អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនជាតិវៀតណាម ចំនួន ៤៦នាក់ ក្នុងនោះស្រី ១៦នាក់ ដែលស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា ទៅប្រទេសវៀតណាម វិញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី៦ ខែតុលា។
សេចក្ដីប្រកាសព័ត៌មានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ជនជាតិវៀតណាម ទាំង ៤៦នាក់នោះ មាន ៤២នាក់លួចស្នាក់នៅ និងធ្វើការងារដោយខុសច្បាប់នៅខេត្តកំពត និង ៤នាក់ទៀតលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅខេត្តព្រះសីហនុ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់អះអាងថា ប្រទេសកម្ពុជារងគ្រោះពីទង្វើដែលជនបរទេសតែងតែយកប្រទេសនេះជាទីតាំងប្រព្រឹត្តបទល្មើស។ លោកបន្តថា ដើម្បីការពារកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាលើឆាកអន្តរជាតិ លោកបានបញ្ជាឱ្យអង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់វិធានការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងឧក្រិដ្ឋកម្មឆ្លងដែននានាឱ្យបានម៉ឺងម៉ាត់។
នៅចន្លោះខែសីហា និងខែកញ្ញា ឆ្នាំ២០២៤ មានជនជាតិវៀតណាម សរុបចំនួន ១៤៦នាក់ហើយដែលចូលមករស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវបានបណ្ដេញចេញពីកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជានាពេលកន្លងមក។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily ថា ការបណ្ដេញជនជាតិវៀតណាមខុសច្បាប់ចេញពីកម្ពុជា ជារឿងល្អ ហើយក៏ត្រូវបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ដទៃៗទៀតដែរ។
លោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ត្រូវធ្វើការស៊ើបអង្កេតជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់រាប់លាននាក់នៅកម្ពុជា ជាពិសេសជនជាតិវៀតណាមរស់នៅលើផ្ទះបណ្តែតទឹកនៅបឹងទន្លេសាប និងតាមដងទន្លេមេគង្គ ជាដើម។
លោកបន្តថា មានតែរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យត្រឹមត្រូវទេ ទើបអាចផ្តល់ជំនឿទុកចិត្តបានខ្លះៗឡើងវិញពីពលរដ្ឋខ្មែរ។ បើមិនដូច្នោះទេ រដ្ឋាភិបាលសព្វថ្ងៃនេះនឹងរឹតតែរងថ្មបាក់កាន់តែខ្លាំងពីរដ្ឋាភិបាលចាស់របស់លោក ហ៊ុន សែន កន្លងទៅតែប៉ុណ្ណោះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

