31 C
Phnom Penh

អ្នកជំនាញ​ថា​ក្នុង​ក្រសួង​ស្ថាប័ន​រដ្ឋ​មាន​ការ​តម្រូវ​ឱ្យ​បង់​លុយ​ទៅ​ភ្នាក់ងារ​ឯកជន​សម្រាប់​រត់ការ​បំពេញ​ឯកសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​ខាង​អភិបាលកិច្ច លើកឡើង​ថា ក្នុង​ក្រសួង​ស្ថាប័ន​ជាតិ ដូចជា មន្ទីរពេទ្យ ស្ថាប័ន​គយ និង​ស្ថាប័ន​តុលាការ ជាដើម តែងតែ​មាន​ភ្នាក់ងារ​រត់ការ​ឯកជន​ដែល​តម្រូវ​ឱ្យ​ពលរដ្ឋ​បង់​លុយ​ឱ្យ​ភ្នាក់ងារ​ឯកជន​ទាំងនោះ សម្រាប់​បំពេញ​ឯកសារ​ផ្សេងៗ​ជំនួស​ឱ្យ​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋ។

អ្នកជំនាញ​ខាង​អភិបាលកិច្ច​លោក ឱក សេរីសោភក្តិ៍ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​រងគ្រោះ​ថា មន្ត្រី​គយ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​អនាធិបតេយ្យ។

លោក​ថា ជាក់ស្តែង​មាន​ប្រជាពលរដ្ឋ​ម្នាក់​បាន​ទិញ​ឱសថ​ពី​សហរដ្ឋ​អាមេរិក ដោយ​ផ្ញើ​តាម​ជើង​យន្តហោះ​ដែល​មាន​តម្លៃ ៣០០​ដុល្លារ ប៉ុន្តែ​ត្រូវ​ជាប់​ពន្ធគយ ដូច្នេះ​ម្ចាស់​ឱសថ​ត្រូវ​បង់​ពន្ធ​ទៅ​ឱ្យ​មន្ត្រី​គយ​ជា​មុន​សិន ទើប​អាច​យក​ថ្នាំ​នោះ​បាន។

លោក​បន្ត​ថា ពេល​ម្ចាស់​ឱសថ​ទៅ​ជួប​មន្ត្រី​គយ ពួកគេ​បាន​តម្រូវ​ឱ្យ​ម្ចាស់​អីវ៉ាន់​ទាក់ទង​ទៅ​អ្នក​រត់ការ​ឯកជន​ដែល​នៅ​ខាង​ក្រៅ​អគារ​គយ។ ក្រោយ​ធ្វើការ​ទាក់ទង និង​បាន​ចរចា​រួចរាល់ អ្នក​រត់ការ​ឯកជន​នោះ​បាន​តម្រូវ​ឱ្យ​ម្ចាស់​ឱសថ​បង់​លុយ​ចំនួន ៩៥​ដុល្លារ ទើប​អាច​ដក​អីវ៉ាន់​នោះ​បាន។

លោក ឱក សេរីសោភក្តិ៍ លើកឡើង​ថា ចំណែក​នៅ​ឯ​មន្ទីរ​សុខាភិបាល ក៏​មាន​អ្នក​រត់ការ​ឯកជន​ដូច​នៅ​ស្ថាប័ន​គយ​ដែរ។ ជាក់ស្តែង នៅ​មន្ទីរពេទ្យ​ព្រះអង្គឌួង មាន​ភ្នាក់ងារ​ឯកជន​រត់ការ​នាំ​អ្នក​ជំងឺ​ទៅ​ជួប​វេជ្ជបណ្ឌិត ប៉ុន្តែ​អ្នក​ជំងឺ​ត្រូវ​បង់​លុយ​ជា​ថ្នូរ​នឹង​ការ​ជួយ​រត់ការ​នេះ មិនមែន​ជូន​ទៅ​ជួប​វេជ្ជបណ្ឌិត​ដោយ​មិន​បង់​លុយ​នោះ​ទេ។

អ្នកជំនាញ​ខាង​អភិបាលកិច្ច​រូប​នេះ​អះអាង​ថា ដោយឡែក​នៅ​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ការពារ​យុត្តិធម៌ ក៏​ញាំញី​ទៅ​ដោយ​អំពើពុករលួយ​តាមរយៈ​អ្នក​រត់ការ​ឯកជន​ដូច​គ្នា​ដែរ។ ជាក់ស្តែង មាន​ករណី​មួយ​ជុំវិញ​បទល្មើស​នេសាទ​ដែល​ប្រជាពលរដ្ឋ​មួយ​ក្រុម​បាន​ចូល​ទៅ​នេសាទ​ក្នុង​តំបន់​អភិរក្ស។ លោក​ថា ប្រជាពលរដ្ឋ​ទាំងនោះ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ និង​តម្រូវ​ឱ្យ​បង់​លុយ​ក្នុង​ម្នាក់ៗ​ចំនួន ៦០​ម៉ឺន​រៀល ដោយ​ការ​សួរ​នាំ​បន្តិចបន្តួច ហើយ​ក៏​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ពលរដ្ឋ​ដដែល​នោះ​នឹកស្មាន​តែ​តុលាការ​អាណិតអាសូរ​ពួកគេ​ដោយ​គ្រាន់តែ​បង់​លុយ​រួច​ហើយ​បញ្ចប់​រឿង តែ​ការពិត គឺ​មិន​ដូច្នោះ​ឡើយ។

លោក ឱក សេរីសោភក្តិ៍ បញ្ជាក់​ថា តុលាការ​បាន​អូស​បន្លាយ​ករណី​នេះ​រហូត​ដល់​ជាង​មួយ​ឆ្នាំ ហើយ​ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​នេះ តុលាការ​បាន​កោះ​ហៅ​ក្រុម​អ្នក​នេសាទ​ទាំងនោះ​ឡើង​តុលាការ​ចំនួន ៧​ដង។

លោក​ថា រាល់​ពេល​ដែល​តុលាការ​កោះ​ហៅ​ម្តងៗ ពួកគេ​ត្រូវ​បង់​លុយ​ឱ្យ​តុលាការ​គ្រប់​ពេល ប៉ុន្តែ​ក្រោយ​មក ប្រហែល​តុលាការ​គិត​ថា​ពលរដ្ឋ​ទាំងនោះ​អស់​លុយ ដូច្នេះ​តុលាការ​ក៏​សម្រេច​ឱ្យ​ក្រុម​អ្នក​នេសាទ​ទាំងនោះ​បង់​លុយ​សរុប​ដើម្បី​បញ្ចប់​រឿង​តែម្តង។

ការ​អះអាង​នេះ ធ្វើឡើង​ដូច​គ្នា​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ជា​ម្តាយមីង​បង្កើត​របស់​លោក ហ៊ុន ម៉ាណែត ដែល​បាន​ទម្លាយ​ពី​អំពើពុករលួយ​ក្នុង​ស្ថាប័ន​រដ្ឋ​សព្វថ្ងៃ​នេះ។ អ្នកស្រី ហ៊ុន ស៊ីណាត បាន​រិះគន់​ខ្លាំងៗ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​សុទ្ធតែ​ជា​មន្ត្រី​ពុករលួយ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា មន្ត្រី​ដែល​ចូលចិត្ត​ផឹក​ទឹកតែ។

អ្នកស្រី​អះអាង​ថា ដោយសារតែ​អំពើពុករលួយ​បំបាត់​មិន​បាន​បែប​នេះ​ហើយ បាន​ជា​ពលរដ្ឋ​ដែល​មាន​លទ្ធភាព នាំគ្នា​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។ ជាង​នេះ​ទៀត​ភ្ញៀវ​ទេសចរ​ដែល​មិន​ទៅ​លេង​ប្រទេស​កម្ពុជា ក៏​ដោយសារតែ​អំពើពុករលួយ​របស់​មន្ត្រី​ទាំងនេះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស