29 C
Phnom Penh

លោក អ៊ុំ សំអាន រិះគន់​ការ​តែងតាំង​ស្ត្រី​កូនកាត់​ខ្មែរ-វៀតណាម​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ព្រះបរមរាជវាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លើកឡើង​ថា អ្នកស្រី គង់ បញ្ញា ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ទូល​ថ្វាយ​ព្រះមហាក្សត្រ​ឱ្យ​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​អម​ក្រសួង​ព្រះបរមរាជវាំង គឺជា​កូនស្រី​របស់​លោក គង់ សំអុល ជាមួយ​ប្រពន្ធ​ជនជាតិ​វៀតណាម ដូច្នេះ​បង្ហាញ​ថា​វៀតណាម មាន​គោលបំណង​ចង់​គ្រប់គ្រង​ព្រះមហាក្សត្រ​ខ្មែរ។

ការ​លើកឡើង​នេះ បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ សុំ​តែងតាំង​កូនស្រី​របស់​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង លោក គង់ សំអុល គឺ​អ្នកស្រី គង់ បញ្ញា ជា​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួង​ព្រះបរមរាជវាំង ខណៈ​ឧកញ៉ា គុយ សុផល ត្រូវ​បាន​តែងតាំង​ជា​សម្ដេច​ចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ជំនួស​លោក គង់ សំអុល ដែល​ទើប​នឹង​ទទួល​មរណភាព។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​០៣ ខែ​កញ្ញា ថា លោកស្រី គង់ បញ្ញា គឺជា​កូន​របស់​លោក គង់ សំអុល ជាមួយ​ប្រពន្ធ​ក្រោយ​ជា​ជនជាតិ​វៀតណាម ដែល​អ្នកស្រី​ធ្លាប់​ធ្វើ​ជា​ពេទ្យ​ទាហាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ខណៈ​ប្រពន្ធដើម​របស់​លោក​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម ដោយ​បន្សល់​ទុក​កូន​ពីរ​នាក់។

លោក​បន្ថែម​ថា ការ​ដែល​លោក ហ៊ុន សែន តែងតាំង​លោកស្រី គង់ បញ្ញា បង្ហាញ​ថា​វៀតណាម មាន​គោលបំណង​ចង់​គ្រប់គ្រង​ព្រះមហាក្សត្រ​ទៀត ទើប​បាន​ជា​តែងតាំង​កូនកាត់​ខ្មែរ-វៀតណាម​ជា​ទេសរដ្ឋមន្ត្រី​អម​ក្រសួង​ព្រះបរមរាជវាំង។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ការ​តែងតាំង​កូនកាត់​ខ្មែរ-វៀតណាម ក្នុង​តំណែង​នេះ អាច​ជា​ផ្លូវ​របស់​វៀតណាម សម្រាប់​ថ្ងៃ​ក្រោយ​កាន់តែ​ងាយស្រួល​ជាង​មុន ប្រសិន​ពួកគេ​ចង់​បង្ខំ​ឱ្យ​ព្រះមហាក្សត្រ​ឡាយព្រះហស្ដលេខា​កាត់​ខេត្ត​ខ្មែរ​ទាំង ៤ ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ឬ​កាត់​ទឹកដី​ខ្មែរ​ផ្នែក​ខ្លះ ឬ​ដាក់​កម្ពុជា​ទាំងមូល​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន​របស់​ហូជីមិញ ដែល​គ្រប់គ្រង​ដោយ​វៀតណាម។

ការ​លើកឡើង​របស់​អតីត​តំណាង​គណបក្ស​ប្រឆាំង​នេះ បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​វៀតណាម​លើក​បន្តុប និង​ជួយ​ទ្រទ្រង់​ឱ្យ​ធ្វើ​មេដឹកនាំ​នៅ​ប្រទេស​កម្ពុជា បាន​ដាក់​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង អភិវឌ្ឍ​រួម​ជាមួយ​វៀតណាម ទោះបីជា​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ផ្ទុយ​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ក៏ដោយ។

ទាក់ទង​នឹង​ការ​ចោទប្រកាន់​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន នេះ សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​កូនស្រី​របស់​លោក គង់ សំអុល គឺ​អ្នកស្រី គង់ បញ្ញា បាន​ទេ​រហូត​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ។

លោក គង់ សំអុល គោរមងារ​ជា​សម្ដេច​ចៅហ្វាវាំង វរវៀងជ័យ​អធិបតី​ស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​មជ្ឈិម​បក្ស និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង។

តាម​ឯកសារ និង​ការ​បញ្ជាក់​ពី​សាក្សី​ជា​បញ្ញវន្ត និង​មន្ត្រី​ខ្មែរ​ពី​សម័យ​មុន ព្រះបរមរាជវាំង​សម្រាប់​ព្រះមហាក្សត្រ​ខ្មែរ​សម្បូរ​តែ​ជនជាតិ​យៀកណាម ធ្វើការ​តាំងពី​សម័យ​បុរាណ​មក​ម្ល៉េះ គឺ​គេ​មក​ផ្តុំ​គ្នា​រាប់​រយ​នាក់​ជា​អ្នក​បម្រើ​ហែហម​នៅ​ជុំវិញ​ស្តេច​ផែនដី​ខ្មែរ​ដែល​មាន​អំណាច តាមរយៈ​ការ​អភិសេក​រវាង​ព្រះរាជា​ខ្មែរ​ជាមួយ​រាជបុត្រី​នៃ​ព្រះចៅ​យៀកណាម តាមរយៈ​ការ​ឡើង​កាន់​អំណាច​ជ្រោមជ្រែង​ដោយ​ទាហាន​ស្តេច​យៀកណាម និង​តាមរយៈ​បារាំង នាំ​ជនជាតិ​យៀកណាម មក​ធ្វើ​ជា​ជំនួយការ ជា​ស្មៀន ជា​លេខាធិការ។ល។

ខ្មែរ​ក៏​ចាប់ផ្តើម​និយាយ​ភាសា​ខ្មែរ​លាយឡំ​នឹង​ភាសា​យៀកណាម ដែរ ឧទាហរណ៍​ដូចជា ដងទង់ ហៅថា ដងកើ គឺ​ព្រះអង្គ​ដងកើ ដែល​ខ្មែរ​រៀបចំ​តាំង​ជា​កន្លែង​បន់ស្រន់ បួងសួង ក៏​ចេញពី​ភាសា​យៀកណាម។ ពាក្យ​ថា ថី មាន​ន័យ​ថា គ្រូ ដែល​ប្រើ​ក្នុង​សម័យ​អាណាព្យាបាល​បារាំង សំដៅ​ចំពោះ​អ្នក​បម្រើការ​រាជការ​ជា​ស្មៀន លេខាធិការ ឬ​លេខានុការ ក៏​ជា​ភាសា​យៀកណាម នំ​បង្អែម និង​ចម្អាប​ផ្សេងៗ​មួយ​ចំនួន ក៏​ហៅ​តាម​ភាសា​យៀកណាម ដែរ ដូចជា​បាញ់ឌុក បាញ់ចានឿក បាញ់ឆែវ បាញ់ហយ បាញ់កាញ់។ល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស