អង្គភាពគ្រប់គ្រងឃ្លាំងអាវុធយោធភូមិភាគទី៤ ចាត់ទុកការផ្សព្វផ្សាយនូវអំពើពុករលួយរបស់អនុសេនីយ៍ត្រី រ័ត្ន ទីណា ដែលប្រចាំការនៅយោធភូមិភាគទី៤ ទិសកណ្តាល អូកូនតឹង គឺជាចេតនាបង្កឱ្យមានការភ័ន្តច្រឡំពីសំណាក់ស្រទាប់មហាជនមកលើអង្គភាពទ័ព។
យោងតាមសេចក្តីបំភ្លឺមួយពីអង្គភាពគ្រប់គ្រងឃ្លាំងអាវុធនៃយោធភូមិភាគទី៤ ទៅកាន់មេបញ្ជាការរងកងទ័ពជើងគោក កាលពីថ្ងៃទី២ ខែកញ្ញា ដែលទើបនឹងផ្សព្វផ្សាយនៅថ្ងៃទី៣ កញ្ញា នេះថា លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា ជាទូទៅតែងតែដើរហើរសេរី មិនគោរពបទបញ្ជាមេបញ្ជាការគ្រប់ជាន់ថ្នាក់ និងជាពិសេសមិនគោរពវិន័យកងទ័ពនៃកងយោធពលខេមរភូមិន្ទឡើយ។
ប្រភពដដែលលើកឡើងថា អំឡុងពេលអនុវត្តបទបញ្ជាថ្នាក់លើឱ្យប្រមូលផ្ដុំកម្លាំងត្រៀមដែលបានអនុវត្តចាប់ពីយប់ថ្ងៃទី១៦ ខែសីហា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកអនុសេនីយ៍ត្រី រ័ត្ន ទីណា បានប្រចាំការនៅបន្ទាយ ប៉ុន្តែនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ក៏បាត់មុខគាត់ពីអង្គភាព ដោយមិនបានសុំច្បាប់មេបញ្ជាការដែលជាថ្នាក់លើរបស់ខ្លួន។
ប្រភពដដែលបញ្ជាក់ថា លោក រ័ត្ន ទីណា បានបាត់មុខពីអង្គភាព និងបានឡាយវីដេអូវាយប្រហារមកលើលោកមេបញ្ជាការនៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ ព្រមទាំងបានចោទប្រកាន់បំផ្លើសខុសពីការពិត និងបានញុះញង់បង្កើតបញ្ហា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ជាពិសេសញុះញង់បំបាក់ស្មារតីសាមគ្គីភាពរបស់កងទ័ពនៅក្នុងអង្គភាព ដែលជាគំរូអាក្រក់ដល់យោធិនគ្រប់រូបផងដែរ។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក រ័ត្ន ទីណា បានទម្លាយតាមបណ្ដាញសង្គមហ្វេសប៊ុកដោយប្រើគណនីហ្វេសប៊ុកឈ្មោះ Gidi Jing ថា មេបញ្ជាការយោធភូមិភាគទី៤ លោក ប្រាក់ សារ៉ាន់ ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរពីការដាក់កម្លាំងកងទ័ពចូលក្នុងអង្គភាព ដើម្បីបង្ហាញជារូបភាពឱ្យឃើញថាអង្គភាពរបស់ខ្លួនមានកម្លាំងកងទ័ពច្រើន។
មន្ត្រីកងកម្លាំងប្រដាប់អាវុធរូបនេះលើកឡើងថា នាយទាហានមួយចំនួននៅក្នុងអង្គភាពសុទ្ធតែក្មេងមិនគ្រប់អាយុ និងគ្រប់លក្ខណៈសម្បត្តិចូលបម្រើក្នុងជួរកងទ័ពទេ ព្រោះពួកគេមានអាយុទើបតែប្រមាណជា ១៤ ទៅ ១៥ឆ្នាំប៉ុណ្ណោះ។ ក្រៅពីនេះទៀត ទោះជាក្នុងអង្គភាពកើតមានរឿងអាស្រូវអំពើពុករលួយ ដូចជា មានការលួចគ្រាប់កាំភ្លើងចេញពីឃ្លាំងក៏ដោយ ក៏លោក ប្រាក់ សារ៉ាន់ មិនមានចំណាត់ការច្បាប់លើអ្នកប្រព្រឹត្តល្មើសដែរ។
លោកអះអាងថា រាល់ពេលប្រជុំប្រមូលផ្ដុំកម្លាំងម្តងៗ អ្នកដែលមានឈ្មោះជានាយទាហានពិតប្រាកដភាគច្រើនមានតែឈ្មោះប៉ុណ្ណោះ ខណៈសាមីខ្លួនពិតប្រាកដមិនដឹងនៅទីណាទេ ទាល់តែមានការប្រជុំបញ្ជូនសេចក្តីរាយការណ៍ធំម្តងៗ ទើបប្រមូលមនុស្សសូម្បីតែកូនក្មេងមកឱ្យស្លៀកសម្លៀកបំពាក់កងទ័ពដើម្បីថតយករូបភាពបង្ហាញថ្នាក់លើដែរ។
មន្ត្រីក្នុងកងទ័ពមួយចំនួនទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៣ កញ្ញា នេះថា មន្ត្រីកងកម្លាំងស្ទើរតែទូទាំងប្រទេសសព្វថ្ងៃនេះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់មេៗតាមភូមិភាគយ៉ាងណែន ព្រោះប្រាក់បៀវត្សរបស់ពួកគេត្រូវមេៗទាំងនោះជាអ្នកបើកឱ្យដោយផ្ទាល់ ដូច្នេះបើពលទាហានរូបណាហ៊ានប្រឆាំង ឬធ្វើឱ្យមេទាស់ចិត្ត គេនឹងកាត់ប្រាក់ខែក្នុងចំណែកណាមួយភ្លាមៗក្រោមលេសផ្សេងៗ។
មន្ត្រីទាំងនេះរៀបរាប់ថា គ្រប់អង្គភាពនៅទូទាំងប្រទេស អង្គភាពណាក៏មានឈ្មោះខ្មោចដែរ ព្រោះមេបញ្ជាការតាមភូមិភាគនីមួយៗ តែងតែរក្សាឈ្មោះខ្មោចទាំងនោះទុកដើម្បីប្រមូលប្រាក់ខែរបស់ពួកគេដាក់ហោប៉ៅខ្លួនឯង។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក ប្រាក់ សារ៉ាន់ សុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយទេ៕