31 C
Phnom Penh

HRW អំពាវនាវ​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​សាលក្រម​កាត់ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អំពាវនាវ​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​វិនិយោគ​លើ​បរិស្ថាន​ស្អាត សុខភាព​ល្អ និង​និរន្តរភាព​សម្រាប់​ប្រទេស​កម្ពុជា ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​សាលក្រម​កាត់ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ និង​បង្ហាញ​ការ​គាំទ្រ​សេរីភាព​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។

នាយករង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ Human Rights Watch ឈ្មោះ Judy Kwon ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា ការ​កាត់ទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃ​អង្គារ នេះ គឺជា​ការ​គំរាមកំហែង និង​ជា​សារ​ដ៏​រន្ធត់​មួយ​សម្រាប់​ព្រមាន​ដល់​យុវជន​កម្ពុជា​ថា រដ្ឋាភិបាល​នឹង​ទប់ស្កាត់​គ្រប់​បែប​យ៉ាង​ជុំវិញ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួកគេ។

ប្រភព​ដដែល​អះអាង​ថា យុទ្ធនាការ​ជោគជ័យ​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ​កន្លង​មក បាន​បញ្ឈប់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ចិន ដែល​គំរាមកំហែង​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​ជួយ​បញ្ចប់​អាជីវកម្ម​ដែល​ខូច​ទ្រង់ទ្រាយ​ធំ​នៃ​ការ​នាំចេញ​ខ្សាច់​ពី​មាត់សមុទ្រ​ក្នុង​ខេត្ត​កោះកុង ដែល​កំពុង​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី និង​កន្លែង​នេសាទ​ក្នុង​តំបន់។

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ព្រងើយ​កន្តើយ​នឹង​ការ​អំពាវនាវ​របស់​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ដោះស្រាយ​ជុំវិញ​ការ​បិទ​ផ្លូវ​សម្រាប់​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត​ដូច​លោក ហ៊ុន សែន ឪពុក​របស់​គាត់​ដែរ។

នៅ​ថ្ងៃទី​០២ ខែ​កក្កដា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​អ្នកស្រី អ៊ុក រ៉េតគន្ធា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន លោក យីម លាងហ៊ី និង​កញ្ញា ស៊ុន រដ្ឋា ឲ្យ​ជាប់​ពន្ធនាគារ ៨​ឆ្នាំ និង​ពិន័យ​ប្រាក់ ១០​លាន​រៀល ពី​បទ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់»។ ចំណែក​កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា លោក ប៉ិញ ពិសិដ្ឋ អ្នកស្រី រ៉ី រក្សា លោក ពក ខឿយ ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦​ឆ្នាំ ពី​បទ «រួម​គំនិត​ក្បត់»។

យ៉ាងណា សកម្មជន​ទាំង ៥​នាក់​សម្រេច​ចិត្ត​មិន​ចូល​ស្ដាប់​តុលាការ​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃ​អង្គារ នេះ​ឡើយ ខណៈ​សកម្មជន​បរិស្ថាន ៥​នាក់​ទៀត រួម​មាន​កញ្ញា ស៊ុន រដ្ឋា លោក ប៉ិញ ពិសិដ្ឋ អ្នកស្រី រ៉ី រក្សា លោក ពក ខឿយ និង​លោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន អវត្តមាន​តាំងពី​ពេល​បើក​សវនាការ​រហូត​ដល់​ថ្ងៃ​ប្រកាស​សាលក្រម​នេះ ប៉ុន្តែ​ពួកគេ​មាន​មេធាវី​តំណាង។

ក្រោយ​ប្រកាស​សាលក្រម​បញ្ចប់ ក្រុម​សមត្ថកិច្ច​នាំគ្នា​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ជាតិ​ចំនួន ៤​នាក់​ភ្លាមៗ ក្នុង​នោះ​មាន​កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និង​លោក ថុន រដ្ឋា អំឡុង​ពេល​ពួកគេ​សម្ដែង​មតិ​ជាមួយ​យុវជន និង​ពលរដ្ឋ​នៅ​ខាងមុខ​តុលាការ។

នៅ​ក្រៅ​របង​តុលាការ សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត និង​លោក ថុន រដ្ឋា បាន​ស្លៀកពាក់​ស ដៃ​កាន់​ផ្កាឈូក និង​ចង​ក្រណាត់​ស​នៅ​ក្បាល​ភ្ជាប់​ពាក្យ​ថា «យុត្តិធម៌»។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាងមុខ​តុលាការ​មុន​ពេល​ក្រុម​សមត្ថកិច្ច​ចាប់​ខ្លួន​ថា ទោះបីជា​រដ្ឋាភិបាល​ចោទប្រកាន់​ពួកគេ និង​ពលរដ្ឋ​ពី​បទ «រួម​គំនិត​ក្បត់ និង​ញុះញង់» ក៏ដោយ ប៉ុន្តែ​ពួកគេ និង​អ្នក​ចង់​បាន​យុត្តិធម៌ នឹង​មិន​បោះបង់​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ និង​ទាមទារ​យុត្តិធម៌​សង្គម​ឡើយ។

លោក​លើកឡើង​ថា រដ្ឋាភិបាល​ចោទប្រកាន់ និង​កាត់ទោស​ពួកគេ និង​ពលរដ្ឋ​រងគ្រោះ​ផ្សេងៗ​សព្វថ្ងៃ​នេះ គឺ​គិត​ថា​រួច​ខ្លួន។ ការ​គិត​ដូច្នេះ ដោយសារតែ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ឈរ​នៅ​លើ​ច្បាប់ ហើយ​បញ្ជា​តុលាការ​ឱ្យ​ធ្វើ​តាម​ខ្លួន។

ចំណែក​កញ្ញា ភួន កែវរស្មី ប្រកាស​ជំហរ​ថា ទោះបីជា​កញ្ញា​ត្រូវ​ជាប់​គុក ៥ ទៅ ៦​ឆ្នាំ ក៏​កញ្ញា​មិន​លើក​ដៃ​សុំទោស​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដើម្បី​ប្ដូរ​សេរីភាព​ឡើយ ពីព្រោះ​ពួកគេ​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល និង​តុលាការ។

ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ ប្រកាស​ជំហរ​ថា ពួកគេ​មិន​បាក់​ស្មារតី និង​តក់ស្លុត ទោះបីជា​ពួកគេ​ជាប់​ពន្ធនាគារ​ជា​លើក​ទី​២។

ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម និង​នយោបាយ​ដាក់​ពន្ធនាគារ​លើក​ទី​២ នេះ ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់ទុក​ថា​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​អាក្រក់។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា តុលាការ​ក្រោម​បញ្ជា​គ្រួសារ​ត្រកូល​ហ៊ុន ដែល​បាន​ផ្ដន្ទាទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ ១០​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦ ទៅ ៨​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០២១ គឺជា​រឿង​អយុត្តិធម៌​ចំពោះ​សកម្មជន​ការពារ​ផល​ប្រយោជន៍​ជាតិ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​សកម្ម​ការពារ​ផល​ប្រយោជន៍​ជាតិ​ថា​ជា​រឿង​អយុត្តិធម៌។

លោក​ថា សកម្មជន​ដែល​ការពារ​ធនធាន​ធម្មជាតិ​មិន​ឱ្យ​លុប​បឹង បង្ហូរ​ទឹក​ស្អុយ និង​ចាក់​ដី​ចូល​សមុទ្រ គួរតែ​ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប៉ុន្តែ​បែរ​ជា​ដាក់​ទណ្ឌកម្ម​ពួកគេ​ដោយ​ការ​ចាប់​ដាក់​គុក ហើយ​ទៅ​ការពារ​ក្រុម​ឧក្រិដ្ឋជន​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ផល​ប្រយោជន៍​ជាតិ​ទៅវិញ។

លោក ម៉ែន ណាត ហៅ​ការ​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​កំរោល​នៅ​ថ្ងៃ​នេះ ថា​ជា​រឿង​ឃោរឃៅ ហើយ​សកម្មភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កាន់តែ​សាហាវ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស