ជនរងគ្រោះពីការបោកប្រាស់តាមគម្រោង Ponzi Scheme រាប់សិបលានដុល្លារ ទាមទារឱ្យជំនួយការរបស់លោក ហ៊ុន សែន គឺលោក ដួង តារា និងប្អូនប្រុសបង្កើតឈ្មោះ ដួង វិរ៉ាត់ រួមទាំងបក្ខពួកដែលជាម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុន ភូមិខ្មែរគ្រុប សងលុយពួកគេទាំងអស់វិញ បន្ទាប់ពីពួកគេលេងល្បែងលែងលះជាមួយប្រពន្ធ ដើម្បីផ្ទេរទ្រព្យសម្បត្តិទាំងអស់ឱ្យប្រពន្ធ និងសាច់ញាតិខាងស្រី។
ជនរងគ្រោះពីការបោកប្រាស់ក្នុងក្រុមហ៊ុន ភូមិខ្មែរគ្រុប រាប់រយនាក់ បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២១ មិថុនា នេះថា លោក សោម សុធា ហ៊ានបោកប្រាស់លុយរាប់សិនលានដុល្លារពីជនរងគ្រោះរាប់រយនាក់ ដោយសារតែមានលោក ដួង តារា ដែលជាជំនួយការលោក ហ៊ុន សែន គឺជាអ្នកកាងនៅពីក្រោយខ្នង។ ការដែលលោក ដួង តារា កាងនៅពីក្រោយក្រុមហ៊ុននេះ ក៏មកពីមានលោក ដួង វិរ៉ាត់ ដែលជាប្អូនប្រុសបង្កើតរបស់លោកជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុននេះដែរ។
ពលរដ្ឋរងគ្រោះទាំងនេះរៀបរាប់ថា ជំហានដំបូង ពួកគេលួងលោមអ្នកភូមិឱ្យលក់ដីឱ្យ ប៉ុន្តែគេតម្រូវឱ្យម្ចាស់ដីធ្វើកិច្ចសន្យាទិញ-លក់ដាច់ តែការពិត ពួកគេមិនបានបង់លុយផ្តាច់ឱ្យម្ចាស់ដីទេ ហើយថែមទាំងលួងលោមសុំប្លង់កម្មសិទ្ធិពីម្ចាស់ដីយកទៅកាត់ឈ្មោះដាក់ឈ្មោះខ្លួនឯងទាំងមិនទាន់បង់លុយគ្រប់ថែមទៀត។
ក្រៅពីបោកប្រាស់យកដីអ្នកភូមិ ពួកគេបានកុហកបោកប្រាស់បងប្អូន សាច់ញាតិ មិត្តភ័ក្ដិនៅសាលា PUC ក្នុងខេត្តស្វាយរៀង ឱ្យបណ្ដាក់ទុនចូលក្នុងក្រុមហ៊ុនរបស់ពួកគេផងដែរ ដោយសន្យាផ្តល់ប្រាក់ចំណេញត្រឡប់ទៅវិញ ប៉ុន្តែការពិតជាក់ស្តែង ពេលប្រមូលលុយរួច ម្ចាស់លុយមិនដែលទទួលបានការប្រាក់ ឬលុយដើមត្រឡប់ទៅវិញម្តងឡើយ។
ប្រភពដដែលបន្តថា ក្រោយពីជនរងគ្រោះនាំគ្នាតវ៉ា និងទាមទារឱ្យសងលុយវិញ លោក សោម សុធា ក៏ប្រឌិតសាច់រឿងលែងលះជាមួយប្រពន្ធរបស់គាត់ឈ្មោះ ម៉ោង ស្រីពៅ ប៉ុន្តែក្រោយពីការលែងលះនេះ លោក សោម សុធា បានផ្ទេរទ្រព្យសម្បត្តិឱ្យប្រពន្ធ និងសាច់ញាតិខាងស្រី ព្រមទាំងម្តាយមីងបង្កើតរបស់គាត់នៅខេត្តស្វាយរៀង ទាំងអស់។ ចំណែកឯគម្រោងទាំងអស់ក្នុងក្រុមហ៊ុន ត្រូវលោក សោម សុធា ផ្ទេរទៅឱ្យលោក មាស សុផល ធ្វើជាអ្នកតំណាងវិញ ដោយសារតែគាត់ខ្លាចមានការប្តឹងផ្តល់ពីជនរងគ្រោះដែលនាំទៅដល់ការបង្កកទ្រព្យសម្បត្តិដែលគាត់បោកប្រាស់បានទាំងនោះ។
ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុន ភូមិខ្មែរគ្រុប ដែលប្រកាសប្រតិបត្តិការលើមុខជំនួញជាង ១០ ដូចជា ការដាក់លុយទទួលបានការប្រាក់ខ្ពស់ ជាដើម កន្លងមក មិនបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ទេ ដូច្នេះក្រុមហ៊ុននេះមិនមានអាជ្ញាបណ្ណធ្វើអាជីវកម្មស្របច្បាប់ដែរ។ ផ្ទុយទៅវិញ ក្រោយការបោកប្រាស់នៃក្រុមហ៊ុននេះ អ្នកដាក់លុយដើម្បីបានការប្រាក់ មិនដែលបានទទួលទាំងការប្រាក់ និងប្រាក់ដើមវិញទេ ចំណែកឯអ្នកទិញផ្ទះក៏មិនទទួលបានផ្ទះ ឬដីដែរ ខណៈប្លង់កម្មសិទ្ធិក៏បាត់ស្រមោលថែមទៀត។ ពួកគេមិនបានកាត់ប្លង់កម្មសិទ្ធិឱ្យអតិថិជនទេ ពីព្រោះខ្លាចអតិថិជនប្តឹងបង្កកដីទាំងនោះ។
ជុំវិញការបោកប្រាស់នេះ ជនរងគ្រោះម្នាក់ឈ្មោះ លី យូហេង បានអះអាងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន ភូមិខ្មែរគ្រុប មានគោលការណ៍វិនិយោគដូចក្រុមហ៊ុន ប៊្រីលាន ស៊ីធី វើលដ៍ របស់អ្នកស្រី ឡេង ចាន់ណា នៅខេត្តសៀមរាប ដែរ។
ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុននេះបានសន្យាផ្តល់ការប្រាក់ឱ្យអ្នកវិនិយោគចំនួន ៤,៤០% ក្នុងមួយខែ និងទទួលបានប្រាក់ដើមវិញ ២០០ភាគរយក្នុងរយៈពេល ១ឆ្នាំ ខណៈពលរដ្ឋរងគ្រោះរាប់រយនាក់មិនដែលបានទទួលការប្រាក់រយៈពេលជាង ២ឆ្នាំមកនេះ។
ជុំវិញការវិនិយោគនេះ កាលពីអំឡុងឆ្នាំ២០២១ ម្ចាស់ក្រុមហ៊ុន ភូមិខ្មែរគ្រុប ឈ្មោះ សោម សុធា បានចុះកិច្ចសន្យាជាមួយអ្នកដាក់ទុនវិនិយោគជាបន្តបន្ទាប់ ក្នុងនោះ ម្ចាស់ទុនវិនិយោគម្នាក់ឈ្មោះ មាយ សុម៉ារ៉ា បានដាក់ទុនជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក។ ក្នុងកិច្ចសន្យាវិនិយោគនេះ បានចែងថា ម្ចាស់ទុនវិនិយោគនឹងទទួលបានការប្រាក់ ៤៤០ដុល្លារក្នុង ១ខែ រយៈពេល ២ឆ្នាំ ដោយគិតចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ប៉ុន្តែនៅទីបំផុត ម្ចាស់ទុនវិនិយោគត្រូវបង់ខាតទាំងការប្រាក់ និងប្រាក់ដើមចំនួន ១ម៉ឺនដុល្លារដោយមិនទទួលលុយត្រឡប់ទៅវិញទេរហូតដល់ពេលនេះ។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា តុលាការមិនហ៊ានចាត់ការលើករណីបោកប្រាស់នេះទេ ទោះបីជាមានបណ្តឹងជាច្រើនយ៉ាងណាក៏ដោយ ព្រោះតែលោក ដួង តារា ដែលនៅពីក្រោយខ្នងនៃការឆបោកនេះ គឺជាមនុស្សជំនិតរបស់លោក ហ៊ុន សែន៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

