35 C
Phnom Penh

សហរដ្ឋ​អាមេរិក​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​យោធា​ឡើងវិញ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក កំពុង​ព្យាយាម​បោះ​ដៃ​រឹត​ចំណង​មិត្តភាព​ខាង​វិស័យ​សហប្រតិបត្តិការ​យោធា​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​នៃ​រាជាណាចក្រ​កម្ពុជា​ឡើងវិញ ក្នុង​ពេល​គណៈប្រតិភូ​សហ​ក្រសួង​កិច្ចការ​បរទេស និង​កិច្ច​ការពារ​ជាតិ បំពេញ​ទស្សនកិច្ច​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

ក្រៅពី​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ សីហា នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ លោក Jedidiah ឬ Jed Royal ភូឈួយ​ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក បាន​ជួប​ពិភាក្សា​ដោយឡែក​ជាមួយ​អគ្គមេបញ្ជាការ​កងទ័ព​ជាតិ ឧត្តមសេនីយ៍ វង្ស ពិសេន ដោយ​បាន​សម្ដែង​អំពី​បំណង​រឹត​ចំណង​សហប្រតិបត្តិការ​ដូច​មុន​ឡើងវិញ​ជាមួយ​ប្រទេស​កម្ពុជា។

ក្នុង​កិច្ចពិភាក្សា​នោះ មន្ត្រី​អាមេរិកាំង​បាន​និយាយ​អំពី​ការ​ចូលរួម​ធ្វើ​សហប្រតិបត្តិការ​រួម​គ្នា​ក្នុង​ការ​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ក្នុង​ភូមិភាគ​អាស៊ី ហើយ​និង​សារសំខាន់​នៃ​ការ​ធានា​ការពារ​អធិបតេយ្យ​ជាតិ​នៃ​ប្រទេស​កម្ពុជា។

លោក Jed Royal រំឭក​ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​បញ្ហា​ប្រឈមមុខ​មួយ​ចំនួន​ក្នុង​ទំនាក់ទំនង​យោធា ប៉ុន្តែ​បាន​អះអាង​ជា​ថ្មី​អំពី​ចេតនា​ធ្វើ​ឲ្យ​ចំណង​មិត្តភាព​រស់​ឡើងវិញ ដើម្បី​គោលដៅ និង​ប្រយោជន៍​រួម ហើយ​ក៏​ឆ្លៀត​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​កំពុង​តែ​មាន​ចំពោះ​មុខ។ ក្នុង​ន័យ​នេះ សហរដ្ឋ​អាមេរិក​ចង់​ផ្តើម​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ខាង​វិស័យ​យោធា​ជាមួយ​គ្នា​ឡើងវិញ ហើយ​ក៏​នឹង​ផ្តល់​ជំនួយ​ខាង​ដោះ​មីន និង​មនុស្សធម៌ ព្រមទាំង​ទទួល​យក​សិក្ខាកាម​យោធា​ទៅ​រៀន​នៅ​ឯ​មជ្ឈមណ្ឌល​សិក្សា​អាស៊ី-ប៉ាស៊ីហ្វិក ផ្នែក​សន្តិសុខ Daniel Inouye នៅ​រដ្ឋ​ហាវ៉ៃ។

គួរ​រំឭក​ថា ប្រមាណ​ជិត​មួយ​ទសវត្ស​មុន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch រាយការណ៍​ថា ការ​បង្វឹកបង្វឺន​បង្ហាត់​បង្រៀន​សមាជិក​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​នៃ​ប្រទេស​កម្ពុជា​ពី​សំណាក់​កងទ័ព​សហរដ្ឋ​អាមេរិក ហាក់បីដូចជា​បង្រៀន​ឲ្យ​ទៅ​រំលោភ​សិទ្ធិមនុស្ស ពីព្រោះ​អ្នក​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ប្រើ​កងកម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ​ស៊ីវិល​ដែល​ធ្វើ​បាតុកម្ម​អហិង្សា។

អង្គការ​សិទ្ធិមនុស្ស​និយាយ​ថា ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក អាច​នឹង​បំពាន​ច្បាប់ និង​គោល​នយោបាយ​អាមេរិកាំង ដែល​សភា​ជាតិ​បាន​កំណត់​ក្នុង​ច្បាប់​ចំណាយ​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​រដ្ឋាភិបាល។ ពេល​រឿង​ហ្នឹង​បែកធ្លាយ គេ​បញ្ឈប់​កម្មវិធី​ហ្វឹកហ្វឺន​រួម​គ្នា​ម្តង​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស