31 C
Phnom Penh

អ្នក​ឃ្លាំមើល​ព្រមាន​ពី​ទណ្ឌកម្ម​របស់​អាមេរិក​លើ​កម្ពុជា​ឱ្យ​ក្លាយ​ជា​រដ្ឋ​ឯកោ បើ​នៅ​បើក​ដៃ​ឱ្យ​ឧក្រិដ្ឋជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អះអាង​ថា បើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​នៅតែ​បន្ត​បើក​ដៃ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់ ជួញដូរ​មនុស្ស ចាប់​ជំរិត និង​ជួញដូរ​គ្រឿងញៀន នោះ​សហរដ្ឋ​អាមេរិក​ក៏​មិន​ញញើត​នឹង​ដាក់​ទណ្ឌកម្ម​ឱ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯកោ​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៩ កញ្ញា ថា បើ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា​ដែល​ជា​ប្រភព​លុយ​របស់​គ្រួសារ​លោក ហ៊ុន សែន រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ផ្ដាច់មុខ​របស់​ត្រកូល​មួយ​នេះ ក៏​នឹង​មិន​អាច​ដើរ​ទៅ​មុខ​បាន​ដែរ ដូចជា​ការ​ដាក់​ទណ្ឌកម្ម​លើ​ឧកញ៉ា ពុង ឃាវសែ ឧកញ៉ា គិត ម៉េង និង​ក្មួយបង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជាដើម។

លោក ម៉ែន ណាត លើកឡើង​ថា អាមេរិក​មិន​មែន​ចេះ​តែ​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​របស់​ប្រទេស​ណា​មួយ​នោះ​ទេ ព្រោះ​អាមេរិក​ច្រើន​តែ​ប្រើ​ការ​ចរចា ឬ​ការ​សម្របសម្រួល​ដើម្បី​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ដែល​ខ្លួន​បាន​កត់ត្រា​ទុក​នោះ ធ្វើការ​កែប្រែ ប៉ុន្តែ​ក្នុង​ករណី​អាមេរិក​មើល​ឃើញ​ថា​ពួកគេ​មិន​កែប្រែ​ទេ នោះ​ជម្រើស​គឺ​មាន​តែ​ដាក់​ទណ្ឌកម្ម​ប៉ុណ្ណោះ ដើម្បី​បញ្ឈប់​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​របស់​អ្នក​ទាំងនោះ​បាន។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ​អាច​ជះ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ខ្លះ​មែន ប៉ុន្តែ​បើ​បណ្តែត​បណ្តោយ​ឱ្យ​រដ្ឋាភិបាល​មួយ​នេះ​ធ្វើ​ជា​ខ្នងបង្អែក​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​បន្ត​ទៀត នោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ​ទេ សូម្បី​ពិភពលោក​ទាំងមូល ក៏​រង​នូវ​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ដោយសារ​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ដែរ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុយ ដាឡេ លើកឡើង​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ថា ដោយសារតែ​អំពើ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​នៅ​កម្ពុជា​កន្លង​មក គេ​បាន​រក​ឃើញ​ថា ពលរដ្ឋ​សហរដ្ឋ​អាមេរិក​បាន​ចាញ់បោក​ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ប្រមាណ​ជា ១០០​លាន​ដុល្លារ​អាមេរិក​ក្នុង ១​ឆ្នាំ ប៉ុន្តែ​គ្រាន់តែ​ការ​បោកប្រាស់​នៅ​កម្ពុជា​មួយ​ប៉ុណ្ណោះ ក៏​បាន​ធ្វើ​ឱ្យ​ពិភពលោក​ទាំងមូល​បាត់បង់​ទឹកប្រាក់​ប្រមាណ​ជាង ១​ម៉ឺន ២​ពាន់​លាន​ដុល្លារ​អាមេរិក​ដែរ​ក្នុង ១​ឆ្នាំៗ​ដែរ។

លោក អ៊ុយ ដាឡេ លើកឡើង​ថា ទណ្ឌកម្ម​របស់​អាមេរិក​លើ​លោក លី យ៉ុងផាត់ នៅ​ពេលនេះ​បាន​ធ្វើ​ឱ្យ​ចរន្ត​លុយ​របស់​គ្រួសារ​លោក ហ៊ុន សែន និង​លុយ​សម្រាប់​ចិញ្ចឹម​រដ្ឋាភិបាល​ត្រកូល​មួយ​នេះ រង​នូវ​វិបត្តិ​ធ្ងន់ធ្ងរ ព្រោះ​ការ​ចរាចរ​លុយ​លើ​ពិភពលោក គឺ​ត្រូវ​ប្រើ​រូបិយប័ណ្ណ​អាមេរិក គឺ​ប្រាក់​ដុល្លារ។

លោក​ថា ពួកគេ​មិន​អាច​បញ្ចេញ​សាច់ប្រាក់​របស់​ខ្លួន​សម្រាប់​ប្រើប្រាស់​បាន​ទូលំទូលាយ​ដូច​មុន​ទៀត​ទេ ត្បិត​លុយ​ដែល​ចរាចរណ៍​ទាំងអស់ គឺ​ត្រូវ​ត្រួតពិនិត្យ​ដោយ​ធនាគារ​កណ្តាល​របស់​អាមេរិក​គ្រប់​ពេល។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា តាម​ដង្ហើម​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​កំពុង​ដុនដាប​នៅ​ពេលនេះ រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៀត​នោះ រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ទំនង​ជា​មិន​អាច​បន្ត​ដឹកនាំ​សម្រាប់​អាណត្តិ​ថ្មី​បាន​ឡើយ ព្រោះ​ពលរដ្ឋ​ក៏​មិន​គាំទ្រ ខណៈ​ចំណង​ការទូត​ជាមួយ​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ក៏​រឹតតែ​រួម​តូច ដូចជា ប្រទេស​ស៊ុយអែត ដែល​បិទ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ការទូត​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ពេល​ថ្មីៗ​នេះ ជាដើម។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស (OFAC) របស់​សហរដ្ឋ​អាមេរិក អ្នកស្រី អេនឌ្រៀ ហ្កាកគី (Andrea M. Gacki) ធ្លាប់​បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា អាមេរិក​នឹង​មិន​ឈរ​ខាង​មន្ត្រី​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ឡើយ ហើយ​អាមេរិក​នឹង​នៅតែ​បន្ត​ផ្តល់​អាទិភាព​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​បញ្ហា​នេះ និង​ធ្វើការ​ដោយ​មិន​នឿយហត់ ដើម្បី​លើកកម្ពស់​គណនេយ្យភាព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ជានិច្ច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស