26.6 C
Phnom Penh

រដ្ឋអំណាច​កម្ពុជា​បណ្តេញ​ជនជាតិ​យៀកណាម​ខុស​ច្បាប់ ២៨​នាក់​ទៅ​ស្រុក​វិញ​តាម​ច្រក​បាវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្តេញ​ជនជាតិ​វៀតណាម ចំនួន ២៨​នាក់ ក្នុង​នោះ​ស្រី ៦​នាក់​ចេញពី​ប្រទេស​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់ គ្មាន​លិខិត​ឆ្លងដែន និង​កាន់កាប់​ល្បែង​អនឡាញ។

យោង​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១២ សីហា នេះ ជនជាតិ​វៀតណាម សរុប​ចំនួន ២៨​នាក់ ត្រូវ​បញ្ជូន​ចេញពី​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែ​សីហា តាម​ប៉ុស្តិ៍ន​គរបាល​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង។

ប្រភព​ដដែល​អះអាង​ថា ការ​បណ្តេញ​ជនជាតិ​វៀតណាម ទាំងនោះ គឺ​ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់ គ្មាន​លិខិត​ឆ្លងដែន អ្នក​កាន់កាប់​ល្បែង​ស៊ីសង និង​អ្នក​ចាត់ចែង​ល្បែង​ស៊ីសង (ល្បែង​អនឡាញ)។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ធ្លាប់​អះអាង​ថា ប្រទេស​កម្ពុជា​រងគ្រោះ​ពី​ទង្វើ​ដែល​ជនបរទេស​តែងតែ​យក​ប្រទេស​នេះ​ជា​ទីតាំង​ប្រព្រឹត្ត​បទល្មើស។ ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ លោក​បាន​បញ្ជា​ឱ្យ​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា​ឱ្យ​បាន​ម៉ឺងម៉ាត់។

កាលពី​ខែ​មេសា ឆ្នាំ​២០២៤ កន្លង​មក អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​បណ្តេញ​ជនជាតិ​វៀតណាម ចំនួន ២៣១​នាក់​ចេញពី​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ព្រែកចាក។ ការ​បណ្តេញ​ជនជាតិ​វៀតណាម ទាំងនោះ ក្រោយពី​សមត្ថកិច្ច​រក​ឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​ពី​បទល្មើស​បទ​ឆបោក​តាម​អនឡាញ ដែល​ប្រព្រឹត្ត​នៅ​តាម ៣​ទីតាំង​ផ្សេង​គ្នា​ក្នុង​ខេត្ត​ព្រះសីហនុ។

គួរ​កត់សម្គាល់​ថា៖ ជនបរទេស​ទាំង​ជនជាតិ​យៀកណាម ទាំង​ជនជាតិ​ចិន ដែល​ត្រូវ​ចាប់​បញ្ជូន​ទៅវិញ ភាគច្រើន​ជា​ជនបរទេស​ចូល​ក្នុង​ទឹកដី​ខ្មែរ​មក​រកស៊ី​ខុស​ច្បាប់​ក្រៅ​ក្របខ័ណ្ឌ​បក្ស​ចាត់តាំង។ ចំណែកឯ​ជនបរទេស​ជិត​ឆ្ងាយ​ដែល​ចូល​មក​រស់នៅ​រកស៊ី​ក្នុង​ទឹកដី​ខ្មែរ​តាម​ទិស​បក្ស​ចាត់តាំង រដ្ឋអំណាច​បក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​ចាប់​បញ្ជូន​ទៅ​ស្រុកកំណើត​វិញ​ទេ។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​ឆ្នាំ​២០២២ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ប្រទេស​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​កម្រិត​៣ (Tier 3 Watch List) ដែល​បញ្ជាក់​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅឡើយ៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស