ក្រសួងអប់រំ យុវជន និងកីឡា ណែនាំឱ្យលោកគ្រូអ្នកគ្រូតាមសាលា បើកទ្វារបង្អួចបន្ទប់រៀនឱ្យស្រឡះ ព្រមទាំងបាញ់ទឹកនៅតាមទីធ្លាគ្រឹះស្ថានសិក្សា និងដំបូលអគារសិក្សាតាមលទ្ធភាពជាក់ស្ដែង ដើម្បីបន្ថយកម្ដៅ និងបង្ការដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយនៅថ្ងៃទី៣០ មេសា នេះ បានឲ្យដឹងថា ឆ្លើយតបទៅនឹងការឡើងកម្ដៅខ្លាំង ដើម្បីថែរក្សាសុខភាព និងបង្ការជំងឺនានាអំឡុងពេលអាកាសធាតុក្ដៅខ្លាំងនេះ ក្រសួងអប់រំបានណែនាំដល់បុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវស្លៀកសម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់វ៉ែនតាការពារពន្លឺថ្ងៃ ពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆត្រជារបាំងការពារកម្ដៅថ្ងៃពេលចេញក្រៅ។
ប្រភពដដែលបានលើកឡើងថា ការឡើងកម្ដៅខ្លាំងអាចបង្កហានិភ័យដល់សុខភាព ដូចជា ជំងឺបេះដូង ជំងឺសួត រលាកស្បែកឡើងក្រហម និងអាចបង្កជាជំងឺផ្សេងៗ ដូចជា ជំងឺរាក ជំងឺកង្វះអាហារូបត្ថម្ភ ឬក៏អាចមានបញ្ហាសុខភាពផ្លូវចិត្ត ជាដើម។ ប្រសិនបើមានរោគសញ្ញាដូចជាវិលមុខ ចង្អោរ ឬក្អួត ឈឺក្បាល មាត់ស្ងួត រមួលសាច់ដុំ ជារោគសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ ហើយសម្រាកពី ២ ទៅ ៥នាទី ហើយពិសាទឹកត្រជាក់យឺតៗកុំបន្តសកម្មភាព ព្រោះអាចមានហានិភ័យខ្ពស់។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំដដែល បានលើកឡើងថា ចំពោះវិធានការអនុវត្តនៅតាមគ្រឹះស្ថានសិក្សា គ្រូៗត្រូវណែនាំសិស្សឱ្យលេងក្នុងម្លប់ ឬនៅក្នុងបន្ទប់រៀននៅពេលចេញលេង។
តាមសាលាទាំងអស់ ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ទទួលទាន និងទឹកសម្រាប់ប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សាឱ្យបានសមស្របតាមតម្រូវការ។
ក្រសួងអប់រំ បានសង្កត់ធ្ងន់ថា ត្រូវបាញ់ទឹកដាក់ទីធ្លាគ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សាតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែង ដើម្បីបន្ថយកម្ដៅ ឬអាចពិភាក្សាជាមួយអ្នកអាណាព្យាបាលសិស្សដើម្បីរកលទ្ធភាពបំពាក់កង្ហារនៅតាមបន្ទប់រៀន ជាដើម។
ក្រសួងអប់រំ ក៏តម្រូវឱ្យសាលាទាំងអស់បន្តដាំ និងថែរក្សាដើមឈើដែលមានស្រាប់នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដើម្បីក្លាយជាម្លប់កាត់បន្ថយកម្តៅ។ ចំណែកគ្រូៗត្រូវពិនិត្យតាមដានឱ្យបានញឹកញាប់ និងជាប្រចាំលើសុខភាពរបស់សិស្សានុសិស្ស ដែលបង្កដោយអាកាសធាតុក្តៅខ្លាំង ជាពិសេសកុមារតូចៗ។
ប្រទេសជាច្រើនក្នុងតំបន់អាស៊ី ទទួលរងរលកកម្តៅក្តៅខ្លាំង ដូចជានៅប្រទេសហ្វីលីពីន បានសម្រេចបិទសាលា និងឲ្យកូនសិស្សរៀនពីចម្ងាយតាមអនឡាញ។ វៀតណាម នៅប៉ែកខាងជើងប្រទេសដែលធ្លាប់តែល្បីត្រជាក់ ពេលនេះកម្តៅក្តៅជាង ៤៣អង្សា។ រីឯនៅថៃ ក្តៅជាច្រើនថ្ងៃជាប់ៗគ្នា ហើយកម្តៅហក់ឡើងដល់ជាង ៤៤អង្សា ខណៈប្រទេសបង់ក្លាដេស ក្តៅខ្លាំងដល់ថ្នាក់ប្រកាសអាសន្ន។
អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ស្ថានភាពនៅកម្ពុជាមិនទាន់ឈានដល់កម្រិតនៃការបិទសាលារៀននៅឡើយទេ ក្នុងករណីដែលសាលារៀនមិនអាចទប់ទល់នឹងស្ថានភាពកម្តៅបាន គឺត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ទីរអប់រំនៅតាមរាជធានី និងខេត្ត។
អ្នកជំនាញអាកាសធាតុក្រើនរំឭកថា កំណើនកម្តៅផែនដីកើតចេញពីការប្រែប្រួលអាកាសធាតុ បង្កចេញពីទង្វើមនុស្សតាមរយៈសកម្មភាពឧស្សាហកម្ម។ វាបានធ្វើឲ្យសីតុណ្ហភាពរឹតតែក្តៅទៅៗ រដូវក្តៅ និងរលកកម្តៅកាន់តែក្តៅមានរយៈពេលយូរ និងកាន់តែញឹកញាប់ ហើយនឹងកាន់តែគ្រោះថ្នាក់៕