32 C
Phnom Penh

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​លោក ហុង លីម អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហុង លីម គឺជា​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ ហើយ​លោក​ក៏​ជា​តំណាងរាស្ត្រ​អូស្ត្រាលី​ជនជាតិ​អាស៊ី​ដំបូង​គេ​បង្អស់​ប្រចាំ​រដ្ឋ​វីកថូវៀ (Victoria)។ លោក ហុង លីម មាន​ដើមកំណើត​មកពី​ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រទេស​កម្ពុជា។

លោក​ជា​បញ្ញវន្ត​ជាន់ខ្ពស់​មួយ​រូប​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ​នៅ​អំឡុង​ឆ្នាំ​១៩៧០។ ដោយសារ​លោក​ពូកែ និង​មាន​ជំនាញ​ខ្ពស់​ខាង​ភាសា​អង់គ្លេស លោក​ក៏​បាន​ប្រឡង​ជាប់​អាហារូបករណ៍​មក​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី នៅ​អំឡុង​ឆ្នាំ​១៩៧០។ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី លោក​បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដែល​បាន​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​១៩៧៥។

ក្រោយ​បញ្ចប់​ការ​សិក្សា លោក ហុង លីម ក៏​មាន​បំណង​ត្រឡប់​ទៅ​ជួយ​ទឹកដី​កំណើត​របស់​លោក​វិញ​ដែរ ប៉ុន្តែ​ដោយសារតែ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​សម្រេច​បន្ត​ការ​សិក្សា​យក​ថ្នាក់​អនុបណ្ឌិត​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ក្នុង​ប្រទេស​អូស្ត្រាលី​ថែម​ទៀត។

លោក ហុង លីម បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី នួន ច័ន្ទបុប្ផា នៅ​ឆ្នាំ​១៩៧៤ ហើយ​ក្រោយ​មក លោក និង​ភរិយា​ទទួល​បាន​បុត្រា​ពីរ​នាក់។

ភរិយា​របស់​លោក​ក៏​ជា​អតីត​និស្សិត​រៀន​ពូកែ​មួយ​រូប​ប្រចាំ​មហាវិទ្យាល័យ​អក្សរសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​អំឡុង​ទសវត្សរ៍​ទី​៧០។ ក្នុង​ពេល​នោះ អ្នកស្រី​ក៏​បាន​ទទួល​នូវ​អាហារូបករណ៍​មក​រៀន​ក្នុង​ប្រទេស​អូស្ត្រាលី ដែរ។

នៅ​ប្រទេស​អូស្ត្រាលី អ្នកស្រី នួន ច័ន្ទបុប្ផា បាន​រៀន​ចប់​សាលា​គរុកោសល្យ​ខាង​ផ្នែក​ភាសា​អង់គ្លេស ដែល​ជា​ភាសា​ទី​ពីរ​ពី​សាកលវិទ្យាល័យ ស៊ីដនី នៅ​ឆ្នាំ​១៩៧៥។

អំឡុង​ពេល​ដែល​លោក ហុង លីម បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​ក៏​ឆ្លៀត​ពេល​ជួយ​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត​ដែល​បាន​ភៀស​ខ្លួន​មក​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ លោក​ជា​អ្នក​ដែល​មាន​វោហារសាស្ត្រ​ដ៏​ឆ្នើម​មួយ​រូប​ក្នុង​ការ​ចូលរួម​តស៊ូ​មតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី អនុម័ត​ច្បាប់​នានា​ក្នុង​បុព្វហេតុ​លើក​កម្ពស់​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​សម្រាប់​បណ្តា​ប្រទេស​ទាំងនោះ។

ស្ទើរតែ​ពេញ​មួយ​ជីវិត លោក ហុង លីម បាន​បូជា​កម្លាំង​កាយ កម្លាំង​ចិត្ត មិន​គិត​ពី​ការ​នឿយហត់​ក្នុង​ការ​ជួយ​ជន​ភៀស​ខ្លួន​ខ្មែរ ភូមា ឡាវ វៀតណាម និង​ចិន ឲ្យ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី។

លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​ជួយ​រក​ទីជម្រក ជួយ​មើល​កិច្ចសន្យា​ផ្លូវច្បាប់ ជួយ​រក​ប្រាក់​ជំនួយ​ជួយ​រក​សាលា​ឱ្យ​កូនក្មេង ជួយ​បង្កើត​វត្ត​អារាម ជួយ​រៀបចំ​ឯកសារ​ចូល​សញ្ជាតិ​អូស្ត្រាលី និង​ជួយ​ទាមទារ ឬ​ធ្វើ​ឯកសារ​ផ្លូវច្បាប់​ដើម្បី​អាច​ឲ្យ​ពួកគេ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ប្រទេស​អូស្ត្រាលី ពី​ជំរំ​ជនភៀសខ្លួន​ជាច្រើន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ដល់​ជនភៀសខ្លួន​ទាំងឡាយ លោក​ត្រូវ​បាន​តបស្នង​មក​វិញ​ដោយ​ពលរដ្ឋ​ទាំងនោះ​ភាគច្រើន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ឲ្យ​លោក​ឈរឈ្មោះ​ជា​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ពលករ ឬ​ហៅថា ‹Labor Party› ដែល​ជា​គណបក្ស​មាន​ឥទ្ធិពល​ដ៏​ធំ​មួយ​ក្នុង​ឆាក​នយោបាយ​របស់​ប្រទេស​អូស្ត្រាលី នៅ​ឆ្នាំ​១៩៩៦។

ក្នុង​នាម​ជា​តំណាងរាស្ត្រ​អូស្ត្រាលី មាន​ឈាមជ័រ​ជា​ជនជាតិ​អាស៊ី​ដំបូង​គេ​បង្អស់​ក្នុង​រដ្ឋ​វីកថូវៀ (Victoria) លោក ហុង លីម បាន​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ដល់​មហាជន និង​ម្ចាស់​ឆ្នោត​បាន​ឃើញ​អំពី​ភាព​ក្លាហាន​របស់​លោក​ក្នុង​ការ​ជជែក​វែកញែក​តតាំង​នៅ​ក្នុង​រដ្ឋសភា និង​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​បន្ត​ជួយ​ជន​ភៀស​ខ្លួន​អាស៊ីអាគ្នេយ៍​ដែល​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​នេះ​ថែម​ទៀត។

ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ លោក​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី តាក់តែង​ច្បាប់ និង​អនុវត្ត​ច្បាប់​នានា​ក្នុង​ការ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​សម្រាប់​ប្រទេស​កម្ពុជា វៀតណាម ឡាវ និង​ភូមា។

ទោះបី​លោក​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៨ ទៅ​ហើយ​ក៏ដោយ ប៉ុន្តែ​លោក​នៅតែ​តាមដាន​នយោបាយ និង​បញ្ហា​សង្គម​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត។

សូម​លោក​អ្នកនាង​ទស្សនា​កិច្ចសម្ភាសន៍​រវាង​លោក តាំង សារ៉ាដា និង​លោក ហុង លីម ដែល​មាន​សេចក្តី​ដូច​តទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស