អ្នកប្រើប្រាស់បណ្ដាញសង្គម ហៅការបន្តតែងតាំងសាច់ញាតិ និងសែស្រឡាយក្នុងតំណែងធំនៅជួរកងទ័ព និងរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នេះ បង្ហាញថាមិនខុសពីការដឹកនាំនៅប្រទេសបង់ក្លាដេស ឡើយ។
នេះគេហៅថាមុខតំណែងសួពូជ ពោលគឺឪម៉ែធ្វើអ្វី កូនធ្វើអ៊ីចឹងដែរ។
ការលើកឡើងនេះ កើតមានបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានទូលថ្វាយព្រះមហាក្សត្រ ស្នើតែងតាំងកូនប្រុសមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង គឺលោក សៀ ទីន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។
អ្នកប្រើប្រាស់បណ្ដាញសង្គមឈ្មោះ Toem May បានបញ្ចេញមតិថា ការងារធំៗមានកន្លែងសម្រាប់កូនៗគេអស់ហើយ រីឯយើងតូចតាចមន្ត្រីធម្មតាទៅបានហើយ និងកុំនិយាយរឿងសមត្ថភាពអី ខ្ពើមនិយាយជាមួយសង្គមរិះគន់រដ្ឋាភិបាល។
ចំណែកហ្វេសប៊ុកឈ្មោះ យង់ សំរិត បានបញ្ចេញមតិដែរថា អាសូរតែមន្ត្រីចាស់ៗដែលអត់ខ្សែទេ ខ្លះធ្វើការសឹងមួយជីវិតរកស័ក្តិមួយមិនចង់បាន តែកូនគេមានខ្សែ ឡើងលឿនជាងកាំជណ្តើរទៀត ហើយអ្នកខ្លះទៀតថា ផែនការមួយនេះកំពុងតែនាំផ្លូវកម្ពុជាឱ្យដូចទៅនឹងប្រទេសបង់ក្លាដេស នៅពេលខាងមុខហើយ។
រីឯឈ្មោះ Sien Sam Ath និយាយថា ទោះបីជាប្រទេសកម្ពុជា មិនមានធ្វើច្បាប់ដូចនៅប្រទេសបង់ក្លាដេស ក៏ដោយ ប៉ុន្តែការងាររដ្ឋ តំណែងធំៗ គឺគេទុកតែឱ្យកូនចៅរបស់ពួកគេ ដូច្នេះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីប្រទេសបង់ក្លាដេស អ្នកស្រី សេក ហាស៊ីណា ដូចគ្នាបេះបិទ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ លើកឡើងថា ការមិនព្រមកែទម្រង់ និងបន្តតែងតាំងមនុស្សបែបគ្រួសារនិយម គឺជាការដាស់តឿនប្រជាពលរដ្ឋខ្មែរថា ដល់ពេលហើយដែលប្រជាពលរដ្ឋម្ចាស់ប្រទេសត្រូវស្រុះគ្នាចេញធ្វើបាតុកម្មទាមទារឱ្យមេដឹកនាំចុះចេញពីតំណែង ពីព្រោះគ្មានប្រជាពលរដ្ឋនៃប្រទេសប្រជាធិបតេយ្យណាដែលទទួលយកមេដឹកនាំមិនស្ដាប់សំឡេងប្រជាពលរដ្ឋនោះទេ។
លោកថា បើទុកប្រព័ន្ធគ្រួសារនិយមបែបនេះបន្តយូរទៅទៀត ប្រទេសកម្ពុជាទាំងមូល គ្រប់ស្ថាប័នតាំងពីថ្នាក់ក្រោមជាតិ ដល់ក្រសួងថ្នាក់ជាតិ គឺជាកម្មសិទ្ធិរបស់គ្រួសារ បុគ្គលតែប៉ុន្មានគ្រួសារនៅជុំវិញគ្រួសារនាយករដ្ឋមន្ត្រី ដែលសុទ្ធតែជាមនុស្សជាប់រឿងអាស្រូវឧក្រិដ្ឋកម្ម។ នេះច្បាស់ថា ប្រទេសកម្ពុជាទាំងមូលកំពុងតែដឹកនាំដោយក្រុមគ្រួសារឧក្រិដ្ឋជន ដែលពុំទាន់មានស្ថាប័នណាជម្រះសេចក្ដីនៅឡើយ។
លោក គឹម សុខ ថាឧក្រិដ្ឋជន គឺជាអ្នកបំផ្លាញជាតិ មិនមែនជាអ្នកជួយជាតិទេ ហើយរឹតតែគ្រោះថ្នាក់ទៅទៀត ពីព្រោះគ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាប់ឈ្មោះជាអ្នកយកទឹកដីកម្ពុជាទុកជាកម្មសិទ្ធិរបស់ខ្លួន ជាថ្នូរនឹងអំណាចគ្រួសារជាមួយចៅហ្វាយវៀតណាម របស់ពួកគេ។ ម្ល៉ោះហើយ លោកថាការតែងតាំងសាច់ញាតិចាក់ស្រេះក្នុងជួររាជរដ្ឋាភិបាល មិនខុសពីដាក់មនុស្សទាំងនោះឱ្យក្លាយជាខ្នងបង្អែកការពារនយោបាយបម្រើប្រយោជន៍ឈ្លានពានរបស់បរទេសវៀតណាម នោះដែរ៕