29 C
Phnom Penh

មេដឹកនាំ​ហាម៉ាស ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ង់ បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ពី​សង្គ្រាម​ធំ​នៅ​មជ្ឈិមបូព៌ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក Ismail Haniyeh មេដឹកនាំ​ក្រុម​កម្លាំង​ប្រដាប់​អាវុធ​ហាម៉ាស-ប៉ាឡេស្ទីន ត្រូវ​បាន​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣១ ខែ​កក្កដា នេះ ក្នុង​ទីក្រុង​តេហេរ៉ង់ នៃ​ប្រទេស​អ៊ីរ៉ង់។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​ស្រង់​សម្ដី​ពួក​មន្ត្រី​ប៉ាឡេស្ទីន និង​មន្ត្រី​អ៊ីរ៉ង់។

មរណភាព​មេដឹកនាំ​យុទ្ធសាស្ត្រ​នៃ​កងកម្លាំង​ហាម៉ាស-ប៉ាឡេស្ទីន បាន​ទាញ​ឱ្យ​មាន​ការ​គំរាម​វាយ​សងសឹក​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល ហើយ​អាច​ទៅ​រក​សង្គ្រាម​ដ៏​ធំ​ផ្ទុះឡើង​នៅ​មជ្ឈិមបូព៌ា ខណៈ​ដែនដី​ហ្កាហ្សា និង​ប្រទេស​លីបង់ កំពុង​ធ្លាក់​ក្នុង​សង្គ្រាម​សងសឹក​របស់​អ៊ីស្រាអែល ដែល​នៅ​ថ្ងៃទី​៣០ ខែ​កក្កដា មេ​ទ័ព​ម្នាក់​របស់​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡា ក៏​ត្រូវ​បាន​សម្លាប់​ផង​ដែរ​ដោយ​ការ​វាយប្រហារ​របស់​យន្តហោះ​ចម្បាំង​របស់​ប្រទេស​អ៊ីស្រាអែល។

ក្រុម​ហាម៉ាស បាន​ចោទ​ភ្លាម​ទៅ​លើ​ក្រុម Zionist អ៊ីស្រាអែល។ ក្រុម​ហាម៉ាស បាន​សម្ដែង​មរណទុក្ខ​ចំពោះ​ការ​ស្លាប់​លោក Haniyeh ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ការ​វាយឆ្មក់​របស់​ក្រុម Zionist អ៊ីស្រាអែល។

សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ហាម៉ាស បញ្ជាក់​ថា លោក Haniyeh ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​មួយ​ទៅ​លើ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​តេហេរ៉ង់ បន្ទាប់ពី​លោក​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Masoud Pezeshkian ជា​ប្រធានាធិបតី​អ៊ីរ៉ង់។

ក្រុម​ហាម៉ាស បាន​ហៅ​មរណភាព​របស់​មេដឹកនាំ​របស់​ខ្លួន​រូប​នេះ​ថា​ជា​សមរភូមិ​ថ្មី​មួយ​ទៀត​ដែល​ត្រូវ​ប្រយុទ្ធ​ដើម្បី​សងសឹក។

ជាមួយ​គ្នា​នេះ កង​ឆ្មាំ​បដិវត្តន៍​ប្រទេស​អ៊ីរ៉ង់ បាន​បញ្ជាក់​ថា មរណភាព​របស់​លោក Ismail Haniyeh តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​គាត់​បាន​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​អ៊ីរ៉ង់ Masoud Pezeshkian នៅ​ក្រុង​តេហេរ៉ង់។

កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក៏​បាន​ទទួលស្គាល់​ដែរ​ថា មេដឹកនាំ​ក្រុម​ហាម៉ាស រូប​នេះ ត្រូវ​បាន​សម្លាប់​ក្នុង​ទីក្រុង​តេហេរ៉ង់ រួម​ជាមួយ​អង្គរក្ស​ម្នាក់​របស់​គាត់។

សេចក្ដី​ថ្លែងការណ៍​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​បញ្ជាក់​ថា គេហដ្ឋាន​របស់​របស់​លោក Ismail Haniyeh មេដឹកនាំ​ហាម៉ាស ទទួល​បន្ទុក​នយោបាយ យុទ្ធសាស្ត្រ​នៃ​ចលនា​តស៊ូ​អ៊ីស្លាម​ហាម៉ាស បាន​រង​ការ​វាយប្រហារ​ក្នុង​ទីក្រុង​តេហេរ៉ង់ ដោយ​បណ្ដាល​ឱ្យ​លោក Haniyeh និង​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អង្គរក្ស​របស់​គាត់​បាន​បាត់បង់​ជីវិត។ ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ប្រកាស​ថា មូលហេតុ​នៃ​ការ​ស្លាប់​លោក Haniyeh កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។

តាម​ធម្មតា លោក Haniyeh ស្នាក់នៅ​ក្នុង​ប្រទេស​កាតា តែ​គាត់​ប្រឈមមុខ​នឹង​បញ្ហា​ការទូត​អន្តរជាតិ ដោយសារតែ​ក្រុម​ហាម៉ាស បាន​បើក​ការ​វាយប្រហារ​ទៅ​លើ​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២៣ ដែល​នាំ​ឱ្យ​អ៊ីស្រាអែល បើក​ការ​វាយប្រហារ​សងសឹក​ដោយ​លើក​ទ័ព​វាយលុក​ដែនដី​ហ្កាហ្សា ជា​ជម្រក​របស់​ពួក​ហាម៉ាស។

ចំណែកឯ​មេដឹកនាំ​កំពូល​នៃ​ប្រទេស​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាន​សច្ចា​ដាក់​ទោស​ធ្ងន់ធ្ងរ​លើ​អ៊ីស្រាអែល ដែល​លោក​ថា​ជា​ភារកិច្ច​របស់​អ៊ីរ៉ង់ ក្នុង​ការ​សងសឹក​ចំពោះ​មរណភាព​របស់​មេដឹកនាំ​ហាម៉ាស ព្រោះតែ​លោក Haniyeh ត្រូវ​បាន​សម្លាប់​នៅ​រដ្ឋធានី​ប្រទេស​អ៊ីរ៉ង់។ លោក​ព្រមាន​ថា កងទ័ព​អ៊ីរ៉ង់ បាន​ត្រៀម​រួច​ហើយ​ដើម្បី​វាយ​សងសឹក​ដោយ​វាយប្រហារ​ត្រង់​ទៅ​លើ​ដែនដី​ហ្កាហ្សា។

ដែនដី​ហ្កាហ្សា នៅ​ក្នុង​ផ្នែក​មួយ​ដែនដី​ប៉ាឡេស្ទីន កំពុង​កាន់កាប់​ដោយ​កងទ័ព​អ៊ីស្រាអែល។ ចំពោះ​ហេតុការណ៍​នេះ ប្រធានាធិបតី​ថ្មី​ប្រទេស​អ៊ីរ៉ង់ លោក Masoud Pezeshkian ក៏​បាន​សច្ចា​ថា​នឹង​ធ្វើ​ឱ្យ​អ៊ីស្រាអែល ស្តាយក្រោយ​ចំពោះ​សកម្មភាព​វាយប្រហារ​ធ្វើ​ឃាត​មេដឹកនាំ​យុទ្ធសាស្ត្រ​របស់​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន រូប​នេះ។

មិន​ទាន់​មាន​ការ​ឆ្លើយតប​ភ្លាមៗ​ពី​ប្រទេស​អ៊ីស្រាអែល នៅឡើយ​ទេ។ កងទ័ព​អ៊ីស្រាអែល ក៏​បាន​ពិនិត្យ​មើល​ព្រឹត្តិការណ៍​នេះ​ដែរ ប៉ុន្តែ​មិន​បាន​ចេញ​ការ​ព្រមាន​អំពី​ស្ថានភាព​សន្តិសុខ​ចំពោះ​ជនស៊ីវិល​នោះ​ទេ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​ប្រឹក្សា​ជាមួយ​មន្ត្រី​សន្តិសុខ​របស់​លោក​នៅ​ថ្ងៃទី​៣១ កក្កដា។ ស្រប​ពេល​គ្នា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក លោក Lloyd Austin បាន​និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន នឹង​ព្យាយាម​បន្ថយ​កម្ដៅ​ស្ថានការណ៍ ប៉ុន្តែ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នៅតែ​ជួយ​អ៊ីស្រាអែល បើ​អ៊ីស្រាអែល រង​ការ​វាយប្រហារ។

បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់ លោក Haniyeh បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​នៅ​ទីក្រុង​តេហេរ៉ង់ បន្ទាប់ពី​រូបលោក​បាន​មក​ចូលរួម​ពិធី​ស្បថ​ចូល​កាន់​អំណាច​របស់​លោក Pezeshkian។

ក្នុង​ស្ថានភាព​ដ៏​រំជើបរំជួល​នៅ​ប្រទេស​អ៊ីរ៉ង់ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​ហេសបូឡា បាន​បាត់បង​ជីវិត​ក្រោម​ការ​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល។

កងទ័ព​អ៊ីស្រាអែល បាន​អះអាង​ថា បាន​សម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​ហេសបូឡា នៅ​ក្នុង​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​មួយ​លើ​ទីក្រុង​បេរូត ក្នុង​ប្រទេស​លីបង់ កាលពី​ថ្ងៃ​អង្គារ ទី​៣០ ខែ​កក្កដា ដែល​ជា​ការ​សងសឹក​ទៅ​នឹង​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត ដោយ​បាន​សម្លាប់​កុមារ​អ៊ីស្រាអែល ១២​នាក់​កាលពី ៣​ថ្ងៃ​មុន​នេះ ដែល​អ៊ីស្រាអែល ចោទ​ថា​ជា​ស្នាដៃ​របស់​ចលនា​ប្រដាប់​អាវុធ​របស់​ហេសបូឡា។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់ Reuters ថា ស្នូរ​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​មួយ​បាន​កើតឡើង ហើយ​ផ្សែង​ខ្មៅ​បាន​គ្របដណ្ដប់​លើ​ភាគ​ខាងត្បូង​ជាយ​ទីក្រុង​បេរូត ដែល​ជា​មូលដ្ឋាន​រឹងមាំ​មួយ​របស់​ក្រុម​ហេសបូឡា។ ការ​វាយប្រហារ​នេះ​កាលពី​យប់​ថ្ងៃទី​៣០ កក្កដា។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល លោក Yoav Gallant បាន​និយាយ​ថា មេបញ្ជាការ​ជាន់ខ្ពស់​ម្នាក់​របស់​ក្រុម​ហេសបូឡា ដែល​ត្រូវ​សម្លាប់ មាន​ឈ្មោះ​ថា Fuad Shukr។

តាម​កងទ័ព​អ៊ីស្រាអែល លោក Fuad Shukr គឺជា​ជំនួយការ​ដ៏​សំខាន់​ម្នាក់​របស់​មេដឹកនាំ​ហេសបូឡា លោក Hassan Nasrallah។

អ៊ីស្រាអែល ថា​លោក Hassan Nasrallah គឺជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​តំបន់ Golan Heights ប៉ុន្តែ​ចលនា​ប្រដាប់​អាវុធ​នៅ​លើ​ទឹកដី​ប្រទេស​លីបង់ បាន​ប្រកែក​ថា​ខ្លួន​គេ​មិនមែន​ជា​អ្នក​វាយប្រហារ​នោះ​ទេ។

ទាំង​កម្លាំង​ហាម៉ាស-ប៉ាឡេស្ទីន និង​កម្លាំង​ហេសបូឡា គឺជា​ក្រុម​ប្រដាប់​អាវុធ​ដែល​អ៊ីរ៉ង់ ជួយ​គាំទ្រ ទាំង​ការ​ផ្ដល់​អាវុធ និង​គាំទ្រ​ក្នុង​ការ​ពង្រឹង​ស្មារតី​ប្រឆាំង​នឹង​អ៊ីស្រាអែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស