចាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​គណៈកម្មាធិការ​នេះ​ក៏​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ចោល​ដែរ​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស