សមយុទ្ធនាគមាសលើកទី៦ ដែលមានទំហំធំជាងលើកមុនៗរវាងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង ២ពាន់នាក់ អមដោយនាវាចម្បាំងចំនួន ១៤គ្រឿង និងសម្ភារៈយោធាជាច្រើនទៀត បានចាប់ផ្តើមជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ខណៈក្រុមអ្នកតាមដានសង្គមកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវត្តមានកងទ័ពចិន នៅលើទឹកដីកម្ពុជា។
អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា សម្រាប់លំហាត់សមយុទ្ធនាគមាសលើកទី៦ មានការចូលរួមពីកងទ័ពជើងគោក និងកងទ័ពជើងទឹកកម្ពុជា ក្នុងនោះសម្រាប់កងទ័ពជើងគោកត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយសម្រាប់សមយុទ្ធនៅលើផ្ទៃសមុទ្រ គឺធ្វើឡើងនៅឯខេត្តព្រះសីហនុ។
អ្នកនាំពាក្យដដែលលើកឡើងថា សម្រាប់ការធ្វើលំហាត់សមយុទ្ធនាគមាសលើកទី៦ រវាងកងទ័ពប្រទេសទាំងពីរនេះ គឺមានទំហំធំជាងលើកមុនៗ ដោយសារតែមានចំនួនកងទ័ពចូលរួមច្រើន រួមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះ ភាគីទាំងពីរនឹងប្រើប្រាស់នាវាចម្បាំងរហូត ១៤គ្រឿងជាដើម។
លោកថា កម្លាំងចូលរួមសមយុទ្ធនេះ គឺមានចំនួនសរុបទាំងអស់ ២០៧៥នាក់ ក្នុងនោះមានកងយោធពលខេមរភូមិន្ទចំនួន ១៣១៥នាក់ និងកងទ័ពរំដោះប្រជាជនចិន ចំនួន ៧៦០នាក់។
ប្រភពដដែលអះអាងថា ដោយឡែកគ្រឿងបំពាក់សម្រាប់ការចូលរួមធ្វើសមយុទ្ធលើគោករួមមាន រថក្រោះ រថពាសដែក រថយន្តគ្រប់ប្រភេទចំនួន ៧៩គ្រឿង រួមទាំងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមីជាច្រើនឈុតទៀត ហើយសមយុទ្ធនៅលើផ្ទៃសមុទ្រមាននាវាចូលរួមសរុប ១៤គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ០២គ្រឿង។
លោកថា ការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការងារប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ ក្រៅពីនោះ គឺផ្ដោតសំខាន់ទៅលើយុទ្ធវិធី ការទប់ទល់ដោយដ្រូន (Drone) ផងដែរ។ សមយុទ្ធនេះក៏មានការអញ្ជើញចូលរួមពីបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន ដើម្បីសង្កេតមើលពីលក្ខណៈនៃការធ្វើសមយុទ្ធរវាងកងទ័ពប្រទេសទាំងពីរផងដែរ។
រូបភាពប្រព័ន្ធផ្កាយរណបរបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិក បង្ហាញឱ្យឃើញវត្តមាននាវាចម្បាំងចិន ២គ្រឿងនៅកំពង់ផែរាម តាំងពីអំឡុងខែធ្នូ ឆ្នាំ២០២៣។
រូបភាពផ្តល់ដោយផ្កាយរណបអាមេរិកមួយនេះ បាននាំឱ្យអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មានមន្ទិលសង្ស័យកាន់តែខ្លាំងអំពីការតាំងមូលដ្ឋានទ័ពរបស់ចិន នៅលើទឹកដីកម្ពុជា និងជាមូលដ្ឋានកងទ័ពចិនទីពីរនៅលើពិភពលោក។
ខណៈក្រុមអ្នកតាមដានសង្គមដាក់ការសង្ស័យពីវត្តមានរបស់កងទ័ពចិន អាចនឹងមិនវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញនោះ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទលោក ថោង សូលីម៉ូ បានប្រាប់សារព័ត៌មានក្នុងស្រុកថា នាវាទាំងពីរគ្រឿងរបស់ចិន នឹងដឹកគ្រឿងបរិក្ខារ និងកម្លាំងកងទ័ពដើម្បីមកចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៤ នឹងវិលត្រឡប់ទៅប្រទេសចិន វិញ នៅពាក់កណ្ដាលខែមិថុនា ក្រោយការបញ្ចប់ធ្វើសមយុទ្ធនាគមាស។
អ្នកវិភាគនយោបាយ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily កន្លងមកថា សមយុទ្ធនាគមាសនេះ គឺចិនចង់បង្ហាញសញ្ញាប្រាប់វៀតណាម ថា កុំឲ្យតតាំងចិន និងកុំរំខានគម្រោងនានាដែលពាក់ព័ន្ធចិន នៅក្នុងតំបន់ រួមទាំងការសាងសង់ព្រែកជីកហ្វូណនកម្ពុជាផង ទោះវៀតណាម មានសហរដ្ឋអាមេរិកនៅពីក្រោយក៏ដោយ។ លោកថា ចិនចង់ប្រាប់អាស៊ានថា អាស៊ានគួរតែប្រុងប្រយ័ត្នក្នុងទំនាក់ទំនងយោធាអាស៊ានជាមួយបស្ចិមប្រទេស។
សមយុទ្ធនាគមាស ធ្វើរួមគ្នានៅខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ឧសភា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

