31 C
Phnom Penh

មន្ត្រី​ព្រលាន​យន្តហោះ​ថា​ការ​បាត់បង់​ភ្ញៀវ​ទេសចរ​គឺ​មកពី​មន្ត្រី​ខាង​វិស័យ​ទេសចរណ៍​មិន​ចេះ​ដឹកនាំ​និង​មាន​អត្តចរិត​អន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អះអាង​ថា ការ​បាត់បង់​ភ្ញៀវ​ទេសចរ​មិនមែន​ដោយសារតែ​ព្រលាន​យន្តហោះ​ទេ ប៉ុន្តែ​បណ្តាល​មកពី​មន្ត្រី​ខាង​វិស័យ​ទេសចរណ៍​គ្មាន​សមត្ថភាព​ដឹកនាំ រួម​ទាំង​អត្តចរិត​មិន​ល្អ​របស់​មន្ត្រី​ដែល​ធ្វើការ​នៅ​ក្នុង​ព្រលាន​យន្តហោះ។

មន្ត្រី​ប្រចាំការ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១១ កក្កដា នេះ​ថា ការ​ដឹកនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន កន្លង​មក​គ្មាន​ប្រសិទ្ធភាព​ទេ។

ប្រភព​ដដែល​បន្ត​ថា ផែនការ​របស់​ក្រសួង​ទេសចរណ៍​ដែល​បាន​លើកឡើង​កន្លង​មក គ្រាន់តែ​ធ្វើ​ឱ្យ​តែ​ល្អ​មើល​នៅ​លើ​ក្រដាស​តែប៉ុណ្ណោះ ខណៈ​ការ​អនុវត្ត​ជាក់ស្តែង មិន​ទាន់​ទទួល​ជោគជ័យ​លើ​គម្រោង​ណា​មួយ​នៅឡើយ​ទេ​ក្នុង​ការ​ដឹកនាំ​របស់​លោក​រយៈពេល​ជិត ១១​ខែ​មក​នេះ។

មន្ត្រី​រូប​នេះ​អះអាង​ថា បើ​លោក សុខ សូកេន មិន​កែប្រែ​វិធីសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទេ វិស័យ​ទេសចរណ៍​របស់​កម្ពុជា​អាច​នឹង​បន្ត​ធ្លាក់​ចុះ​ជាង​នេះ​ត​ទៅ​ទៀត ពីព្រោះ​មន្ត្រី​ដែល​ឡើង​កាន់​តំណែង​អាណត្តិ​ថ្មី​នេះ ហាក់​គ្មាន​សមត្ថភាព ប៉ុន្តែ​ពួកគេ​ដូចជា​កំពុង​ត្រេកត្រអាល​នឹង​បុណ្យ​ស័ក្តិ​ច្រើន​ជាង​ភារកិច្ច​របស់​ខ្លួន​ទៅវិញ។

មន្ត្រី​ដដែល​បន្ថែម​ថា មន្ត្រី​នៅ​ព្រលាន​យន្តហោះ​មាន​សមត្ថភាព និង​ជំនាញ​គ្រប់គ្រាន់​សម្រាប់​ទទួល​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ អាច​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​លេង​បាន ឬ​ក៏​អត់​តែប៉ុណ្ណោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ជានិច្ចកាល អត្តចរិត​របស់​មន្ត្រី​ទាំងនោះ​គឺ​ក្រអឺតក្រទម​ខ្លាំង​ណាស់​ដាក់​ភ្ញៀវ​ទេសចរ​តាមរយៈ​ពាក្យ​សម្ដី និង​ឥរិយាបថ​របស់​ពួកគេ ដែល​បង្ហាញ​ថា មន្ត្រី​ទាំងនោះ​គ្មាន​សីលធម៌​វិជ្ជាជីវៈ​ដែល​ស័ក្តិសម​ជា​មន្ត្រី​ធ្លាប់​ទទួល​បាន​ការ​បណ្តុះបណ្តាល​ខាង​បដិសណ្ឋារកិច្ច​ពី​មុន​មក ដូច្នេះ​ពួកគេ​មិន​ដឹង​ថា​បាន​ជាប់​ជា​មន្ត្រី​របស់​រដ្ឋ​តាម​វិធី​ណា​នោះ​ទេ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​ម្នាក់​ទៀត បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ​ថា អំពើពុករលួយ​របស់​មន្ត្រី​ក្រសួង​ទេសចរណ៍ កុំ​ថា​ឡើយ​ភ្ញៀវ​ទេសចរ​ខ្លាច​មិន​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា សូម្បីតែ​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​ក៏​ខ្លាច​នឹង​អំពើពុករលួយ​របស់​ពួកគេ​ដែរ។

ប្រភព​មន្ត្រី​ដដែល​បញ្ជាក់​ថា គ្រាន់តែ​ពិធី​រៀបចំ​ទទួល​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ឱ្យ​ទៅ​សម្ពោធ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ ក៏​ក្រសួង​ទេសចរណ៍​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​ចេញ​លុយ​ជាង ១​សែន​ដុល្លារ​អាមេរិក​សម្រាប់​ពួកគេ​ក្នុង​ការ​រៀបចំ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២៤ អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន បាន​រិះគន់​ថា មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​អ្វីៗ​គ្រប់​យ៉ាង រហូត​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មិន​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េខាងជើង មាន​លក្ខណៈ​ស្រដៀង​គ្នា គឺ​ប្រទេស​កូរ៉េខាងជើង បិទ​មិន​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​លេង ចំណែក​ប្រទេស​កម្ពុជា ភ្ញៀវ​ទេសចរ​មិន​ហ៊ាន​ទៅ​លេង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស