30 C
Phnom Penh

បំណុល​កម្ពុជា​កើន​ដល់​ជាង ១១​ពាន់​លាន​ដុល្លារ​ដើម​ឆ្នាំ​២០២៤ ដែល​ចិន​ជា​ម្ចាស់​បំណុល​ឈាន​មុខ​គេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បង្ហាញ​ថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២៤ នេះ កម្ពុជា​ជំពាក់​បំណុល​សាធារណៈ​សរុប​ចំនួន​ជាង ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ៩៩,១២% ជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស និង ០,៨៨% ជា​បំណុល​សាធារណៈ​ក្នុង​ប្រទេស ខណៈ​ចិន​នៅតែ​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​ផ្សាយ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា ក្នុង​ចំណោម​បំណុល​សរុប ១១,០៩​ពាន់​លាន​ដុល្លារ​អាមេរិក កម្ពុជា​ជំពាក់​បំណុល​បរទេស ១​ម៉ឺន ១​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈ ៩៨​លាន​ដុល្លារ​អាមេរិក​ទៀត គឺជា​បំណុល​ក្នុង​ស្រុក។

ប្រភព​ដដែល​លើកឡើង​ថា នៅ​ពេលនេះ កម្ពុជា​បាន​សង​បំណុល​ដល់​ម្ចាស់​កម្ចី​សរុប​ជិត ២០០​លាន​ដុល្លារ​អាមេរិក​ហើយ (១៨១,៥៥​លាន​ដុល្លារ) ក្នុង​នោះ​ប្រាក់ដើម​មាន​ចំនួន​ជាង ១០០​លាន​ដុល្លារ​អាមេរិក (១៤២,៤០​លាន​ដុល្លារ​អាមេរិក) និង​ការប្រាក់ រួម​ទាំង​ប្រាក់​កម្រៃ​ផ្សេងៗ​ជាង ៣០​លាន​ដុល្លារ​អាមេរិក (៣៨,៦០​លាន​ដុល្លារ) ផង​ដែរ។ ចំណែក​ការ​ទូទាត់​បំណុល​សាធារណៈ​ក្នុង​ប្រទេស​មាន​ចំនួន​ប្រមាណ ០,៥៥​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ត្រឹមតែ​ជា​ការប្រាក់​ប៉ុណ្ណោះ។

ក្រសួង​សេដ្ឋកិច្ច​កម្ពុជា បញ្ជាក់​ថា ក្នុង​ចំណោម​បំណុល​ទាំងនេះ ចិន​ជា​ប្រទេស​ដែល​ផ្តល់​កម្ចី​ដល់​កម្ពុជា​ច្រើន​ជាង​គេ គឺ ៣៦% ដែល​ស្មើ​នឹង​ទឹកប្រាក់​ប្រមាណ​ជិត ៤​ពាន់​លាន​ដុល្លារ​អាមេរិក (៣,៩៩​ពាន់​លាន​ដុល្លារ), ចំណែក​ជប៉ុន ១១% សាធារណរដ្ឋ​កូរ៉េ ៥%, បារាំង ៥%, បំណុល​មរតក ៦%, បំណុល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ២១%, បំណុល​ធនាគារ​ពិភពលោក ១២% និង​បំណុល​ពហុភាគី ៣% ផង​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា ការ​ខ្ចី​បុល​បរទេស​មិនមែន​ជា​បញ្ហា​ទេ ព្រោះ​ប្រទេស​ណា​ក៏​ជំពាក់​បំណុល​បរទេស​ដែរ ប៉ុន្តែ​បញ្ហា​សម្រាប់​កម្ពុជា គឺ​នៅ​ត្រង់​ថា រដ្ឋាភិបាល​មិន​អាច​ប្រើ​លុយ​កម្ចី​ទាំងនោះ​ទៅ​អភិវឌ្ឍ​ប្រទេស​ដើម្បី​ទាញ​ប្រាក់ចំណូល​មក​វិញ ដែល​នេះ​ជា​បញ្ហា​ធ្វើ​ឱ្យ​កម្ពុជា​ចេះ​តែ​បន្ត​ជំពាក់​បរទេស​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក ម៉ែន ណាត លើកឡើង​ថា កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​បែងចែក​លុយ​កម្ចី​ទាំងនោះ​ទៅ​ជា​ផ្នែកៗ​គ្រប់​ច្រក ដូចជា សម្រាប់​បើក​ប្រាក់ខែ​ឱ្យ​មន្ត្រី​រាជការ និង​ចែក​គ្នា​ពុករលួយ​តាម​គម្រោង​អភិវឌ្ឍន៍​នានា ជាដើម។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​អះអាង​ថា ក្រៅពី​ការ​ប្រើប្រាស់​លុយ​កម្ចី​គ្មាន​តម្លាភាព រដ្ឋាភិបាល​កម្ពុជា​ក៏​ប្រឈម​នឹង​បាត់បង់​ទ្រព្យសម្បត្តិ​ទៅ​ចិន ដែរ ព្រោះ​ថា ពិត​មែន​តែ​ចិន​ប្រកាស​ពី​ចង​មិត្ត​ដែកថែប​ជាមួយ​កម្ពុជា ប៉ុន្តែ​បើ​កម្ពុជា​គ្មាន​លុយ​សង ចិន​នឹង​រឹបអូស​យក​អ្វី​គ្រប់​យ៉ាង​ដែល​ចិន​ត្រូវការ តួយ៉ាង​ដូចជា​ប្រទេស​ស្រីលង្កា ជា​ឧទាហរណ៍​ស្រាប់។

លោក ម៉ែន ណាត បញ្ជាក់​ថា តាម​សមត្ថភាព​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត រយៈពេល​ជិត ១​ឆ្នាំ​មក​នេះ អាច​បញ្ជាក់​បាន​ថា គាត់​មិន​អាច​ដោះ​បំណុល​ដែល​កម្ពុជា​ជំពាក់​ប្រទេស​ជិតខាង​បាន​ទេ ហើយ​កម្ពុជា​ក៏​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​អាណានិគម​សេដ្ឋកិច្ច​របស់​ចិន ដែរ ឱ្យ​តែ​បំណុល​ចេះ​តែ​បន្ត​កើន​ឡើង​បែប​នេះ​ទៀត​នោះ។

កាលពី​ចុង​ឆ្នាំ​២០២៣ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា​មាន​បំណុល​សាធារណៈ​សរុប​ប្រមាណ ១០,២៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេលនេះ បំណុល​កម្ពុជា​បាន​កើន​ឡើង ១១,០៩​ពាន់​លាន​ដុល្លារ​អាមេរិក​ហើយ។

យ៉ាងណា​ក៏ដោយ លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​អះអាង​ថា កម្ពុជា​មិន​ខ្ចី​បរទេស​រហូត​ដល់​វ័ណ្ឌក​ខ្លួនឯង​នោះ​ទេ ព្រោះ​កម្ចី​ទាំងនោះ​គឺ​ធ្វើ​ឡើង​ដើម្បី​ធានា​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ មិនមែន​ខ្ចី​មក​ទិញ​រថយន្ត និង​ទិញ​យន្តហោះ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​ប្រើប្រាស់​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស