27.5 C
Phnom Penh

មន្ត្រី​ក្រសួង​សាធារណការ៖ រដ្ឋមន្ត្រី​កំពុង​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​គម្រោង​ថែទាំ​ផ្លូវជាតិ​លេខ​៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នៃ​ក្រសួង​សាធារណការ អះអាង​ថា លោក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ផ្អាក​ការ​បើក​កញ្ចប់​ដេញថ្លៃ​ជា​ផ្លូវការ​លើ​កញ្ចប់​ទី​៤ ផ្លូវជាតិ​លេខ​៤ ដែល​ត្រូវ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ដើម្បី​បើក​ការស៊ើបអង្កេត​លើ​មន្ត្រី​ពុករលួយ​ពាក់ព័ន្ធ​នឹង​គម្រោង​ថែទាំ​ផ្លូវ​នេះ។

ប្រភព​ពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៨ មករា នេះ​ថា ការ​ចេញ​លិខិត​បដិសេធ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពាក់ព័ន្ធ​នឹង​លោក ផេង វិច្ចនោ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​លោក ប៊ុន វាសនា មន្ត្រី​តំណាង​ធនាគារ​ពិភពលោក ជុំវិញ​ករណី​អំពើពុករលួយ​លើ​កញ្ចប់​ទី​៤ ផ្លូវជាតិ​លេខ​៤ នេះ គ្រាន់តែ​ជា​ការ​ឆ្លើយ​យក​រួច​ខ្លួន ដើម្បី​កុំ​ឱ្យ​ខូច​កិត្តិយស​របស់​ក្រសួង​តែប៉ុណ្ណោះ។

មន្ត្រី​ទាំងនេះ​លើកឡើង​ថា ក្នុង​លិខិត​បដិសេធ​នេះ ក្រសួង​មិន​បាន​បង្ហាញ​ពី​ការ​ទម្លាក់​ក្រុមហ៊ុន​ទាំង ១០ នោះ​ថា​ធ្លាក់​ផ្នែក​បច្ចេកទេស​ត្រង់​ចំណុច​ណា​មួយ​នោះ​ទេ ខណៈ​លិខិត​ដែល​លោក ផេង វិច្ចនោ ផ្ញើ​ទៅ​ក្រុមហ៊ុន​ទាំង ១០ ដើម្បី​ទម្លាក់​ក្រុមហ៊ុន​ទាំងនោះ ក៏​គាត់​មិន​ហ៊ាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដែរ គឺ​ធ្វើ​ឡើង​ជា​លក្ខណៈ​សម្ងាត់​ទាំងអស់។

ប្រភព​ដដែល​ថា ក្រសួង​សាធារណការ គួរតែ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​ដេញថ្លៃ​ឡើងវិញ​ចំពោះ​ក្រុមហ៊ុន​ទាំង ១០ ដែល​ក្រុម​លោក ផេង វិច្ចនោ និង​លោក ប៊ុន វាសនា បាន​ចេញ​លិខិត​ទម្លាក់​ដោយ​ខ្វះ​តម្លាភាព​នា​ពេល​កន្លង​មក​នោះ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ត្រួតពិនិត្យ​ក្រុមហ៊ុន​ទាំង ៤ ដែល​ក្រុម​លោក ផេង វិច្ចនោ និង​លោក ប៊ុន វាសនា បាន​សម្រេច​ទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​ជាប់​លក្ខណៈ​បច្ចេកទេស​ក្នុង​ការ​ដេញថ្លៃ​កញ្ចប់​ទី​៤ ផ្លូវជាតិ​លេខ​៤ នេះ​ដែរ នោះ​ទើប​អាច​បញ្ជាក់​ថា​ការ​ដេញថ្លៃ​លើ​គម្រោង​នេះ​មាន​ភាព​យុត្តិធម៌ និង​តម្លាភាព។

មន្ត្រី​ដដែល​នេះ​ទម្លាយ​ថា ក្រុមហ៊ុន ប៉ូលី ចិន្តា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ផេង វិច្ចនោ ដែល​ជា​ប្រធាន​គម្រោង និង​លោក ប៊ុន វាសនា ដែល​ជា​មន្ត្រី​តំណាង​ធនាគារ​ពិភពលោក​នៅ​កម្ពុជា ក្នុង​អំពើពុករលួយ​នេះ​ជា​យូរ​ណាស់​មក​ហើយ ដូច្នេះ​ហើយ​បាន​ជា​គម្រោង​ជាច្រើន​តែងតែ​បាន​ទៅ​លើ​ក្រុមហ៊ុន​នេះ​រហូត​មក។

ជាក់ស្តែង ការ​សាងសង់​ស្ពាន​ជិត ៤០​ស្ពាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៣៥​លាន​ដុល្លារ​អាមេរិក គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៣៧៧ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៣៧៧A និង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧A ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៣០​លាន​ដុល្លារ​អាមេរិក ជាដើម សុទ្ធតែ​បាន​ទៅ​លើ​ក្រុមហ៊ុន ប៉ូលី ចិន្តា ក្រោម​អំពើពុករលួយ​ទាំងអស់។

ប្រភព​មន្ត្រី​ទាំងនេះ​បញ្ជាក់​ថា ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​មាន​សុវត្ថិភាព លោក ផេង វិច្ចនោ បាន​រៀបចំ​ឱ្យ​បងថ្លៃ​របស់​គាត់ គឺ​លោក សុខ សំអន កាន់​តំណែង​ជា​ប្រធាន​អង្គភាព​លទ្ធកម្ម និង​បងប្អូន​សាច់សាលោហិត​របស់​គាត់​ជាច្រើន​ទៀត​ក្នុង​អង្គភាព​លទ្ធកម្ម​នេះ។

កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៥ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​៧ មករា នេះ​ថា ក្រសួង​មិន​បាន​ធ្វើការ​ចរចា​ណា​មួយ​ជាមួយ​ក្រុមហ៊ុន ប៉ូលី ចិន្តា ស្ដីពី​ការ​ប្រគល់​កំណាត់​ផ្លូវជាតិ​លេខ​៤ ទៅ​ឱ្យ​ក្រុមហ៊ុន​នេះ ជា​ថ្នូរ​នឹង​ទឹកប្រាក់​ណា​មួយ​នោះ​ទេ។

កញ្ចប់​ទី​៤ គម្រោង​ថែទាំ​ផ្លូវជាតិ​លេខ​៤ គឺ​ចាប់ផ្តើម​ពី​ចំណុច​ភូមិសាស្ត្រ​ស្រែអំបិល រហូត​ដល់​សង្កាត់​វាលរេញ ដែល​មាន​ចម្ងាយ​ជាង ៤៣​គីឡូម៉ែត្រ គឺ​ចាប់ពី​ចំណុច Pk143 ទៅ Pk186 ក្រោម​កញ្ចប់​ថវិកា​ជាង ១០​លាន​ដុល្លារ​អាមេរិក ដែល​ជា​កម្ចី​របស់​ធនាគារ​ពិភពលោក (world bank) សម្រាប់​ដាក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដេញថ្លៃ។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​លោក ផេង វិច្ចនោ និង​លោក ប៊ុន វាសនា ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​ដោយ​ទូរសព្ទ​មិន​ចូល៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស