សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ ពីបទ «សមគំនិតក្នុងអំពើស៊ីសំណូកសូកប៉ាន់ រំលោភអំណាច និងប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល» ដែលជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារពេទ្យជួយទណ្ឌិត។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើស៊ីសំណូកសូកប៉ាន់ រំលោភអំណាច និងប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។
ចំណែកឯអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោក ព្រុំ ចាន់នី ជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារពេទ្យ ដើម្បីស្នើសុំការលើកលែងទោសជូនទណ្ឌិតដែលមានជំងឺធ្ងន់ធ្ងរ។
ប្រភពដដែលអះអាងថា ការចោទប្រកាន់ និងចាប់ខ្លួនលោក ព្រុំ ចាន់នី ផ្តើមឡើងដោយបណ្តឹងអនាមិកដែលបានប្តឹងទៅកាន់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌។ ក្រោយមានបណ្តឹង និងការបញ្ជាឱ្យស្រាវជ្រាវពីថ្នាក់ដឹកនាំ សមត្ថកិច្ចបានធ្វើការសាកសួរអ្នកពាក់ព័ន្ធជាច្រើនលើករហូតសន្មតថា ពិតជាមានធាតុផ្សំនៃបទល្មើសមែន។
លោក នុត សវនា អះអាងថា ជនជាប់ចោទត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារពេទ្យដែលស្នើសុំការលើកលែងទោសឲ្យទណ្ឌិតដែលមានជំងឺធ្ងន់ធ្ងរក្នុងដំណាក់កាលជីវិតចុងក្រោយ ដោយលើកហេតុផលករណីមនុស្សធម៌។
ពាក់ព័ន្ធនឹងរឿងអំពើពុករលួយនេះដែរ ឧត្តមសេនីយ៍ត្រីឈ្មោះ ព្រហ្ម រស់ចន្ត្រា ត្រូវបានទម្លាក់ស័ក្តិពីឧត្តមសេនីយ៍ត្រី មកនៅត្រឹមថ្នាក់ពលបាលត្រីនៃក្របខ័ណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែកក្កដា បន្ទាប់ពីក្រសួងបានរកឃើញថា លោកមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយតាមរយៈការទទួលសំណូកយកលុយពីបេក្ខជនជាថ្នូរនឹងការប្រឡងជាប់ចូលធ្វើជាមន្ត្រីរាជការ។
អង្គការតម្លាភាពអន្តរជាតិកម្ពុជា បានចេញរបាយការណ៍ស្ដីពីសន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៣ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះថា កម្ពុជាទទួលចំណាត់ថ្នាក់លេខរៀងទី១៥៨ ក្នុងចំណោមប្រទេស ១៨០ លើពិភពលោក ដែលជាចំណាត់ថ្នាក់អាក្រក់ជាងឆ្នាំ២០២២ ចំនួន ៨កម្រិតបើទោះបីជារដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនបានកែលំអបញ្ហាអំពើពុករលួយជាបន្តបន្ទាប់រហូតមកក៏ដោយ៕