34 C
Phnom Penh

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​បាត់ដំបង​រង​ការ​ចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​មន្ត្រី​រាជការ និង​គ្រូបង្រៀន​ជាច្រើន​នាក់ ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ចាត់​វិធានការ​ច្បាប់​ដក​លោក ឈឹម ធឿន ពី​តំណែង​នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​ខេត្ត​បាត់ដំបង បន្ទាប់ពី​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ចាប់តាំងពី​ឆ្នាំ​២០១៨។

បុគ្គលិក​ជាច្រើន​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន ក្នុង​ខេត្ត​បាត់ដំបង បាន​ផ្ញើ​លិខិត​មួយ​មក​កាន់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១១ មិថុនា នេះ​ថា លោក ឈឹម ធឿន មិន​ស័ក្តិសម​ធ្វើ​ជា​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​បាត់ដំបង បន្ត​ទៀត​ទេ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​តំណែង​របស់​ខ្លួន​ដែល​មិន​អាច​ឱ្យ​បន្ត​តំណែង​នេះ​បាន។

ប្រភព​ដដែល​រៀបរាប់​ថា នាយក​វិទ្យាស្ថាន​រូប​នេះ​តែងតែ​ដំឡើង​តំណែង​មន្ត្រី​មួយ​ចំនួន​ក្នុង​វិទ្យាស្ថាន​នេះ​តាម​អំពើ​ចិត្ត និង​តម្រូវ​ឱ្យ​មន្ត្រី​ដែល​ត្រូវ​ដំឡើង​តំណែង​ទាំងនោះ បង់​ប្រាក់​ជា​សំណូក​ក្នុង​ម្នាក់ៗ​យ៉ាងតិច ៣០០​ដុល្លារ​អាមេរិក​សម្រាប់​តំណែង​ថ្មី ហើយ​ការ​ផ្លាស់ប្ដូរ​មុខតំណែង​នេះ​តែងតែ​ធ្វើ​ឡើង​ជា​ញឹកញាប់។

ជាង​នេះ​ទៅ​ទៀត លោក ឈឹម ធឿន ក៏​បាន​លួច​បង្កើត​ទិន្នន័យ​សិស្ស​ខ្មោច​បញ្ជូន​ឱ្យ​ក្រសួង​ការងារ ផង​ដែរ ដូចជា សិស្ស​កម្រិត​បរិញ្ញាបត្រ សិស្ស​បរិញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស និង​សិស្ស​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្រិត​១, កម្រិត​២ និង​កម្រិត​៣ ឬ​ហៅថា C1, C2, C3 ជាដើម។

ការ​បំប៉ោង​ទិន្នន័យ​សិស្ស​នេះ គឺ​មាន​ចំនួន​ចាប់ពី ៦០​នាក់​ទៅ ៩០​នាក់​ក្នុង​មួយ​មុខជំនាញ ប៉ុន្តែ​ជាក់ស្តែង សិស្ស​សរុប​ក្នុង​មួយ​ជំនាញ​មាន​សិស្ស​ត្រឹមតែ​ចាប់ពី ១៥ ទៅ ២០​នាក់​ប៉ុណ្ណោះ។ លើស​ពី​នេះ លោក ឈឹម ធឿន ក៏​តែងតែ​បង្កើត​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ក្នុង​បំណង​ប្រមូល​លុយ​ដែល​បាន​ស្នើសុំ​ទិញ​សម្ភារៈ​សម្រាប់​ដំណើរការ​វគ្គ​ពី​ក្រសួង​ផង​ដែរ។

ប្រភព​មន្ត្រី​ទាំងនេះ​អះអាង​ថា រាល់​ពេល​កម្មវិធី​ប្រឡង​បញ្ចប់​ឆ្នាំ​សិក្សា​ម្តងៗ លោក ឈឹម ធឿន តែងតែ​ដាក់​ឈ្មោះ​បុគ្គលិក​ខ្មោច​ជា​គណៈកម្មការ និង​អនុរក្ស ដើម្បី​ក្លែង​បន្លំ​យក​ថវិកា​រដ្ឋ​ពី​ក្រសួង​រហូត​មក ខណៈ​ចំនួន​គណៈកម្មការ និង​អនុរក្ស​ជាក់ស្តែង គឺ​មិន​គ្រប់​ចំនួន​ដូច​ក្នុង​របាយការណ៍​ដែល​ខាង​វិទ្យាស្ថាន​បាន​ដាក់​ជូន​ក្រសួង​នោះ​ទេ។

បុគ្គលិក​មន្ត្រី​រាជការ និង​ជា​គ្រូបង្រៀន​ទាំងនេះ ត្អូញត្អែរ​ថា ក្រៅពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ នាយក​វិទ្យាស្ថាន​រូប​នេះ​បាន​ប្រមូល​យក​ទ្រព្យសម្បត្តិ​របស់​វិទ្យាស្ថាន​ទៅ​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​គ្រប់​យ៉ាង ដូចជា ការ​ប្រមូល​យក​ឈើ​អគារ​វិទ្យាស្ថាន​ចាស់​ដែល​ត្រូវ​បាន​រុះរើ ការ​យក​រថយន្ត​សម្រាប់​បម្រើ​ការ​ក្នុង​វិទ្យាស្ថាន​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន ដូចជា យក​ទៅ​ចម្ការ យក​ទៅ​ដឹក​ចំបើង និង​ដឹក​ស្មៅ​ដែល​ជា​ចំណី​សត្វ​គោ​របស់​គាត់ ជាដើម។

ចំណែក​សិស្ស​ដែល​ស្នាក់នៅ​ក្នុង​វិទ្យាស្ថាន ត្រូវ​បាន​លោក ឈឹម ធឿន ប្រើ​ធ្វើ​ការងារ​ផ្សេងៗ ដូចជា ប្រើ​ឱ្យ​កាត់​ស្មៅ​ក្នុង​ចម្ការ​របស់​គាត់ ឬ​ដឹកជញ្ជូន​ចំបើង ជាដើម ហើយ​បើ​មាន​សិស្ស​និស្សិត​ណា​មិន​ធ្វើ​តាម គាត់​តែងតែ​គំរាម​បញ្ឈប់​មិន​ឱ្យ​ស្នាក់នៅ​ក្នុង​វិទ្យាស្ថាន​បន្ត​ទៀត។

ជាង​នេះ​ទៀត ប្រាក់​បង្រៀន​ម៉ោង​បន្ថែម ឬ​ប្រាក់​ម៉ោង​លើស​របស់​បុគ្គលិក​ក្នុង​វិទ្យាស្ថាន ក៏​ត្រូវ​លោក ឈឹម ធឿន កាត់​យក ២៥% ជា​ប្រចាំ​ដែរ ដើម្បី​ដាក់​ក្នុង​ហោប៉ៅ​ផ្ទាល់ខ្លួន​របស់​គាត់។

កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ឈឹម ធឿន ត្រូវ​បាន​ប្រកាស​តែងតាំង​ឱ្យ​កាន់​មុខតំណែង​ជា​នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​បាត់ដំបង ជំនួស​លោក ឆាយ សុភា ដែល​ជា​នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​បាត់ដំបង​ចាស់។

កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា អស់​រយៈពេល ៣០​ឆ្នាំ​មក​នេះ រដ្ឋាភិបាល​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​លោក ហ៊ុន សែន មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​ធំធេង។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក នឹង​បន្ត​វីរភាព​គំរូ​របស់​លោក ហ៊ុន សែន ជំរុញ​ការ​កែទម្រង់ ការ​ពង្រឹង​អភិបាលកិច្ច ដោយ​ផ្ដោត​លើ​ការ​លើកកម្ពស់ និង​ការ​ពង្រឹង​ភាព​ស្អាតស្អំ​ក្នុង​រដ្ឋបាល​សាធារណៈ ដើម្បី​បង្ក្រាប​បទល្មើស​អំពើពុករលួយ និង​លើកកម្ពស់​ភាព​ស្អាតស្អំ​នៅ​តាម​ស្ថាប័ន​សាធារណៈ​គ្រប់​ផ្នែក​ទាំងអស់។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​ណា​ក៏​មាន​អំពើពុករលួយ​ដែរ តែ​នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បង្កើត​ឲ្យ​មាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​ជាតិ​ច្រើន​ជាងគេ​បំផុត​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន ដែល​ជា​សញ្ញា​ព្រមាន​ថា ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្មែរ​នឹង​ត្រូវ​រលាយ​វិនាស​ហិនហោច​គ្មាន​សល់​នៅ​ថ្ងៃ​មុខ។

មាត្រា​១ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ ចែង​ថា ច្បាប់​នេះ​មាន​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​សេវា​គ្រប់​បែប​យ៉ាង ពង្រឹង​អភិបាលកិច្ច និង​នីតិរដ្ឋ​នៅ​ក្នុង​ការ​ដឹកនាំ និង​ការ​គ្រប់គ្រង​រដ្ឋ ព្រមទាំង​រក្សា​ភាព​ស្អាតស្អំ និង​យុត្តិធម៌​ដែល​ជា​មូលដ្ឋាន​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ និង​កាត់បន្ថយ​ភាព​ក្រីក្រ ជាដើម។

យ៉ាងណា​ក៏ដោយ បច្ចុប្បន្ន​នេះ កម្ពុជា​ត្រូវ​គេ​រក​ឃើញ​ថា​ជា​ប្រទេស​ដែល​មាន​កម្រិត​ពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ នៃ​សមាគម​អាស៊ាន៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស