28.6 C
Phnom Penh

មហាអំណាច​សហរដ្ឋ​អាមេរិក​បន្ត​ឃ្លាំមើល​ទំនាក់ទំនង​ខ្មែរ-ចិន រឿង​មូលដ្ឋាន​នាវាចរណ៍​រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេបញ្ជាការ​កង​នាវាចរណ៍​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក អះអាង​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ឃ្លាំមើល​ទំនាក់ទំនង​របស់​ប្រទេស​ចិន នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ប៉ុន្តែ​សហរដ្ឋ​អាមេរិក​តែង​គោរព​អធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា​ចំពោះ​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​មូលដ្ឋាន​ទ័ព​របស់​ខ្លួន។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃទី​១៨ ធ្នូ ឧត្ដមនាវី Samuel J. Paparo មេបញ្ជាការ​កង​នាវាចរណ៍​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​តែង​គោរព​អធិបតេយ្យ​ប្រទេស​កម្ពុជា​ចំពោះ​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ជាមួយ​ប្រទេស​ចិន។

លោក​បញ្ជាក់​ថា វត្តមាន​នាវាចម្បាំង​អាមេរិកាំង​លើ​ដែនសមុទ្រ​ប្រទេស​កម្ពុជា គឺជា​ការ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក មិនមែន​ជា​ដំណើរ​មក​ញុះញង់​បំផ្លាញ​ទំនាក់ទំនង​ប្រទេស​ណា​ជាមួយ​ប្រទេស​ណា​នោះ​ទេ។

លោក Samuel J. Paparo អះអាង​ថា សហរដ្ឋ​អាមេរិក​នឹង​នៅតែ​បន្ត​ឃ្លាំមើល​ទំនាក់ទំនង​ជាក់ស្តែង​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។ លោក​ថា សហរដ្ឋ​អាមេរិក​ក៏​រង់ចាំ​ឱកាស​ចូល​មើល​មូលដ្ឋាន​ទ័ព​រាម​ដោយ​ផ្ទាល់​ភ្នែក​ក្នុង​ពេល​ណា​មួយ​ដែរ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ កាសែត​អាមេរិកាំង The Wall Street Journal បាន​ឱ្យ​ដឹង​ថា មន្ត្រី​អាមេរិក​បាន​ឃើញ​កិច្ចព្រមព្រៀង​សម្ងាត់​ដែល​អនុញ្ញាត​ឱ្យ​កងទ័ព​ជើងទឹក​រំដោះ​ប្រជាជន​ចិន ចូល​ប្រើប្រាស់​ផ្ដាច់មុខ​មួយ​ភាគ​បី​នៃ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម សម្រាប់​រយៈពេល​រហូត​ដល់ ៣០​ឆ្នាំ។

បើ​យោង​តាម​កិច្ចព្រមព្រៀង​កម្ពុជា-ចិន គឺជា​ការ​ផ្ដល់​ឱ្យ​ចិន​ផ្ដាច់មុខ​ក្នុង​ការ​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​កម្ពុជា ដែល​នាវាចម្បាំង​ចិន អាច​ដាក់​ពង្រាយ​ជា​អចិន្ត្រៃយ៍​ដូច​ការ​ស្រាវជ្រាវ​របស់​ក្រុម​មជ្ឈមណ្ឌល​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ ដែល​ថា​នាវាចម្បាំង​របស់​ចិន បាន​ដាក់​ពង្រាយ និង​ចូល​មក​កាន់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ដោយ​មាន​ការ​ដូរ​វេន​គ្នា។

ក្នុង​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ រវាង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​មេទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ឧត្ដមនាវី Samuel J. Paparo លោក ហ៊ុន ម៉ាណែត មាន​ជំនឿ​ថា​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​កម្ពុជា អាមេរិក​នឹង​កាន់តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ថែម​ទៀត។ លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​ការ​រុករក​អដ្ឋិ​ទាហាន​អាមេរិកាំង​ដែល​បាន​បាត់​ខ្លួន​នៅ​ស្រុក​ខ្មែរ និង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​សកម្មភាព​មួយ​ចំនួន។

ចំណែកឯ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក វង្ស ពិសេន បាន​ស្នើសុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ពិនិត្យ​មើល​លទ្ធភាព​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» និង​សមយុទ្ធ​ទេវតា​ប៉ាស៊ីហ្វិក (Pacific Angel) រួម​គ្នា​ឡើងវិញ បន្ទាប់ពី​កម្ពុជា​បាន​លុប​ចោល​តាំងពី​ឆ្នាំ​២០១៧។

នាវាចម្បាំង​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ឈ្មោះ USS SAVANNAH (LCS 28) ដែល​មាន​នាវិក​សរុប​ចំនួន ១០៣​នាក់ បាន​ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែ​ធ្នូ ដើម្បី​រឹតចំណង​មិត្តភាព និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ នាវាចម្បាំង​ប្រភេទ USS SAVANNAH (LCS 28) ជា​នាវា​ប្រយុទ្ធ​មាន​សមត្ថភាព​ផ្ទុក​មីស៊ីល​បាញ់​ឆ្ងាយ មាន​រ៉ាដា​បី​ប្រភេទ មាន​ល្បឿន​លឿន បត់បែន​រហ័ស មាន​លទ្ធភាព​ធ្វើ​ប្រតិបត្តិការ​ក្បែរ​ឆ្នេរ ហើយ​អាច​កម្ទេច​នាវាមុជទឹក និង​មីន​រាយ​ក្នុង​ទឹក៕

© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស