អ្នកនាំពាក្យនៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ លោក ថោង សូលីម៉ូ អះអាងថា សមយុទ្ធនាគមាសរវាងកម្ពុជា និងចិន មិនគំរាមកំហែងប្រទេសណាឡើយ ខណៈសមយុទ្ធនាគមាសរួមគ្នា នឹងចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា នេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ។
បើតាមអ្នកនាំពាក្យនៃអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទរូបនេះឲ្យដឹងទៀតថា សមយុទ្ធនាគមាស នឹងធ្វើឡើងនៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងសង្គ្រោះមនុស្សធម៌»។
លោក ថោង សូលីម៉ូ ថ្លែងនៅក្នុងសន្និសីទកាសែតស្ដីពីសមយុទ្ធនាគមាស កាលពីថ្ងៃទី១៣ ខែឧសភា ថា ការធ្វើសមយុទ្ធនេះ គឺផ្ដោតជាសំខាន់ទៅលើប្រធានបទការប្រឆាំងអំពើភេរវកម្ម និងកិច្ចការមនុស្សធម៌ ដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ ហើយការធ្វើសមយុទ្ធនេះ មិនមានបំណងគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។
ប្រភពដដែលបានអះអាងថា សមយុទ្ធលើកទី៦ នេះ ជាលក្ខណៈទ្រង់ទ្រាយធំ បើគិតចាប់តាំងពីឆ្នាំ២០១៦ មក ខណៈប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍វាសនាតែមួយថែមទៀតផង។
លោក ថោង សូលីម៉ូ ថ្លែងថា ចំពោះកងកម្លាំងដែលនឹងចូលរួមក្នុងសមយុទ្ធនេះមានចំនួន ២០៧៥នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទកម្ពុជាមានចំនួន ១៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិន មានចំនួន ៧៦០នាក់។
សមយុទ្ធលើគោកមានរថពាសដែក និងរថយន្តគ្រប់ប្រភេទទាំងអស់ចំនួន ៦៩គ្រឿង រួមទាំងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ និងបរិក្ខារបញ្ជូនសារធាតុគីមីជាច្រើនឈុតទៀត។
ចំណែកសមយុទ្ធលើទឹកមាននាវាចម្បាំងចំនួន ១៤គ្រឿង ឧទ្ធម្ភាគចក្រចំនួន ២គ្រឿង និងសម្ភារៈយោធាជាច្រើនទៀត។
លោក ថោង សូលីម៉ូ អំពាវនាវដល់សាធារណជនទាំងអស់ កុំមានការព្រួយបារម្ភ ប្រសិនឃើញមានការចល័ត ឬផ្លាស់ទីរបស់កងទ័ពនាអំឡុងពេលសមយុទ្ធនេះកើតឡើង។
អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការធ្វើសមយុទ្ធនេះជាការល្អក្នុងការពង្រឹងសមត្ថភាពកងទ័ពកម្ពុជាតាមរយៈសមយុទ្ធនានា និងថាវារឹតតែប្រសើរជាងនេះទៅទៀត ប្រសិនបើកម្ពុជានៅមានសមយុទ្ធឆ្មាំអង្គរជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធគោព្រៃជាមួយយោធាអូស្ត្រាលី អាចនឹងជួយទាញទំនាក់ទំនងវិស័យការទូត និងយោធាកម្ពុជាឲ្យនៅជាអព្យាក្រឹត។
សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន គឺបានធ្វើឡើងតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារតែប្រទេសទាំងពីរប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

