33.8 C
Phnom Penh

ក្រសួង​ព័ត៌មាន​ចេញ​បញ្ញត្តិ​សម្រាប់​អ្នក​សារព័ត៌មាន​ហៅថា​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ព័ត៌មាន កំណត់​ឱ្យ​អង្គភាព​សារព័ត៌មាន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវតែ​អនុវត្ត​តាម​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​ការ​អនុវត្ត​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ប្រកប​ដោយ​ទំនុក​ចិត្ត។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា ចេញ​សេចក្តី​ប្រកាស​ស្ដីពី​ការ​ដាក់​ឱ្យ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​កាលពី​ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៧ សីហា នេះ​ថា ការ​ប្រកាស​ឱ្យ​អនុវត្ត​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ គឺ​ដើម្បី​កំណត់​សកម្មភាព​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់ និង​មធ្យោបាយ ក្នុង​បំណង​ធានា​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​រួម ទូទាំង​ប្រទេស​កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​ត្រូវ​កំណត់​សកម្មភាព​របស់​អ្នក​សារព័ត៌មាន​គ្រប់​ប្រភេទ ដូចជា អ្នក​សារព័ត៌មាន​គ្មាន​អង្គភាព អ្នក​សារព័ត៌មាន​ពលរដ្ឋ​ដែល​សំដៅ​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ​ដែល​ប្រមូល ចែកចាយ វិភាគ​ព័ត៌មាន ឬ​ដំណឹង​ចម្រុះ​តាម​បណ្ដាញ​សង្គម​សព្វថ្ងៃ​នេះ។

បន្ថែម​លើ​នេះ​ទៀត មាន​ដូចជា អ្នក​សារព័ត៌មាន​ថត​រូប អ្នក​សារព័ត៌មាន​អាជីព សារព័ត៌មាន​អេឡិចត្រូនិក អ្នក​ផលិត​មាតិកា អ្នក​មាន​ប្រជាប្រិយភាព អ្នក​ផលិត​វីដេអូ​ប្លក់ អ្នក​ផ្សព្វផ្សាយ​ប្រពៃណី និង​អ្នក​ផលិត​ព័ត៌មាន​ជាច្រើន​ផ្សេង​ទៀត ដែល​កំពុង​ប្រតិបត្តិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា អ្នក​អនុវត្ត​សកម្មភាព​ក្នុង​វិស័យ​សារព័ត៌មាន​មិន​ត្រូវ​ផ្សាយ​ប៉ះពាល់​អង្គ​ព្រះមហាក្សត្រ ជា​និមិត្តរូប​ជាតិ ឬ​វាយប្រហារ​ជាន់ឈ្លី​ស្ថាប័ន​សាធារណៈ​ឡើយ មិន​ត្រូវ​ប្រើ​ពាក្យ​ហិង្សា ជេរប្រមាថ មិន​ត្រូវ​ទិញ​លក់​ព័ត៌មាន ឬ​លុប​ចោល​ព័ត៌មាន​ជា​ថ្នូរ​នឹង​ប្រាក់ ឬ​ធ្វើ​ជា​ភ្នាក់ងារ​ចែកចាយ​ដំណឹង​ក្លែងក្លាយ​ជាដាច់ខាត ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន មាន ៤​ជំពូក និង ២៧​មាត្រា ដែល​ចែង​អំពី​គោលបំណង វិសាលភាព និង​និយមន័យ សេរីភាព​ផ្សារភ្ជាប់​នឹង​ការ​ទទួល​ខុសត្រូវ ការ​កំណត់​សកម្មភាព​ផ្សាយ​ព័ត៌មាន សុក្រឹតភាព​នៃ​ការ​ផ្សាយ​ព័ត៌មាន ភាព​ទទួល​ខុសត្រូវ​ក្នុង​សង្គម អំពី​ឯករាជ្យ និង​អព្យាក្រឹតភាព​សារព័ត៌មាន ការ​អនុវត្ត​ច្បាប់​ក្នុង​ប្រទេស ការ​ចូលរួម​លើក​ស្ទួយ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា អំពី​សិទ្ធិ ករណីយកិច្ច និង​ការ​គាំពារ និង​ចុងក្រោយ គឺ​ចែង​អំពី​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ សីហា នេះ​ថា លោក​ស្វាគមន៍​រាល់​ការ​ធានា​ឱ្យ​មាន​នូវ​ការ​ផ្សព្វផ្សាយ​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន ប៉ុន្តែ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ បើ​មិន​ចែង​ឱ្យ​បាន​ច្បាស់លាស់ ជាក់លាក់ និង​លម្អិត​ទេ នឹង​ក្លាយ​ជា​គ្រោះថ្នាក់​សម្រាប់​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ​ប៉ុណ្ណោះ។

លោក សេក សុជាតិ ប្រៀបធៀប​ថា ករណី​ជាក់ស្តែង​ជា​បទ​ចោទ បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ គឺជា​មាត្រា​មួយ​ដែល​មិន​បាន​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ថា តើ​សម្ដី​បែប​ណា ឬ​ពាក្យ​បែប​ណា​ដែល​កំណត់​ថា​ជា​ពាក្យ ឬ​សម្ដី​នាំ​ទៅ​ដល់​ការ​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​នោះ​ទេ។

លោក​ថា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​ក្រសួង​ព័ត៌មាន ប្រកាស​ឱ្យ​អនុវត្ត​នៅ​ពេលនេះ គឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​បទ​ចោទ បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​នេះ​ដែរ ព្រោះ​ថា​ក្រសួង​សាមី​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់ និង​លម្អិត​ទេ​ថា ពាក្យ​ណា​នាំ​ឱ្យ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ និង​ពាក្យ​ណា​ជា​ពាក្យ​ហិង្សា ជាដើម ដែល​បញ្ហា​នេះ​នឹង​បង្ក​ឱ្យ​មាន​ការ​បកស្រាយ​ផ្សេងៗ​ពី​គ្នា​តាម​គំនិត​របស់​បុគ្គល​រៀងៗ​ខ្លួន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​អះអាង​ថា ការ​ចែង​មិន​បាន​ជាក់លាក់​ពី​ការ​ហាមប្រាម​ក្នុង​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ អាច​នឹង​បង្ក​ភាព​ចំណេញ​សម្រាប់​អ្នក​មាន​ឥទ្ធិពល ឬ​មាន​អំណាច​តែប៉ុណ្ណោះ ព្រោះ​ថា​ពួកគេ​អាច​មាន​សិទ្ធិ​បកស្រាយ​បាន​គ្រប់​បែប​យ៉ាង​ទៅ​តាម​គំនិត​ផ្ទាល់ខ្លួន​របស់​ពួកគេ។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) បាន​ចេញ​ផ្សាយ​អំពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា ប្រទេស​កម្ពុជា​ធ្លាក់​ចំណាត់ថ្នាក់​ខាង​សេរីភាព​សារព័ត៌មាន​ចំនួន ៩​លេខ​ចំនួន​ពីរ​ឆ្នាំ​ជាប់​គ្នា​សម្រាប់​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ គឺ​ធ្លាក់​ពី​លេខ​១៤២ ក្នុង​ឆ្នាំ​២០២២ មក​ចំណាត់ថ្នាក់​លេខ​១៥១ ដោយសារតែ​គេ​រក​ឃើញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​វាយប្រហារ និង​គាបសង្កត់​លើ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​កាន់តែ​ធ្ងន់ធ្ងរ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស