ដោយ តាំង សារ៉ាដា
ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជាអ្នកនយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរពីលោក ហុង លីម ក្នុងគណបក្សពលករ (Labor party) ដែលមានប្រជាប្រិយភាពមួយរូបដែលមានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួនទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះ ដូចជាពលរដ្ឋខ្មែរ ពលរដ្ឋវៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។
លោក តាក់ ម៉េងហ៊ាង ដែលបច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ គឺជាកូនរបស់គ្រួសារអន្តោប្រវេសន៍មានដើមកំណើតពីស្រុកឈូក ខេត្តកំពត។ លោកបានមករស់នៅប្រទេសអូស្ត្រាលី នៅឆ្នាំ១៩៩៦ តាមរយៈកម្មវិធីមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី។ លោក តាក់ ម៉េងហ៊ាង គឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន ៥នាក់។ នៅពេលលោកមកដល់ប្រទេសអូស្ត្រាលី ក្នុងវ័យ ១៦ឆ្នាំនោះ លោកបានចូលរៀនសាលាភាសាអង់គ្លេសមួយរយៈពេលសិន មុននឹងបន្តចូលរៀនថ្នាក់វិទ្យាល័យឡើងវិញ។
បន្ទាប់មក លោកបានបន្តចូលរៀននៅសាកលវិទ្យាល័យ វិចតូរីយ៉ា (Victoria University) រហូតទទួលបានសញ្ញាបត្របរិញ្ញាបត្រចំនួនពីរ គឺផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយនៅឆ្នាំ២០០៦។
មុននឹងចូលប្រឡូកក្នុងឆាកនយោបាយ លោក តាក់ ម៉េងហ៊ាង ធ្លាប់ធ្វើជាមេធាវីរយៈពេល ៥ឆ្នាំ បន្ទាប់មកលោកបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដែលផ្តល់សេវាផ្នែកច្បាប់ទៅដល់ពលរដ្ឋនៅឆ្នាំ២០០៨។
ក្រៅពីនេះ លោកក៏ធ្លាប់ធ្វើជាអ្នកអត្ថាធិប្បាយនៅវិទ្យុ SBS ខ្មែរ រយៈពេល ១០ឆ្នាំដែរ និងធ្វើជាអ្នកបកប្រែភាសានៅតាមមន្ទីរពេទ្យ តាមសាលារៀន និងតុលាការថែមទៀត។
នៅពេលនោះហើយដែលធ្វើឱ្យលោកបានដឹងអំពីសេចក្តីត្រូវការរបស់សហគមន៍ខ្មែរកាន់តែខ្លាំងឡើងៗ ហើយក៏ដោយសារតែកត្តានេះដែរ ដែលជំរុញឱ្យរូបលោកចូលរួមសកម្មភាពក្នុងសង្គមកាន់តែខ្លាំង ដើម្បីបានដឹងឱ្យកាន់តែច្រើនអំពីសេចក្តីត្រូវការរបស់សហគមន៍ខ្មែរថែមទៀត។
ដោយសារតែមានការគាំទ្រ និងលើកទឹកចិត្តពីអតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរលោក ហុង លីម និងប្រធានសមាគមខ្មែរសាជីវកម្ម លោក ជា យូរហ៊ន លោក តាក់ ម៉េងហ៊ាង បានចាប់ផ្តើមចូលប្រឡូកក្នុងកិច្ចការនយោបាយពេញទំហឹងតែម្តងបន្ទាប់ពីលោកបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងដែនឌឺណុង (Dandenong) ពីរអាណត្តិ តាំងពីឆ្នាំ២០១២ និងបានឡើងធ្វើជាអភិបាលក្រុងមួយអាណត្តិនៅឆ្នាំ២០១៦ ដែរនោះ។
បន្ទាប់មកទៀត នៅឆ្នាំ២០១៨ លោកបានលាឈប់ពីចៅហ្វាយក្រុង ហើយឈរឈ្មោះ និងជាប់ឆ្នោតជាតំណាងរាស្ត្របន្តវេនពីលោក ហុង លីម ដែលជាតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរដំបូងគេរហូតមកដល់សព្វថ្ងៃនេះ។
ក្រោយពីជាប់ឆ្នោតជាតំណាងរាស្ត្រ លោក តាក់ ម៉េងហ៊ាង ក៏បានធ្វើការមិនខុសពីលោក ហុង លីម ដែរ ដែលតែងតែជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី តាក់តែងច្បាប់ និងអនុវត្តច្បាប់ ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជារហូតដល់សព្វថ្ងៃនេះ៕
© 2024 – 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

