31 C
Phnom Penh

មន្ត្រី​ចោទ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​គប់គិត​ជាមួយ​ឪពុកមា​កម្ចាត់​មន្ត្រី​ដែល​មិនមែន​ជា​បក្ខពួក​ខ្លួន​ចេញពី​ក្រសួង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន កំពុង​គប់គិត​ជាមួយ​លោក សូ ម៉ារ៉ា ដែល​ត្រូវ​ជា​ឪពុកមា​បង្កើត​របស់​ខ្លួន រៀបចំ​ល្បិចកល​កម្ចាត់​មន្ត្រី​ដែល​មិនមែន​ជា​សែស្រឡាយ​បក្ខពួក​ខ្លួន​ឱ្យ​អស់​ពី​ក្រសួង ដើម្បី​បញ្ចូល​មនុស្ស​ថ្មី​ដែល​ពួកគេ​បាន​រៀបចំ​ទុក។

មន្ត្រី​ក្រសួង​ទេសចរណ៍​ជាច្រើន​នាក់ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​៩ កញ្ញា នេះ​ថា លោក សុខ សូកេន បាន​ប្រើ​លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ឱ្យ​ប្រើ​ល្បិច​បង្ក​ភាព​ស្មុគស្មាញ​ដល់​មន្ត្រី​ចាស់ៗ​ទាំងអស់​ដែល​មិនមែន​ជា​បក្ខពួក​របស់​ពួកគេ។

ប្រភព​ដដែល​អះអាង​ថា មន្ត្រី​ចាស់ៗ​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក ថោង ខុន អតីត​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ អះអាង​ថា ពួកគេ​ពិបាក​ទ្រាំ​ក្នុង​បំណង​ឱ្យ​អ្នក​ទាំងនោះ​ចាកចេញ​ពី​ក្រសួង​ទេសចរណ៍​ឱ្យ​អស់ ហើយ​ពួកគេ​នឹង​ស្នើ​តែងតាំង​មនុស្ស​ថ្មី​ដែល​ពួកគេ​បាន​បម្រុង​ទុក​ជំនួស​តំណែង​អ្នក​ទាំងនោះ។

មន្ត្រី​ក្រសួង​ទេសចរណ៍​ដដែល​នេះ​អះអាង​ថា លោក សូ ម៉ារ៉ា បាន​ប្រើ​ល្បិច​លាប​ពណ៌​មន្ត្រី​ទាំងនោះ បន្ទាប់​មក​ក៏​បាន​ទាមទារ​ឱ្យ​លោក សុខ សូកេន ដក​ពួកគេ​ចេញពី​ក្រសួង​តែម្តង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មន្ត្រី​ក្នុង​ក្រសួង​ជាច្រើន​នាក់​កើត​ចិត្ត​ស្អប់​ទាំង​លោក សូ ម៉ារ៉ា និង​លោក សុខ សូកេន​កាន់តែ​ខ្លាំង​សព្វថ្ងៃ​នេះ ក្នុង​នោះ​មន្ត្រី​មួយ​ចំនួន​ក៏​បាន​ផ្ទេរ​ចេញពី​ក្រសួង​ទេសចរណ៍ ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា សព្វថ្ងៃ​នេះ ក្រសួង​ទេសចរណ៍ ស្ទើរតែ​មិនមែន​ជា​ស្ថាប័ន​រដ្ឋ​សម្រាប់​បម្រើ​ពលរដ្ឋ ឬ​ជា​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ទៅ​ហើយ ប៉ុន្តែ​វា​ស្ទើរតែ​ក្លាយ​ជា​ស្ថាប័ន​ឯកជន​មួយ​របស់​សាច់ញាតិ​លោក សុខ សូកេន សម្រាប់​ប្រព្រឹត្ត​អំពើពុករលួយ និង​ចង​បណ្ដាញ​សែស្រឡាយ​បក្ខពួក​តែប៉ុណ្ណោះ។

មន្ត្រី​ដដែល​នេះ​បញ្ជាក់​ថា អ្វី​ដែល​លោក សុខ សូកេន និង​លោក សូ ម៉ារ៉ា ហ៊ាន​ធ្វើ​បែប​នេះ គឺ​ដោយ​សំអាង​ថា​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ជឿ​តែ​ពួកគេ​ប៉ុណ្ណោះ ខណៈ​មន្ត្រី​ផ្សេង​ទៀត លោក ហ៊ុន ម៉ាណែត នឹង​មិន​ជឿ​សម្ដី​ពួកគេ​ឡើយ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មន្ត្រី​ក្នុង​ក្រសួង​ទេសចរណ៍​មួយ​ចំនួន បាន​ផ្លាស់​ចេញពី​ក្រសួង​ទេសចរណ៍ ទៅ​បម្រើ​ការ​នៅ​ក្រសួង​ផ្សេង ដូចជា ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជាដើម ខណៈ​មាន​មន្ត្រី​ខ្លះ​ទៀត​ក៏​កំពុង​ត្រៀម​ផ្លាស់​ចេញ​បន្ត​ទៀត​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ចងក្រង​សែស្រឡាយ​បក្ខពួក​ក្នុង​ស្ថាប័ន​រដ្ឋ គឺ​គ្រួសារ​លោក ហ៊ុន សែន ជា​មេ​នាំអាទិ៍​មុន​គេ ព្រោះ​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ សុទ្ធសឹងតែ​ជា​ចង្កោម​សាច់ញាតិ សែស្រឡាយ និង​បក្ខពួក គូកន​ក្នុង​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​ដែល​លោក ហ៊ុន សែន បាន​រៀបចំ​ទាំងអស់។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ការ​រៀបចំ​ឱ្យ​មាន​ការ​គ្រប់គ្រង​បែប​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​គ្រប់គ្រង​តាម​បែប​កុម្មុយនីស្ត​ផ្ដាច់ការ ដើម្បី​រក្សា​អំណាច​ត្រកូល​ហ៊ុន ព្រោះ​ថា​ពួកគេ​ត្រូវតែ​ប្រើ​សាច់ញាតិ និង​បក្ខពួក​ខ្លួនឯង​ឱ្យ​ទៅ​កាន់​អំណាច​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ឱ្យ​រឹងមាំ ដើម្បី​ធានា​ការ​គ្រប់គ្រង​អំណាច​បន្ត​ពូជ​តទៅ​ទៀត។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​លោក សុខ សូកេន និង​លោក សូ ម៉ារ៉ា ដើម្បី​សុំ​ការ​បំភ្លឺ​លើ​បញ្ហា​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស