អគ្គមេបញ្ជាការរងកងទ័ពជាតិ លើកឡើងថា ការធ្វើសមយុទ្ធនាគមាសរវាងកងទ័ពជើងទឹកខ្មែរ និងកងទ័ពចិន លើកទី៦ នេះ គឺដើម្បីការពារដែនសមុទ្រ និងបូរណភាពទឹកដីប្រទេសកម្ពុជាពីការឈ្លានពានណាមួយពីបច្ចាមិត្ត។
មេទ័ពកម្ពុជារូបនេះបញ្ជាក់ថា កិច្ចការការពារលំហសមុទ្រ គឺជារឿងសំខាន់បំផុតសម្រាប់កងទ័ពជើងទឹក ហើយការពង្រឹងសមត្ថភាពកងទ័ពនេះ គឺជាការងារចាំបាច់ដែលប្រទេសកម្ពុជាត្រូវតែធ្វើ។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ ឥត សារ៉ាត់ លើកឡើងក្នុងពិធីបិទបញ្ចប់សមយុទ្ធនាគមាសរវាងប្រទេសកម្ពុជា និងចិន កាលពីថ្ងៃទី២៧ ខែឧសភា នេះថា សមយុទ្ធនេះធ្វើឡើងក្នុងគោលបំណងបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរប៉ុណ្ណោះ ជាពិសេសគឺការប្រយុទ្ធប្រឆាំងភេរវកម្មតាមលំហសមុទ្រក្នុងពេលបច្ចុប្បន្ននេះ។
លោក ឥត សារ៉ាត់ លើកឡើងថា ចំពោះការចោទប្រកាន់ណាមួយក៏ដោយមកលើប្រទេសកម្ពុជាពាក់ព័ន្ធនឹងការធ្វើសមយុទ្ធជាមួយកងទ័ពរំដោះប្រជាជនចិន នេះ គឺជាសិទ្ធិរបស់ពួកគេ ប៉ុន្តែរឿងពិតជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា និងចិន គឺធ្វើឡើងដើម្បីទប់ស្កាត់អំពើភេរវកម្មអន្តរជាតិតែប៉ុណ្ណោះ។
អគ្គមេបញ្ជាការរងកងទ័ពជើងគោករូបនេះបញ្ជាក់ថា សមយុទ្ធនាគមាសរវាងកងទ័ពជើងទឹកខ្មែរ និងចិន នាពេលនេះ មិនមែនដើម្បីគំរាមកំហែងដល់ប្រទេសណាឡើយ គឺដើម្បីជាការផ្លាស់ប្ដូរបទពិសោធន៍រវាងប្រទេសទាំងពីរក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា និងចិន បានបិទបញ្ចប់ការធ្វើសមយុទ្ធនាគមាសលើកទី៦ អស់រយៈពេលជិតកន្លះខែលើកទី១ ក្នុងឆ្នាំ២០២៤ នេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន លើកឡើងថា ការធ្វើសមយុទ្ធរវាងប្រទេសកម្ពុជា និងចិន មិនមែនជាបញ្ហាទេ ប្រសិនបើប្រទេសកម្ពុជានៅតែបន្តធ្វើសមយុទ្ធឆ្មាំអង្គរជាមួយសហរដ្ឋអាមេរិកដូចពេលមុនៗនោះ។
លោកបន្ថែមថា នៅពេលដែលកម្ពុជាប្រកាសផ្អាកធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក ព្រមទាំងវាយកម្ទេចអគារសង់ដោយធនធានអាមេរិកាំងនៅមូលដ្ឋានទ័ពជើងទឹករាម ហើយទទួលយកអគារដែលសាងសង់ដោយចិន និងបន្តធ្វើសមយុទ្ធរួមគ្នាបែបនេះ គឺជាការបង្កភាពផុយសម្រាប់សន្តិសុខនៅប្រទេសកម្ពុជាខ្លួនឯងទៅវិញទេ។
លោក អ៊ុំ សំអាន លើកឡើងថា ប្រទេសកម្ពុជាគួរតែមានទំនាក់ទំនងនយោបាយការទូតល្អជាមួយប្រទេសជិតខាង និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការធ្វើសមយុទ្ធ ជាដើម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលមិនមែនធ្វើឡើងតែជាមួយចិន ដូចពេលនេះទេ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបញ្ជាក់ថា ការប្រកាន់ឥរិយាបថនយោបាយរបស់កម្ពុជាដែលប្រឹងបង្ហាញពីទំនាក់ទំនងរបស់ខ្លួនជាមួយចិន ហួសហេតុដូចសព្វថ្ងៃនេះ គ្រាន់តែជាការបង្កទុក្ខដាក់ខ្លួន និងធ្វើឱ្យមានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់តែប៉ុណ្ណោះ។
លោកគូសបញ្ជាក់ថា ផ្អែកតាមទំនាក់ទំនងខ្មែរ-ចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញថាបានបង្កការភ័យព្រួយដល់សន្តិសុខក្នុងតំបន់យ៉ាងខ្លាំង ជាពិសេសគឺការផ្តល់មូលដ្ឋានទ័ពនៅតំបន់រាម ដែលពិភពលោកកំពុងសង្ស័យសព្វថ្ងៃនេះ។
សមយុទ្ធកងទ័ពជើងទឹកលើកដំបូង «នាគមាស-២០២៤» រវាងកងទ័ពខ្មែរ និងចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» ធ្វើឡើងនៅលើផ្ទៃសមុទ្រប្រទេសកម្ពុជា ក្នុងខេត្តព្រះសីហនុ មានរយៈពេល ១២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៦ និងត្រូវបញ្ចប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
សមយុទ្ធនេះមានការចូលរួមពីទ័ពប្រទេសកម្ពុជា និងចិន សរុបជិត ៨០០នាក់ (៧៨២នាក់) ក្នុងនោះ កម្ពុជាប្រើប្រាស់នាវាចូលរួមចំនួន ១១គ្រឿង ចំណែកចិន ប្រើប្រាស់នាវាចម្បាំង ៣គ្រឿង និងឧទ្ធម្ភាគចក្រចំនួន ២គ្រឿងផងដែរ។ ចិន បានយកអាវុធទំនើប ដូចជា robodogs មកសាកក្នុងសមរភូមិសមយុទ្ធខ្មែរ។
ការធ្វើសមយុទ្ធនាគមាសកម្ពុជា-ចិន ក្នុងឆ្នាំ២០២៤ នេះ គឺជាលើកទី៦ ហើយ ប៉ុន្តែសមយុទ្ធនេះក៏ធ្លាប់បានផ្អាកចំនួន ៣លើកដែរ គឺនៅឆ្នាំ២០១៧ ដោយសារកម្ពុជាជាប់ធ្វើយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខណៈឆ្នាំ២០២១ និងឆ្នាំ២០២២ ផ្អាកដោយសារជំងឺកូវីដ-១៩ ប៉ុន្តែនៅឆ្នាំ២០២៣ កម្ពុជា និងចិន ក៏ចាប់ផ្តើមធ្វើសមយុទ្ធនាគមាសនេះឡើងវិញ។
សមយុទ្ធយោធានាគមាសរវាងកម្ពុជា-ចិន បានចាប់ផ្តើមជាលើកដំបូងនៅក្នុងឆ្នាំ២០១៦ ខណៈសមយុទ្ធយោធាដែលមានឈ្មោះថា ឆ្មាំអង្គរ ដែលកម្ពុជាតែងធ្វើជាមួយសហរដ្ឋអាមេរិករៀងរាល់ចុងឆ្នាំ ត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០១៧ មក។
ការធ្វើសមយុទ្ធយោធាសហរដ្ឋអាមេរិក និងកម្ពុជា មិនត្រឹមតែផ្អាកទេ តែបានប្រែទៅជាភាពរកាំរកូសថែមទៀត បន្ទាប់ពីកម្ពុជាវាយកម្ទេចអគារដែលជាជំនួយរបស់អាមេរិកនៅមូលដ្ឋានជើងទឹករាម កាលពីអំឡុងឆ្នាំ២០២០ កន្លងទៅ ដោយជំនួសមកវិញនូវអគារក្រោមជំនួយរបស់ចិន។
ជុំវិញបញ្ហានេះ កាលពីដើមឆ្នាំ២០១៧ ក្រសួងការពារជាតិនៃប្រទេសកម្ពុជា បានអះអាងថា កងទ័ពខ្មែរនឹងផ្អាកធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» ជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្រោមហេតុផលថា កម្ពុជាមមាញឹកក្នុងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងការត្រៀមការពារដំណើរការរៀបចំបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិផងដែរ ប៉ុន្តែចាប់តាំងពីពេលនោះមក កម្ពុជាបានជំនួសមកវិញនូវការធ្វើសមយុទ្ធយោធា «នាគមាស» ជាមួយនឹងចិន រហូតដល់ពេលនេះ។
ជាងនេះទៀត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើងគោកនៅពេលនោះ និងមេបញ្ជាការកងទ័ពជើងគោកចិន លោក លីវ ចេនលី (Liu Zhen Li) បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់ស្ដីពី «កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកចិន» ថែមទៀត។
អ្នកតាមដានស្ថានការណ៍កម្ពុជាលោក សុខ សុគន្ធ បានលើកឡើងកាលពីពេលកន្លងទៅថា ការចុះអនុស្សរណៈនៃការយោគយល់ស្ដីពី «កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកចិន គឺជាសញ្ញានៃការផ្សារភ្ជាប់គ្រប់ផ្នែកនៃកងទ័ពទាំងអស់រវាងកម្ពុជា និងចិន ទៅថ្ងៃមុខ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

