31 C
Phnom Penh

ប្អូនស្រី​បង្កើត​លោក ហ៊ុន សែន ចោទ​មន្ត្រី​ក្រោម​ឱវាទ​ក្មួយ​ជា​នាយករដ្ឋមន្ត្រី​ថា​សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា អ្នកស្រី ហ៊ុន ស៊ីណាត ចោទ​មន្ត្រី​ក្រោម​ឱវាទ​លោក ហ៊ុន ម៉ាណែត ថា​សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​អ្វីៗ​គ្រប់​យ៉ាង សូម្បី​ភ្ញៀវ​ទេសចរ​ក៏​ខ្លាចរអា​មិន​ហ៊ាន​ទៅ​លេង​ស្រុក​ខ្មែរ។

ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​និយាយ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ចែកចាយ​ព្រោងព្រាត​នៅ​ថ្ងៃទី​៣ កក្កដា នេះ បាន​រិះគន់​ខ្លាំងៗ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​ដោយសារតែ​អំពើពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ទាំងនេះ ទើប​បាន​ជា​ប្រទេស​កម្ពុជា​មិន​រីកចម្រើន​ដូច​ប្រទេស​ជិតខាង។

អ្នកស្រី ហ៊ុន ស៊ីណាត លើកឡើង​ថា អ្នកស្រី​បាន​ទៅ​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ ហើយ​អ្នកស្រី​បាន​ជួប​អ្នកជំនួញ​ទេសចរណ៍​ជនជាតិ​ចិន​មួយ​ចំនួន បាន​ប្រាប់​អ្នកស្រី​ថា ពួកគេ​មិន​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា​ទៀត​ទេ ព្រោះ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ពុករលួយ​ច្រើន​ពេក។

អ្នកស្រី​បន្ត​ថា ដោយសារតែ​បែប​នេះ​ហើយ​បាន​ជា​ភ្ញៀវ​ទេសចរ​នាំគ្នា​សម្រុក​ទៅ​លេង​ប្រទេស​ថៃ និង​វៀតណាម ខណៈ​កម្ពុជា​បែរ​ជា​គ្មាន​ទេសចរ​ទៅវិញ ដែល​នេះ​គឺ​មកពី​មន្ត្រី​រដ្ឋាភិបាល​ខ្លួនឯង មិនមែន​មកពី​ភ្ញៀវ​ទេសចរ​មិន​ចង់​ទៅ​កម្ពុជា​នោះ​ទេ។

អ្នកស្រី ហ៊ុន ស៊ីណាត រៀបរាប់​ថា មន្ត្រី​ខាង​វិស័យ​ទេសចរណ៍​ក៏​ពុករលួយ មន្ត្រី​ខាង​ក្រសួង​ការងារ​ក៏​ពុករលួយ មន្ត្រី​ខាង​វិស័យ​សុខាភិបាល​ក៏​ពុករលួយ មន្ត្រី​ខាង​វិស័យ​សាធារណការ​ក៏​ពុករលួយ និង​មន្ត្រី​ខាង​បង្ក្រាប​គ្រឿងញៀន​ក៏​ពុករលួយ​ដែរ។

អ្នកស្រី​រិះគន់​ថា ជាក់ស្តែង​ពេល​ធ្វើ​ផ្លូវថ្នល់ មន្ត្រី​ខ្មែរ​មិន​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ឱ្យ​រួច​ជា​ស្រេច​ទេ ព្រោះ​ការ​ធ្វើ​បែប​នេះ អាច​ឱ្យ​ពួកគេ​កិបកេង​លុយ​គម្រោង​បាន​ពីរ​ដង គឺ​ធ្វើ​ផ្លូវថ្នល់​កិប​លុយ​បាន​ម្តង និង​ពេល​ដាក់​ប្រព័ន្ធ​លូ​កិបកេង​លុយ​បាន​ម្តង​ទៀត ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​ខ្មែរ​មាន​តែ​ផ្លូវថ្នល់​ដែល​គ្មាន​គុណភាព។

អ្នកស្រី ហ៊ុន ស៊ីណាត អះអាង​ថា វិស័យ​សុខាភិបាល​កម្ពុជា​ក៏​ពុករលួយ​ខ្លាំង​ដែរ ហើយ​បើ​ឱ្យ​អ្នកជំងឺ​វាយតម្លៃ​គ្រូពេទ្យ​ដូច​អាមេរិក គ្រូពេទ្យ​ស្រុក​ខ្មែរ​ធ្លាក់​ទាំងអស់។

អ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់​ថា ដោយឡែក​ការ​បង្ក្រាប​គ្រឿងញៀន ក៏​មាន​អំពើពុករលួយ​ដូច​គ្នា​ដែរ ដែល​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​រដ្ឋាភិបាល ព្រោះ​ជនល្មើស​ដែល​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន គឺជា​អ្នក​រក​លុយ​ឱ្យ​មន្ត្រី​បង្ក្រាប​គ្រឿងញៀន។

អ្នកស្រី​ថា ពេល​មាន​យុទ្ធនាការ​បង្ក្រាប​ម្តងៗ ជនល្មើស​ទាំងនោះ​តែង​ត្រូវ​បាន​ធានា​ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ជា​មេ​របស់​ពួកគេ ក្រោម​លេស​ថា​ជា​ជន​បង្កប់ ឬ​កូន​ខ្លា​របស់​ខ្លួន​ឱ្យ​ស៊ើបអង្កេត ជាដើម តែ​តាម​ពិត​ជា​កូន​កញ្ច្រែង​សម្រាប់​រក​លុយ​ឱ្យ​របស់​មន្ត្រី​ទាំងនោះ​ប៉ុណ្ណោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​ណា​ក៏​មាន​អំពើពុករលួយ​ដែរ តែ​នៅ​ប្រទេស​កម្ពុជា​បង្កើត​ឲ្យ​មាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​ជាតិ​ច្រើន​ជាងគេ​បំផុត​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន ដែល​ជា​សញ្ញា​ព្រមាន​ថា ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្មែរ​នឹង​ត្រូវ​រលាយ​វិនាស​ហិនហោច​គ្មាន​សល់​នៅ​ថ្ងៃ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស