36 C
Phnom Penh

កិច្ចសម្ភាសន៍​លោក ជា យូហ៊ន អតីត​ចៅហ្វាយក្រុង Greater Dandenong ប្រទេស​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជា យូហ៊ន គឺជា​អតីត​ជន​ភៀសខ្លួន​ខ្មែរ​មួយ​រូប​ពី​ប្រទេស​កម្ពុជា ដោយ​ធ្លាប់​បាន​ឆ្លងកាត់​នូវ​របប​វាល​ពិឃាត ប៉ុល ពត ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី នៅ​ដើម​ទសវត្សរ៍​១៩៨០។

មុន​មក​កាន់​ប្រទេស​អូស្ត្រាលី លោក​បាន​ឆ្លងកាត់​ការ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ជំរំ​ជន​ភៀសខ្លួន​ខៅអ៊ីដាង ក្នុង​ប្រទេស​ថៃ។ ក្រោយ​ស្នាក់នៅ​ជំរំ​នេះ​បាន​មួយ​រយៈ នៅ​ឆ្នាំ​១៩៨២ លោក​ក៏​បាន​ឈាន​ជើង​មក​ដល់​ប្រទេស​អូស្ត្រាលី ហើយ​បន្ត​រស់នៅ​លើ​ទឹកដី​សេរីភាព ឬ​ទឹកដី​ប្រជាធិបតេយ្យ​មួយ​នេះ​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

ក្រោយ​កសាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​នៃ​សេរីភាព​ដ៏​អស្ចារ្យ​មួយ​នេះ លោក ជា យូហ៊ន បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​សង្គមកិច្ច​នៅ​ឆ្នាំ​១៩៨៤ ប៉ុន្តែ​ក្រោយពី​បម្រើ​ការងារ​ជា​បុគ្គលិក​សង្គមកិច្ច​បាន ១​ឆ្នាំ លោក​ក៏​បាន​បង្កើត​សមាគម​ខ្មែរ​វិចថូរៀ (Victoria) នៅ​ឆ្នាំ​១៩៨៥។ លោក ជា យូហ៊ន បាន​ដឹកនាំ​សមាគម​រហូត​ដល់​ឆ្នាំ​១៩៩៧ ដែល​ពេល​នោះ​លោក​បាន​ជាប់​ឆ្នោត​ធ្វើជា​ចៅសង្កាត់​នៅ​តំបន់ Springvale តែម្តង។

ក្រោយ​បម្រើ​ការងារ​ជា​ចៅសង្កាត់ លោក ជា យូហ៊ន ត្រូវ​បាន​សហគមន៍​ខ្មែរ និង​ពលរដ្ឋ​ជាតិ​សាសន៍​អាស៊ី​ដទៃ​ទៀត​ដែល​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី បោះឆ្នោត​គាំទ្រ​ឱ្យ​លោក​ធ្វើជា​ចៅហ្វាយក្រុង Greater Dandenong ចំនួន ៦​អាណត្តិ​ជាប់ៗ​គ្នា ដែល​មាន​រយៈពេល​ជាង ២០​ឆ្នាំ ប៉ុន្តែ​លោក​បាន​ចូល​និវត្តន៍​នៅ​អំឡុង​ឆ្នាំ​២០២០ កន្លង​ទៅ​នេះ។

អំឡុង​ពេល​ដែល​លោក ជា យូហ៊ន ធ្វើជា​ចៅហ្វាយក្រុង Greater Dandenong លោក​បាន​ខិតខំ​ជួយ​សម្រួល​ដល់​ការ​រស់នៅ​ពលរដ្ឋ​ភៀសខ្លួន​ផ្សេង​ទៀត​ដែល​ទទួល​បាន​នូវ​សិទ្ធិ​ជ្រកកោន​ស្រប​ច្បាប់​ទៅ​រស់នៅ​ក្នុង​ទីក្រុង​មែលប៊ន ប្រទេស​អូស្ត្រាលី ជាពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​ភៀសខ្លួន​ដោយសារ​របប ប៉ុល ពត និង​ការ​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​ដោយសារ​ការ​តាម​ចាប់​ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​ខ្មែរ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅពី​ការងារ​ជា​ចៅហ្វាយក្រុង លោក ជា យូហ៊ន ក៏​តែងតែ​ដឹកនាំ​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី តស៊ូ​មតិ​ដោយ​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​លើកស្ទួយ​នូវ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​យ៉ាង​សកម្ម និង​ស្វិតស្វាញ​ជាទីបំផុត​រហូត​មក​ទល់​ពេលនេះ ទោះបីជា​លោក​មាន​វ័យ​ចំណាស់​បន្តិច​បន្ទាប់ពី​ចូល​និវត្តន៍​ពី​ការងារ​ជា​ចៅហ្វាយក្រុង Greater Dandenong ទៅ​ហើយ​ក្តី។

ថ្វីត្បិតតែ​លោក​បាន​ចូល​និវត្តន៍​ពី​ការងារ​ជា​ចៅហ្វាយក្រុង​ក៏​ពិត​មែន ប៉ុន្តែ​បច្ចុប្បន្ន លោក ជា យូហ៊ន នៅតែ​បន្ត​ធ្វើជា​ប្រធាន​សមាគម​ខ្មែរ​នៅ​ក្នុង​រដ្ឋ​វិចថូរៀ និង​ធ្វើ​ការ​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស