ក្រសួងការងារ ប្រកាសថាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាក្នុងឆ្នាំ២០២៥ នឹងទទួលបាន ២០៨ដុល្លារអាមេរិកក្នុង ១ខែ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ សម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតបានកើនឡើងចំនួន ៤ដុល្លារអាមេរិកបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែ ២០៤ដុល្លារអាមេរិកប៉ុណ្ណោះក្នុង ១ខែ។
ក្រសួងការងារ លើកឡើងថា ការចរចាត្រីភាគីរវាងភាគីនិយោជក ភាគីតំណាងភាគីរាជរដ្ឋាភិបាល និងភាគីតំណាងកម្មករនិយោជិត បានកំណត់យកតួលេខ ២០៦ដុល្លារអាមេរិកក្នុង ១ខែ ខណៈនាយករដ្ឋមន្ត្រីកម្ពុជាបន្ថែម ២ដុល្លារអាមេរិកថែមទៀត ដែលគិតជាសរុបគឺមានចំនួន ២០៨ដុល្លារអាមេរិកក្នុង ១ខែ ហើយនឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។
ប្រភពដដែលបញ្ជាក់ថា ជាមធ្យម កម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលយ៉ាងតិចចាប់ពី ២២៥ដុល្លារអាមេរិកទៅដល់ ២៣៦ដុល្លារអាមេរិកក្នុង ១ខែ ដោយបូកបញ្ចូលជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត។
ក្រសួងការងារ បញ្ជាក់ថា ក្រៅពីការដំឡើងប្រាក់ឈ្នួលអប្បបរមា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក៏បានខិតខំសហការគ្នាកាត់បន្ថយបន្ទុកចំណាយនានារបស់កម្មករជាបន្តបន្ទាប់ផងដែរ។
ការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងទំហំទឹកប្រាក់ ២០៨ដុល្លារអាមេរិកនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថាជាទំហំទឹកប្រាក់តិចតួច ដែលមិនទ្រទ្រង់ជីវភាពកម្មករនិយោជិតឱ្យរស់នៅសមរម្យបាននៅឡើយ។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ កញ្ញា នេះថា ដើម្បីឱ្យដឹងថាការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងកម្រិតមួយសមរម្យ ទាល់តែភាគីក្រុមហ៊ុនបង្ហាញនូវទិន្នន័យអំពីកម្រិតចំណេញរបស់ពួកគេ។
លោកថា ធ្វើបែបនេះទើបអាចធានាបានក្នុងការបែងចែកទំហំប្រាក់ចំណេញដោយការកំណត់ជាប្រាក់ឈ្នួលអប្បបរមាឱ្យបានសមរម្យសម្រាប់កម្មករនិយោជិតទាំងអស់។
លោក សេក សុជាតិ លើកឡើងថា ជារួម ការអនុគ្រោះពន្ធលើមុខទំនិញ និងវត្ថុធាតុដើម ការផ្គត់ផ្គង់វិស័យឧស្សាហកម្មកាត់ដេរ ភាគច្រើនគឺនាំចូលពីប្រទេសចិន ដោយមិនបង់ពន្ធនោះទេ ដែលធ្វើឱ្យភាគីក្រុមហ៊ុនមានលទ្ធភាពចំណេញច្រើន។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតរូបនេះបញ្ជាក់ថា ផ្អែកតាមការសិក្សាស្រាវជ្រាវកន្លងមក បានបង្ហាញថា បើក្រុមហ៊ុនអ្នកបញ្ជាទិញ និងថៅកែរោងចក្រគ្រាន់តែបែងចែកបន្ថែមនៃប្រាក់ចំណេញត្រឹមតែ ០,៥០ដុល្លារអាមេរិកក្នុងតម្លៃទំនិញដែលពួកគេលក់នៅលើទីផ្សារ ក៏អាចឱ្យកម្មករទទួលបានប្រាក់ឈ្នួលខ្ពស់ដែរ ដែលអាចឱ្យពួកគេរស់នៅក្នុងជីវភាពសមរម្យពីការងារនេះ៕