មន្ត្រីនៃក្រសួងសាធារណការ អះអាងថា លោករដ្ឋមន្ត្រីក្រសួងសាធារណការ ផ្អាកការបើកកញ្ចប់ដេញថ្លៃជាផ្លូវការលើកញ្ចប់ទី៤ ផ្លូវជាតិលេខ៤ ដែលត្រូវធ្វើឡើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីបើកការស៊ើបអង្កេតលើមន្ត្រីពុករលួយពាក់ព័ន្ធនឹងគម្រោងថែទាំផ្លូវនេះ។
ប្រភពពីមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៨ មករា នេះថា ការចេញលិខិតបដិសេធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពាក់ព័ន្ធនឹងលោក ផេង វិច្ចនោ រដ្ឋលេខាធិការក្រសួងសាធារណការ និងលោក ប៊ុន វាសនា មន្ត្រីតំណាងធនាគារពិភពលោក ជុំវិញករណីអំពើពុករលួយលើកញ្ចប់ទី៤ ផ្លូវជាតិលេខ៤ នេះ គ្រាន់តែជាការឆ្លើយយករួចខ្លួន ដើម្បីកុំឱ្យខូចកិត្តិយសរបស់ក្រសួងតែប៉ុណ្ណោះ។
មន្ត្រីទាំងនេះលើកឡើងថា ក្នុងលិខិតបដិសេធនេះ ក្រសួងមិនបានបង្ហាញពីការទម្លាក់ក្រុមហ៊ុនទាំង ១០ នោះថាធ្លាក់ផ្នែកបច្ចេកទេសត្រង់ចំណុចណាមួយនោះទេ ខណៈលិខិតដែលលោក ផេង វិច្ចនោ ផ្ញើទៅក្រុមហ៊ុនទាំង ១០ ដើម្បីទម្លាក់ក្រុមហ៊ុនទាំងនោះ ក៏គាត់មិនហ៊ានផ្សព្វផ្សាយជាសាធារណៈដែរ គឺធ្វើឡើងជាលក្ខណៈសម្ងាត់ទាំងអស់។
ប្រភពដដែលថា ក្រសួងសាធារណការ គួរតែបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីត្រួតពិនិត្យឯកសារដេញថ្លៃឡើងវិញចំពោះក្រុមហ៊ុនទាំង ១០ ដែលក្រុមលោក ផេង វិច្ចនោ និងលោក ប៊ុន វាសនា បានចេញលិខិតទម្លាក់ដោយខ្វះតម្លាភាពនាពេលកន្លងមកនោះ។ ជាងនេះទៀត ក៏ត្រូវត្រួតពិនិត្យក្រុមហ៊ុនទាំង ៤ ដែលក្រុមលោក ផេង វិច្ចនោ និងលោក ប៊ុន វាសនា បានសម្រេចទទួលស្គាល់ថាជាក្រុមហ៊ុនជាប់លក្ខណៈបច្ចេកទេសក្នុងការដេញថ្លៃកញ្ចប់ទី៤ ផ្លូវជាតិលេខ៤ នេះដែរ នោះទើបអាចបញ្ជាក់ថាការដេញថ្លៃលើគម្រោងនេះមានភាពយុត្តិធម៌ និងតម្លាភាព។
មន្ត្រីដដែលនេះទម្លាយថា ក្រុមហ៊ុន ប៉ូលី ចិន្តា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក ផេង វិច្ចនោ ដែលជាប្រធានគម្រោង និងលោក ប៊ុន វាសនា ដែលជាមន្ត្រីតំណាងធនាគារពិភពលោកនៅកម្ពុជា ក្នុងអំពើពុករលួយនេះជាយូរណាស់មកហើយ ដូច្នេះហើយបានជាគម្រោងជាច្រើនតែងតែបានទៅលើក្រុមហ៊ុននេះរហូតមក។
ជាក់ស្តែង ការសាងសង់ស្ពានជិត ៤០ស្ពានតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទំហំទឹកប្រាក់ជាង ៣៥លានដុល្លារអាមេរិក គម្រោងសាងសង់ផ្លូវជាតិលេខ៣៧៧ គម្រោងសាងសង់ផ្លូវជាតិលេខ៣៧៧A និងគម្រោងសាងសង់ផ្លូវជាតិលេខ៧A ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តក្រចេះ ក្នុងទំហំទឹកប្រាក់ជិត ៣០លានដុល្លារអាមេរិក ជាដើម សុទ្ធតែបានទៅលើក្រុមហ៊ុន ប៉ូលី ចិន្តា ក្រោមអំពើពុករលួយទាំងអស់។
ប្រភពមន្ត្រីទាំងនេះបញ្ជាក់ថា ដើម្បីប្រព្រឹត្តអំពើពុករលួយមានសុវត្ថិភាព លោក ផេង វិច្ចនោ បានរៀបចំឱ្យបងថ្លៃរបស់គាត់ គឺលោក សុខ សំអន កាន់តំណែងជាប្រធានអង្គភាពលទ្ធកម្ម និងបងប្អូនសាច់សាលោហិតរបស់គាត់ជាច្រើនទៀតក្នុងអង្គភាពលទ្ធកម្មនេះ។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីបំភ្លឺមួយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី៧ មករា នេះថា ក្រសួងមិនបានធ្វើការចរចាណាមួយជាមួយក្រុមហ៊ុន ប៉ូលី ចិន្តា ស្ដីពីការប្រគល់កំណាត់ផ្លូវជាតិលេខ៤ ទៅឱ្យក្រុមហ៊ុននេះ ជាថ្នូរនឹងទឹកប្រាក់ណាមួយនោះទេ។
កញ្ចប់ទី៤ គម្រោងថែទាំផ្លូវជាតិលេខ៤ គឺចាប់ផ្តើមពីចំណុចភូមិសាស្ត្រស្រែអំបិល រហូតដល់សង្កាត់វាលរេញ ដែលមានចម្ងាយជាង ៤៣គីឡូម៉ែត្រ គឺចាប់ពីចំណុច Pk143 ទៅ Pk186 ក្រោមកញ្ចប់ថវិកាជាង ១០លានដុល្លារអាមេរិក ដែលជាកម្ចីរបស់ធនាគារពិភពលោក (world bank) សម្រាប់ដាក់ឱ្យក្រុមហ៊ុនឯកជនដេញថ្លៃ។
សារព័ត៌មាន The Cambodia Daily មិនអាចទាក់ទងលោក ផេង វិច្ចនោ និងលោក ប៊ុន វាសនា ដើម្បីសុំការបំភ្លឺអំពីបញ្ហានេះបាននៅឡើយទេដោយទូរសព្ទមិនចូល៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

