30 C
Phnom Penh

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ ប្រគល់​វត្ថុ​បុរាណ​ចំនួន ៥៦​រូប​មក​កម្ពុជា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋ​អាមេរិក​ប្រគល់​វត្ថុ​បុរាណ​ចំនួន ៥៦​រូប ដែល​ត្រូវ​បាន​លួច​ចេញពី​កម្ពុជា​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ដែល​គិត​មក​ដល់​ពេលនេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​សម្របសម្រួល​ក្នុង​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​ចំនួន​ជាង ១៥០​រូប។

ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ អ្នកស្រី Bridgette Walker ថ្លែង​ក្នុង​ពិធី​ទទួល​វត្ថុ​បុរាណ​ខ្មែរ ប្រារព្ធ​ធ្វើ​នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត អះអាង​ថា សហរដ្ឋ​អាមេរិក​គឺជា​ដៃគូ​ប្រកប​ដោយ​ការ​ប្ដេជ្ញា​ចិត្ត និង​ជា​ទី​ទុកចិត្ត​ក្នុង​ការ​ការពារ​ទ្រព្យសម្បត្តិ​វប្បធម៌​របស់​កម្ពុជា។ ការ​នាំ​យក​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​លួច​យក​ចេញ​ទៅ មក​កាន់​កន្លែង​ដើម​របស់​វា​វិញ គឺជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវតែ​ធ្វើ។

ប្រភព​ខាងលើ​អះអាង​ថា គិត​មក​ដល់​ពេលនេះ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​សម្របសម្រួល​ក្នុង​ការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​ចំនួន​ជាង ១៥០​រូប ដែល​ក្នុង​នោះ​រួម​មាន​ព្រះគណេស ជា​ព្រះ​ដំរី ក្នុង​សាសនា​ហិណ្ឌូ និង​រូបចម្លាក់​ព្រះស្កន្ធ​គង់​លើ​ក្ងោក ជា​រចនាបថ​សតវត្ស​ទី​១០ ដែល​រូបចម្លាក់​ទាំង​ពីរ​នេះ​ត្រូវ​បាន​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា នា​រាជធានី​ភ្នំពេញ។

ការ​ប្រគល់​វត្ថុ​បុរាណ​ទាំងនេះ អាច​ធ្វើ​ទៅ​បាន​ក្រោម​អនុស្សរណៈ​យោគយល់​គ្នា​ផ្នែក​សម្បត្តិ​វប្បធម៌​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​បន្ត​នៅ​ខែ​សីហា ឆ្នាំ​២០២៣ សម្រាប់​រយៈពេល​បន្ថែម​ចំនួន ៥​ឆ្នាំ​ទៀត។

លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា កម្ពុជា​ទទួល​បាន​វត្ថុ​បុរាណ​ដែល​គេ​បាន​លួច និង​ជួញដូរ​លក់​នៅ​បរទេស​សរុប​ចំនួន ១០៩៨ ពី​ប្រទេស​ចំនួន ១៥ រួម​មាន​អាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ចិន និង​ថៃ ជាដើម ក្នុង​រយៈពេល ២៨​ឆ្នាំ​ចុងក្រោយ​នេះ។

លោក​ថា វត្ថុ​បុរាណ​ដែល​ទទួល​បាន​មក​វិញ​នា​ពេលនេះ គឺជា​មរតក​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់​ថ្លៃ​បាន​ចំពោះ​ប្រជាជន​កម្ពុជា។ លោក​នៅតែ​ទទូច​សុំ​ឱ្យ​សារមន្ទីរ ស្ថាប័ន​នានា និង​អ្នក​រក្សាទុក​វត្ថុ​បុរាណ​ខ្មែរ​នៅ​បរទេស បន្ត​ប្រគល់​វត្ថុ​បុរាណ​របស់​ខ្មែរ​ទាំងអស់​ដោយ​ស្ម័គ្រចិត្ត​មក​ឱ្យ​កម្ពុជា​វិញ។

កិច្ចសហការ​គ្នា​ផ្នែក​វប្បធម៌​រវាង​អាមេរិក និង​កម្ពុជា ក៏​រួម​មាន​ផង​ដែរ​នូវ​ការ​វិនិយោគ​សរុប​ចំនួន ៦​លាន​ដុល្លារ​សម្រាប់​ការ​អភិរក្ស​វប្បធម៌​តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ និង​គម្រោង​ផ្សេងៗ​ទៀត។

សកម្មភាព​ទាំងនេះ​រួម​មាន​ការ​ជួសជុល​ប្រាសាទ​ភ្នំបាខែង ពី​សតវត្ស​ទី​៩ ដែល​ស្ថិត​នៅ​ក្នុង​ឧទ្យាន​បុរាណ​អង្គរ និង​ប្រាសាទ​ព្រះវិហារ ដែល​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស