ឆ្នាំ២០២៤ ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសចំនួន២០ ដែលមានបនល្បែងកាស៊ីណូច្រើនបំផុតលើពិភពលោក និងក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសហ្វីលីពីន ខណៈទីក្រុងម៉ាកាវ បានត្រឹមឈរលេខរៀងទី៣ ប៉ុណ្ណោះ។
គេហទំព័រសារព័ត៌មានបរទេសមួយឈ្មោះ Insider Monkey បានចុះផ្សាយពីចំណាត់ថ្នាក់ប្រទេសចំនួន២០ ដែលបើកដំណើរការបនល្បែងកាស៊ីណូច្រើនបំផុតនៅលើពិភពលោក និងក្នុងតំបន់អាស៊ាន កាលពីចុងខែមិថុនា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជាគឺជាប្រទេសមានបនល្បែងកាស៊ីណូច្រើនលំដាប់ទី២ បន្ទាប់ពីប្រទេសហ្វីលីពីន ដែលមានបនល្បែងកាស៊ីណូឈរលើកំពូលតារាងនៅឆ្នាំនេះ។
ប្រភពដដែលបង្ហាញថា ហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ១ ចំណែកកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ទីក្រុងម៉ាកាវ ជាប់លេខ៣ ប្រទេសវៀតណាម ជាប់លេខ៤ ប្រទេសសិង្ហបុរី ជាប់លេខ១១ ប្រទេសម៉ាឡេស៊ី ជាប់លេខ១៤ ប្រទេសភូមា ជាប់លេខ១៥ និងប្រទេសឡាវ ជាប់លេខ១៦។
គេហទំព័រដដែលនេះបញ្ជាក់ថា ការចងក្រងបញ្ជីបណ្តាប្រទេសដែលមានបនល្បែងកាស៊ីណូធំជាងគេទាំង២០ គឺផ្អែកលើមូលដ្ឋានទិន្នន័យរបស់ World Casino Directory ដូច្នេះសេចក្តីរាយការណ៍នេះបានចាត់ទុកចំនួនកាស៊ីណូក្នុងប្រទេសនីមួយៗជាម៉ែត្រកំណត់ក្នុងឆ្នាំ២០២៤ នេះ។
មហាសេដ្ឋីស្រុកខ្មែរដែលប្រកបអាជីវកម្មខាងវិស័យល្បែងកាស៊ីណូ រួមមាន លោក លី យ៉ុងផាត់ មានកាស៊ីណូនៅខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តឧត្ដរមានជ័យ។ ចំណែកលោក គិត ម៉េង មានកាស៊ីណូនៅខេត្តស្វាយរៀង និងក្រុមហ៊ុនអនឡាញ ខណៈលោក កុក អាន មានកាស៊ីណូនៅខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាដើម។ ចំណែកឯលោក ទ្រី ភាព មានកាស៊ីណូនៅខេត្តរតនគិរី ខេត្តឧត្ដរមានជ័យ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយឡែកលោក សុខ គង់ មានកាស៊ីណូសុខានៅតំបន់ភ្នំបូកគោ និងខេត្តព្រះសីហនុ ផងដែរ។
មហាសេដ្ឋីទាំងនេះសុទ្ធសឹងតែមានឋានៈមុខនាទីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាលទាំងអស់ ដូចជាលោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា លោក ទ្រី ភាព ជាបេសកជនពិសេសរបស់ប្រធានព្រឹទ្ធសភា ខណៈលោក ហ៊ុន សែន ឪពុកនាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត ក៏ត្រូវគេដឹងថាមានភាគហ៊ុនក្នុងបនល្បែងកាស៊ីណូណាហ្គាវើលដ៍មួយភាគធំដែរ។
ទាក់ទិននឹងបញ្ហានេះ គេហទំព័រកាស៊ីណូពិភពលោក World Casino Directory បង្ហាញថា កាស៊ីណូស្របច្បាប់ដែលកំពុងដំណើរការនៅប្រទេសកម្ពុជាមានចំនួន៥២ ដែលមានទីតាំងនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង ខណៈខេត្តព្រះសីហនុ អាចនឹងក្លាយជាទីក្រុងម៉ាកាវទី២ ទៅថ្ងៃអនាគត។
ជុំវិញបញ្ហានេះ សារព័ត៌មានអន្តរជាតិឈ្មោះ The Economist បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះថា នៅប្រទេសកម្ពុជា ចំនួនកាស៊ីណូដែលមានអាជ្ញាបណ្ណបានកើនឡើងពី១០១ ក្នុងឆ្នាំ២០២១ ដល់ ១៧៤ ក្នុងឆ្នាំ២០២៣។
ចំណែកឯអគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្មកម្ពុជា លោក រស់ ភិរុណ បានអះអាងថា កន្លងមក ប្រទេសកម្ពុជាមានកាស៊ីណូដែលមានអាជ្ញាបណ្ណជាង ២០០ ប៉ុន្តែឆ្នាំ២០២២ មានកាស៊ីណូចំនួន ១៤៣ ប៉ុណ្ណោះ ដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណប្រចាំឆ្នាំឡើងវិញ។
ទាក់ទិននឹងបញ្ហានេះ ប្រធានគណៈកម្មការចំពោះកិច្ចដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតគ្រប់ល្បែងស៊ីសងខុសច្បាប់ លោក សុខ ផល បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ថា ត្រឹមរយៈពេលបីថ្ងៃក្នុងដើមខែមិថុនា សមត្ថកិច្ចជំនាញបានចុះបង្ក្រាប និងបិទទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា បានជាង ៣ពាន់កន្លែង និងឃាត់ខ្លួនទាំងជនបរទេស និងខ្មែរបានជាង ១ម៉ឺននាក់។
ទាក់ទិននឹងបញ្ហានេះ កាលពីចុងឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានចេញបទបញ្ជាឱ្យបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ដែលមានជាង ២ពាន់កន្លែងនៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ប៉ុន្តែវិធានការនោះហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ៕