ក្រសួងការពារជាតិកម្ពុជា លើកឡើងថា ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន នៅពេលនេះ នឹងបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងធ្វើការសហការគ្នាលើដំណោះស្រាយសន្តិសុខរួមក្នុងតំបន់។
ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយស្ដីពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន ទៅកាន់ប្រទេសកម្ពុជានៅថ្ងៃទី៤ មិថុនា នេះថា ដំណើរទស្សនកិច្ចនេះ គឺបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិអាមេរិក និងកងយោធពលខេមរភូមិន្ទ ក្នុងភាពជាដៃគូដ៏សំខាន់ទៅថ្ងៃមុខ។
ប្រភពដដែលបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូលផងដែរ។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសកម្ពុជា ដោយជួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា, ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន និងជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ផងដែរ។
នៅថ្ងៃដដែលនេះ ស្ថានទូតសហរដ្ឋអាមេរិក ក៏បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដែរថា ជំនួបរវាងប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក គឺដើម្បីពិភាក្សាទំនាក់ទំនងទ្វេភាគី និងឱកាសសម្រាប់ប្រទេសទាំងពីរធ្វើការសហការគ្នាលើដំណោះស្រាយសន្តិសុខរួមក្នុងតំបន់។ ចំណែកកិច្ចពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ និងសន្តិសុខទ្វេភាគី ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យប្រជាជននៃប្រទេសទាំងពីរផងដែរ។
ជុំវិញជំនួបនេះ អ្នកជំនាញផ្នែកច្បាប់ លោក វន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ មិថុនា នេះថា សហរដ្ឋអាមេរិកកំពុងស្វែងរកច្រកចេញសមស្របមួយដើម្បីរក្សាតុល្យភាពនៃទំនាក់ទំនងជាមួយកម្ពុជាជារួម និងច្រកចេញសម្រាប់យោធាតាមលក្ខខណ្ឌដាច់ដោយឡែក។
ជំនួបរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកនៅកម្ពុជា ជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជានាពេលនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន កាលពីថ្ងៃទី៣ មិថុនា កន្លងទៅនេះ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោក ទៀ សីហា បានជួបជាលក្ខណៈទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក ទុង ជុន (Dong Jun) អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ ឬកិច្ចសន្ទនាសាំងហ្គ្រីឡា ២០២៤ ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ បានប្ដេជ្ញាបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមបង្កើននូវទំនាក់ទំនងនេះឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត ដើម្បីបន្តដឹកនាំ រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរទៅថ្ងៃអនាគត។
ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកនាពេលនេះ ធ្វើឡើងស្របពេលដែលកម្ពុជាប្រកាសម្តងហើយម្តងទៀតពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងចិន។
ចំណែកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ហាក់កាន់តែឃ្លាតឆ្ងាយទៅៗដែលចេះតែកើតមានភាពរកាំរកូសក្រោយកម្ពុជាវាយកម្ទេចអគារនៅមូលដ្ឋានទ័ពជើងទឹករាមរបស់ខ្លួន ដែលជាជំនួយរបស់អាមេរិក និងការប្រកាសផ្អាកធ្វើសមយុទ្ធយោធាជាមួយអាមេរិកកាលពីពេលកន្លងទៅថែមទៀត។
ចាប់តាំងពីឆ្នាំ២០១៧ មក ក្រសួងការពារជាតិកម្ពុជា បានប្រកាសផ្អាកធ្វើសមយុទ្ធយោធាឆ្មាំអង្គរជាមួយអាមេរិក ក្រោមហេតុផលថា កម្ពុជាមមាញឹកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងត្រៀមការរៀបចំបោះឆ្នោតរបស់ខ្លួន ប៉ុន្តែចាប់តាំងពីពេលនោះមក កម្ពុជាបានជំនួសមកវិញនូវការធ្វើសមយុទ្ធយោធានាគមាសជាមួយនឹងចិន រហូតដល់ពេលនេះ ខណៈទំនាក់ទំនងកម្ពុជា-អាមេរិក ក៏ចេះតែឡើងកម្ដៅកាន់តែខ្លាំងឡើងៗរហូតមកដល់ពេលនេះ។
ក្រោយប្រកាសផ្អាកសមយុទ្ធយោធាជាមួយអាមេរិកបាន ៣ឆ្នាំ នៅខែកញ្ញា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចវាយកម្ទេចអគារមួយក្នុងចំណោមអគារជាច្រើននៅក្នុងមូលដ្ឋានទ័ពរាម ដែលសាងសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិក ដោយជំនួសនូវការសាងសង់អគារក្រោមជំនួយរបស់ចិន វិញ រួមទាំងការសហការធ្វើសមយុទ្ធជាមួយចិន ថែមទៀត។
ទាក់ទិននឹងបញ្ហានេះ មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានលើកឡើងកាលពីពេលថ្មីៗនេះថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបានឡើយ។
លោកបន្ថែមថា ជាពិសេសគឺទំនុកចិត្តខាងនយោបាយ ត្បិតជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជារហូតមក មិនត្រឹមតែជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជភាពខាងនយោបាយរបស់កម្ពុជាទៀតផង៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

