31 C
Phnom Penh

លោក សុខ សូកេន ត្រូវ​បាន​ដក​តំណែង​ពី​ក្រសួង​ទេសចរណ៍​ឱ្យ​ទៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភា​កម្ពុជា អនុម័ត​ជា​ឯកច្ឆន្ទ​ទាំង ១០៦​សំឡេង ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន មក​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច ខណៈ​លោក ហួត ហាក់ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច ត្រូវ​ផ្លាស់ប្ដូរ​មក​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ វិញ។

រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​ដែល​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទាំង ១០៦​សំឡេង​លើ​ការ​ កែសម្រួល​សមាសភាព​រដ្ឋមន្ត្រី ២​រូប គឺ​លោក ហួត ហាក់ ឱ្យ​ទៅ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក សុខ សូកេន ត្រូវ​មក​កាន់​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច វិញ។

កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា​បាន​សម្រេច​កោះ​ប្រជុំ​វិសាមញ្ញ​មួយ​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ដើម្បី​ពិនិត្យ និង​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​ចំនួន ២​រូប​តាម​ការ​ស្នើសុំ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត។

ការ​កែសម្រួល​សមាសភាព​សមាជិក​គណៈរដ្ឋមន្ត្រី​នៅ​ពេលនេះ គឺជា​ការ​កែសម្រួល​លើកដំបូង​បំផុត​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ចាប់តាំងពី​រដ្ឋាភិបាល​ក្មេងខ្ចី​មួយ​នេះ​បាន​ដំណើរការ​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក។

ការ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ទាំង ២​រូប​នេះ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ពី​មូលហេតុ​ណា​មួយ​នៅឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា ការ​ផ្លាស់ប្ដូរ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក សុខ សូកេន រង​នូវ​ការ​រិះគន់​ជា​បន្តបន្ទាប់​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ ការ​ចងក្រង​បណ្ដាញ​បក្ខពួក​និយម និង​ការ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​ធ្លាក់​ចុះ​ចាប់តាំងពី​គាត់​ឡើង​កាន់​តំណែង​នេះ​មក។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កញ្ញា នេះ​ថា ការ​ផ្លាស់ប្ដូរ​នេះ គ្រាន់តែ​ជា​ការ​បង្ហាញ​រូបភាព​យកចិត្ត​ទុកដាក់​លើ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ តែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក គឹម សុខ លើកឡើង​ថា ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា ទាល់តែ​អាច​ស្ដារ​មុខមាត់​កម្ពុជា​ពី​ការ​ភ័យខ្លាច​របស់​មនុស្ស​ទូទៅ ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋកម្ម ការ​ជួញដូរ​មនុស្ស និង​ក្រុម​ម៉ាហ្វីយ៉ា ដែល​កំពុង​សម្ងំ​រស់នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ជា​មុន​សិន។ ជាង​នេះ​ទៀត ដើម្បី​កែទម្រង់​លុប​ប្រព័ន្ធ​ដែល​បង្កើត​ឧក្រិដ្ឋកម្ម​សព្វថ្ងៃ​នេះ លុះត្រាតែ​ដូរ​គណៈរដ្ឋមន្ត្រី​ទាំងមូល​ចេញ ឬ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​តែម្ដង តាមរយៈ​ការ​បោះឆ្នោត​ត្រឹមត្រូវ មិនមែន​គ្រាន់តែ​ដូរ​កៅអី​រដ្ឋមន្ត្រី​បែប​នេះ​ទេ។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា រដ្ឋមន្ត្រី​ទេសចរណ៍​ថ្មី​ក៏​គ្មាន​សក្ដានុពល​ជួយ​វិស័យ​ទេសចរណ៍​ដែរ ប៉ុន្តែ​អាច​ជា​បុគ្គល​សម្បូរ​គំនិត​បង្កើត​ព្រឹត្តិការណ៍ ដើម្បី​បិទ​បាំង​ទង្វើ​អសមត្ថភាព​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជាង​លោក សុខ សូកេន តែប៉ុណ្ណោះ។

លោក គឹម សុខ បញ្ជាក់​ថា សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត សុទ្ធតែ​ជាប់​សង្ស័យ​ដែល​ត្រូវ​ស៊ើបអង្កេត​ទាំងអស់ រួម​ទាំង​លោក ហ៊ុន ម៉ាណែត ផង មិន​មែន​តែ​លោក សុខ សូកេន ម្នាក់​នោះ​ទេ ពីព្រោះ​គណៈរដ្ឋមន្ត្រី​ខ្មែរ​បច្ចុប្បន្ន​នេះ គឺជា​គណៈរដ្ឋមន្ត្រី​ខុស​ច្បាប់ ជា​រដ្ឋាភិបាល​ផ្ដាច់ការ និង​ជា​ពួក​មេដឹកនាំ​ដែល​តែង​ចូលចិត្ត​រំលោភ​សិទ្ធិមនុស្ស។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ក្រសួង​ទេសចរណ៍​ជាច្រើន​នាក់​ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាលពី​ពេល​ថ្មីៗ​នេះ​ថា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន បាន​គប់គិត​ជាមួយ​លោក សូ ម៉ារ៉ា រៀបចំ​ល្បិចកល​កម្ចាត់​មន្ត្រី​ដែល​មិនមែន​ជា​សែស្រឡាយ​បក្ខពួក​របស់​ខ្លួន​ឱ្យ​អស់​ពី​ក្រសួង ដើម្បី​បញ្ចូល​មនុស្ស​ថ្មី​ដែល​ពួកគេ​បាន​រៀបចំ​ទុក​ក្នុង​បំណង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស